ព័ត៍មានទាន់​ហេតុការណ៏
Search

ប៉ៃលិន ជា​អតីត​សមរភូមិ​ក្តៅ បាន​ក្លាយ​ជា​តំបន់​អភិវឌ្ឍន៍ ធ្វើ​ឲ្យ​អ្នក​វិនិយោគ​ចិន មានការ​ចាប់​អារម្មណ៍​

​ប៉ៃលិន ​៖ ដោយ​សម្លឹង​ឃើញ​វឌ្ឍនភាព​ នៃ​ការ​រីកចម្រើន​របស់​ខេត្ត​ប៉ៃលិន ប្រទេស​កម្ពុជា ដែលជា​អតីត​សមរភូមិ​ប្រយុទ្ធ​ដ៏​ក្តៅគគុក បាន​ក្លាយជា​តំបន់​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​នោះ កាលពី​ចុង​សប្ដាហ៍​កន្លងទៅ លោក ផាន់ ចាន់​ធុល អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន បាន​ដឹកនាំ​គណៈ​ប្រតិភូ​ខេត្ត ,​លោក ស៊ុន យី អភិបាលក្រុង​ប៉ៃលិន ទៅ​បំពេញបេសកកម្ម​ផ្លូវការ នា​ខេត្ត Shanxi ប្រទេស​ចិន ដោយមាន​ការ​ស្វាគមន៍​ពី​លោក Dong Yibing អភិបាលក្រុង Lenfin ខេត្ត Shanxi ប្រទេស​ចិន​ផងដែរ​។​

​លោក ផាន់ ចាន់​ធុល អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍​ឲ្យ​អ្នកយក​ព័ត៌មាន​ដឹង​ថា​ ក្រុងប៉ៃលិន​របស់​កម្ពុជា ដែលជា​ទីក្រុង​ល្បីល្បាញ​កាលពី​អតីត​កាលនោះ បាន​បោះ​ជំហាន​ទៅមុខ ដោយ​ពេលនេះ​ ក៏បាន​ចាប់ដៃ​ចងសម្ព័ន្ធភាព លើ​កិច្ចសហប្រតិបត្តិការ ជាមួយ​ទីក្រុង​ដ៏​ធំ របស់​មិត្ត​ចិន ក្នុង​គោលបំណង ដើម្បី​ពង្រឹង និង​ពង្រីក​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ លើ​ការ​អភិវឌ្ឍ​ទីក្រុងឲ្យកាន់តែ​វិវឌ្ឍ​រីកចម្រើន ស្របតាម​គោលនយោបាយ នៃ​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ ដែល​ដាក់ចេញ​ដោយ​ប្រមុខ នៃ​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន ​សម្ដេច​តេ​ជោ ​ហ៊ុន សែន និង​លោក​ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង ផងដែរ​។

ឯកឧត្ដម​អភិបាលខេត្ត មានប្រសាសន៍​បន្ត​ថា​ ផ្តើមចេញពី​ទំនាក់ទំនង​ការទូត​ដ៏​យូរអង្វែង និង​កិច្ច​សហ​ប្រតិបត្តិការ​ទ្វេភាគី រវាង​ប្រទេស​ទាំងពីរ កម្ពុជា​- ចិន កាន់តែ​មាន​ភាព​ស៊ីជម្រៅ លើ​គ្រប់​វិស័យ ចាប់​តាំងពី​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី រហូត​ជា ដៃគូ​យុទ្ធសាស្ត្រ គ្រប់​ជ្រុងជ្រោយ​ក្នុង​ឆ្នាំ​២០១០ ជា​ពិសេស បន្ទាប់ពី​ជំនួប​ថ្នាក់ដឹកនាំ​កំពូល រវាង​ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា និង​លោក ស៊ី ជិន​ពីង ប្រធានាធិបតី សាធារណរដ្ឋ​ប្រជាមានិត​ចិន​នាពេល​កន្លងមក​ផងដែរ​។

​លោក​អភិបាលខេត្ត បាន​បន្តថា កិច្ចព្រមព្រៀង ដែល​ភាគី​ទាំងពីរ បាន​ចុះហត្ថលេខា ទី​១.ផ្លាស់ប្តូរ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ពាណិជ្ជកម្ម សិក្សាអប់រំ វប្បធម៌ កសិកម្ម ទេសចរណ៍ សុខាភិបាល បណ្ដុះបណ្ដាល​ផ្នែក​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​រីកចម្រើន​រួមគ្នា​, ទី​២. សម្រប​សម្រួល​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​ទស្សនកិច្ច​របស់​តំណាង​របស់ខ្លួន​ទៅវិញទៅមក​, ទី​៣.ភាគី​ទាំង​២​រក្សា​ទំនាក់ទំនង​ជាប្រចាំ ដើម្បី​និរន្តរភាព ​នៃ​ការ​ចង​សម្ព័ន្ធ​មេត្រី និង​ជំរុញ​ឲ្យ​មាន​កិច្ចពិភាក្សា​រវាង​ថ្នាក់​ដឹកនាំ​រដ្ឋបាល និង​មន្ទីរ​វិស័យ​ពាក់ព័ន្ធ ដើម្បី​ធ្វើ​កិច្ចសហប្រតិបត្តិការ ផ្លាស់ប្ដូរ​ជា​ទ្វេភាគី ក្នុង​ករណី​ដែល​ភាគី​ទាំងពីរ មាន​ចំណាប់អារម្មណ៍ ដោយ​គោរព​តាមច្បាប់​ នៃ​ប្រទេស​ទាំងពីរ និង​ទី​៤.ភាគី​ទាំងពីរ បាន​ត្រៀមខ្លួន​ជាស្រេច ដើម្បី​អនុវត្ត​ការ​ផ្លាស់ប្ដូរ​កិច្ចសហប្រតិបត្តិការ ដោយ​ផ្អែកលើ​មូល​ដ្ឋាន សមភាព និង​ផលប្រយោជន៍​របស់​ភាគី​ទាំងពីរ។​

​ក្នុងឱកាស​ជួបពិភាក្សា​ការងារ​ជាមួយ ​លោក ផាន់ ចាន់​ធុល អភិបាល ​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន​នេះ​ដែរ លោក Dong Yibing អភិបាលក្រុង Lenfin សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​លើកឡើង​ថា នេះ​គឺជា​ថ្ងៃ​ប្រវត្តិសាស្ត្រ ដែល​ទីក្រុង​ទាំង​២ ប៉ៃលិន​- Lenfin បាន​ចុះហត្ថលេខា ចង​សម្ព័ន្ធ​មេត្រី​ភាពជា​មួយ​គ្នា និង​ជា​ដំណាក់កាល​អភិវឌ្ឍន៍​ផ្លាស់ប្ដូរ​បទពិសោធន៍ ក្នុងការ​អភិវឌ្ឍន៍​ទីក្រុង​រួមគ្នា ជាមួយគ្នានេះដែរ​ លោក ក៏បាន​បង្ហាញ​ពី​ជំហរ​យ៉ាង​ម៉ឺងម៉ាត់ ក្នុង​ការ​គាំទ្រ​គោល​នយោបាយ​ចិន​តែមួយ និង​ចូលរួម​យ៉ាងសកម្ម សម្រាប់​ផែនការ​ផ្លូវ​មួយ ខ្សែក្រវាត់​មួយ របស់​លោក ស៊ី ជិន​ពីង ប្រធានាធិបតី នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ហើយ​បានចាត់ទុក​មិត្តភាព​កម្ពុជា​-​ចិន គឺជា​មិត្ត​ដ៏​ល្អ ជា​ដៃគូ​រួមសុខទុក្ខ ជាមួយគ្នា ជួយ​គ្នា​ទៅវិញទៅមក អស់​រយៈពេល​ជាង​៦០​ឆ្នាំ​មក​ហើយ​ដែរ​។​

​សូមបញ្ជាក់ថា ក្នុង​ការ​បំពេញបេសកកម្ម​ផ្លូវការ នៅ​ក្រុង Lenfin ប្រទេស​ចិន លោក ផាន់ ចាន​ធុល អភិបាលខេត្ត​ប៉ៃលិន និង​គណៈប្រតិភូ​ខេត្ត បាន​អញ្ជើញ​ទស្សនកិច្ច សារមន្ទីរ​សង្ឃ​ហ្វា​សៀន ក្នុង​តំបន់​អេកូ​បរិស្ថាន​,​រោងចក្រ​ផលិត​គ្រឿងបន្លាស់​ធំជាងគេ ក្នុង​ក្រុង Linfen ព្រមទាំង​ជួប​សម្ដែង​ការ​គួរ​សម​ជាមួយ​លោក Lin Wu អនុ​លេខាធិការ​គណៈ​អភិបាលខេត្ត Shanxi និង​លោកស្រី Ly Yali លេខា​បក្ស និង​លោក Wang Xiao Bin អភិបាលស្រុក​ស៊ី​សៀន ខេត្ត​សាន​ស៊ី ដើម្បី​បង្កើត​កិច្ច​សហការ​លើ​គ្រប់​វិស័យ និង​ត្រៀម​ចង​សម្ព័ន្ធ​មេត្រីភាព​ជាមួយ​គ្នា​បន្ត​ទៀត​ផង​ដែរ​៕​

ដោយ ៖ សេង សុវណ្ណារិទ្ធ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114