ព័ត៍មានទាន់​ហេតុការណ៏
Search

បាតុករ​ស៊ូដង់​ ច្រានចោល​ផែនការ​បោះឆ្នោត​របស់​យោធា​ បន្ទាប់ពី​ការបង្ក្រាប​យ៉ាង​ឃោរ​ឃៅ

កាលពី​ថ្ងៃ​អង្គារ ចលនា​តវ៉ា​របស់​ប្រទេស​ស៊ូដង់​បាន​អំពាវនាវ​ឲ្យ​មានការ​ប្រមូលផ្ដុំ​ថ្មីៗ​ហើយ​បាន​ច្រានចោល​ផែនការ​បោះឆ្នោត​របស់​មេ​ដឹកនាំ​យោធា ​បន្ទាប់ពី​មនុស្ស​ជិត​៤០​នាក់​ ត្រូវបាន​សម្លាប់​នៅក្នុង​អ្វីដែល​ក្រុមបាតុករ​ហៅថា “​ការសម្លាប់​រង្គាល​បង្ហូរ​ឈាម​” ដោយ​កងកម្លាំង​សន្តិសុខ​។​

​មេដឹកនាំ​បាតុកម្ម​បាន​អំពាវនាវ​ឲ្យ​អ្នកគាំទ្រ​របស់​ពួកគេ​ចូលរួម​ក្នុងការ​ផ្ដួលរំលំ​ក្រុមប្រឹក្សា​យោធា​ដែល​កំពុងកាន់​អំណាច​ប​ន្ទា​ប់​ពី​ការបង្ក្រាប​ដ៏​សាហាវ​កាលពី​ថ្ងៃ​ចន្ទ​លើ​ការ​អង្គុយ​តវ៉ា​រយៈពេល​មួយ​សបា្ដហ៍​នៅ​ខាងក្រៅ​ទីស្នាក់ការ​កងទ័ព​ក្នុង​ទីក្រុង Khartoum​។​

​ក្រុមប្រឹក្សា​យោធា​អន្តរកាល​បាន​បណ្តេញ​ប្រធានាធិបតី​ជើងចាស់​លោក Omar al-Bashir នៅក្នុង​ខែមេសា​បន្ទាប់ពី​ការតវ៉ា​ច្រើន​ខែ​ប្រឆាំងនឹង​ការគ្រប់គ្រង​អំណាច​ផ្តាច់ការ​របស់លោក​ហើយ​បាន​ព្រមព្រៀង​ចំពោះ​អំឡុងពេល​នៃ​ការផ្លាស់ប្តូរ​រយៈពេល​បី​ឆ្នាំទៅ​ឲ្យ​រដ្ឋបាល​ស៊ីវិល​។​

​ប៉ុន្តែ​លោក Abdel Fattah al-Burhan អគ្គមេបញ្ជាការ​កងទ័ព​បាន​និយាយថា​ផែនការ​នេះ​ត្រូវបាន​គេ​ហាមឃាត់​ហើយ​ការបោះឆ្នោត​មួយ​នឹង​ប្រព្រឹត្តទៅ​នៅក្រោម​ការត្រួតពិនិត្យ​ថ្នាក់​តំបន់​និង​អន្ដរជាតិ​។​

​ទោះបីជា​យ៉ាងណាក៏ដោយ សមាគម​អ្នកជំនាញ​ស៊ូដង់ (SPA) ដែល​ដឹកនាំ​ការតវ៉ា​ប្រឆាំងនឹង​លោក Bashir បាន​ច្រានចោល​ការអំពាវនាវ​នេះ​។​

SPA បាន​និយាយថា សកម្មភាព​កាលពី​ថ្ងៃ​ចន្ទ​ប្រឆាំងនឹង​ការ​អង្គុយ​តវ៉ា​បាន​បង្ក​ទៅជា “​ការសម្លាប់​រង្គាល​បង្ហូ​រ​ឈាម​” ហើយ​បាន​អំពាវនាវ​ដល់​សហគម​ន៍​ពិភពលោក​ឲ្យ​កាត់ផ្តាច់​និង​បញ្ឈប់​ការដោះស្រាយ​ជាមួយនឹង​ក្រុមប្រឹក្សា​យោធា​។​

SPA ក៏បាន​អំពាវនាវ​ឲ្យ​មានការ​ស៊ើបអង្កេត​ឯករាជ្យ​មួយ​ចូលទៅក្នុង​ការសម្លាប់​នេះ​នៅក្រោម​ការត្រួតពិនិត្យ​ដោយ​អន្តរជាតិ​ផងដែរ​។​

​គណៈកម្មាធិការ​មជ្ឈិម​នៃ​ក្រុម​វេជ្ជបណ្ឌិត​ស៊ូដង់​បាន​និយាយថា មនុស្ស​ចំនួន​៤០​នាក់​ត្រូវបាន​សម្លាប់​កាលពី​ថ្ងៃ​ចន្ទ​និង​ថ្ងៃ​អង្គារ​ដោយ​ភាគច្រើន​នៅ​កន្លែង​អង្គុយ​តវ៉ា​ខណៈ​មនុស្ស​រាប់រយ​នាក់​បាន​រងរបួស​។​

​គណៈកម្មាធិការ​នេះ​បាន​បញ្ជាក់ថា ក្នុងចំណោម​អ្នកស្លាប់​គឺមាន​កុមារ​អាយុ​ប្រាំបី​ឆ្នាំ​ម្នាក់​៕ AFP

ដោយ ៖ វណ្ណ​វណ្ណ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114