ព័ត៍មានទាន់​ហេតុការណ៏
Search

កូរ៉េខាងជើង​ផ្អាក​ព្រឹត្តិការណ៍ Mass Games បន្ទាប់ពី​លោក គីម ខឹងសម្បា

ទីភ្នាក់ងារ​ទេសចរណ៍​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ប្រទេស​កូរ៉េខាងជើង​នឹង​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​របស់ខ្លួន​ដែលមាន​ឈ្មោះថា “Mass Games” ចាប់ពី​សប្តាហ៍​ក្រោយ​ទៅ​បន្ទាប់ពី​មេដឹកនាំ​គីម​ជុង​អ៊ុន​បានធ្វើ​ការរិះគន់​យ៉ាងខ្លាំង​ក្លា​លើ​ខ្លឹមសារ​នៃ​កម្មវិធី​នេះ​។​

​ទីភ្នាក់ងារ​ព័ត៌មាន KCNA ផ្លូវការ​បាន​រាយការណ៍​ថា​កម្មវិធី​ឆ្នាំនេះ​ដែលមាន​ចំណងជើង​ថា “The Land of the People” បានចាប់ផ្តើម​កាលពី​ថ្ងៃ​ចន្ទ​ហើយ​ត្រូវគេ​រំពឹងថា​នឹង​ដំណើរការ​រហូតដល់​ខែតុលា​។​

​ប៉ុន្តែ​លោក​គីម​ជុង​អ៊ុន​បាន​រិះគន់​យ៉ាងខ្លាំង​ក្លា​ដល់​អ្នកបង្កើត​ការសម្តែង​នេះ​ចំពោះ​ស្មារតី​ខុសពី​ការបង្កើត​និង​អាកប្បកិរិយា​ការងារ​មិនមាន​ភាព​ទទួលខុសត្រូវ​របស់​ពួកគេ​ហើយ​ចាប់តាំងពី​ពេល​នោះមក ទីភ្នាក់ងារ​ទេសចរណ៍​ដែល​រៀបចំ​ការធ្វើដំណើរ​ទៅកាន់​ប្រទេស​កូរ៉េខាងជើង​ត្រូវបាន​គេ​ប្រាប់ថា កម្មវិធី​នេះ​នឹងត្រូវ​ផ្អាក​ជា​បណ្ដោះអាសន្ន​។​

​ក្រុមហ៊ុន Koryo Tours ត្រូវបាន​គេ​ប្រាប់ថា ចាប់ពី​ថ្ងៃទី​១០​ខែមិថុនា​ទៅ ព្រឹត្តិការណ៍ Mass Games នឹងត្រូវ​ផ្អាក​ខណៈ​ការកែតម្រូវ​និង​ការផ្លាស់ប្តូរ​មួយចំនួន​ត្រូវបាន​ធ្វើឡើង​។ នេះ​បើតាម​សំដី​របស់​អ្នកចាត់ការ​ទូទៅ​លោក Simon Cockerell​។​

​លោក​បាន​ប្រាប់ AFP ថា គេ​មិនបាន​បញ្ជាក់​អំពី​ពេលវេលា​ដែល​ព្រឹត្តិការណ៍​នេះ​នឹង​ដំណើរការ​ឡើងវិញ​នោះទេ​។​

“​ការសម្តែង​កាយសម្ព័ន្ធ​ដ៏​អស្ចារ្យ​និង​ការសម្តែង​សិល្បៈ​” គឺមាន​លក្ខណៈពិសេស​បូករួម​នឹង​ចំនួន​មនុស្ស​ដ៏​ធំ​សម្បើម​ដែល​ភាគច្រើន​គឺជា​និស្សិត​និង​ក្មេងៗ​សិស្សសាលា​។​

​នៅ​ពីក្រោយ​ពួកគេ ក្មេងៗ​រាប់ពាន់នាក់​បាន​បើក​ទំព័រ​សៀវភៅ​ពណ៌​ដើម្បី​បង្កើតជា​ផ្ទាំង​រូបភាព​ដ៏​ធំធេង នៅ​ទូទាំង​ផ្នែក​ម្ខាង​នៃ​ពហុកីឡាដ្ឋាន​។​

​រូបថត​ពី​រាត្រី​បើក​ព្រឹត្តិការណ៍​នេះ​នៅឯ​ពហុ​កីឡដ្ឋាន May Day Stadium បានបង្ហាញ​ពី​អ្នក​សម្តែង​ដែល​គ្រវីទង់ជាតិ​និង​គប់​ដំបង​ដែល​បាន​ប្រមូល​ផ្តុំគ្នា​នៅ​ជុំវិញ​ផ្កា​ដ៏​ធំ​នៅលើ​ទីលាន​។​

​ពួកគេ​បាន​បង្កើតជា​ពាក្យស្លោក​ថា “​យើង​តែមួយ​”​។ ពាក្យស្លោក​ផ្សេងទៀត​សរសេរថា “​អរគុណ លោកឪពុក​គីម​ជុង​អ៊ុន​”៕

ដោយ ៖ វណ្ណ​វណ្ណ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114