ព័ត៍មានទាន់​ហេតុការណ៏
Search

រដ្ឋាភិបាល​ស្វី​ស នឹង​បន្ត​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា រយៈពេល​៤​ឆ្នាំ​ទៀត

ភ្នំពេញ ៖ រដ្ឋាភិបាល​សហព័ន្ធ​ស្វី​ស នឹង​បន្ត​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ សម្រាប់​មន្ទីរពេទ្យ​គន្ធបុប្ផា រយៈពេល​៤​ឆ្នាំ​ទៀត ដោយ​ចាប់ពី​ឆ្នាំ​២០១៩ ដល់​ឆ្នាំ​២០២៣ ក្នុង​មួយឆ្នាំៗ​ប្រមាណ​៤​លាន​ហ្វ្រ​ង់​ស្វី​ស នេះ​បើតាម​ការ​បញ្ជាក់​របស់​លោក កេ​ត សោ​ផាន់ អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្ដរជាតិ​កម្ពុជា ក្រោយ​ជំនួប​រវាង​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្ដរជាតិ​កម្ពុជា ជាមួយ​លោក Ivo Sieber ឯកអគ្គរដ្ឋទូត​សហព័ន្ធ​ស្វី​ស កាលពី​ព្រឹក​ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ​២០១៩ ខណៈ​លោក​ឯកអគ្គរដ្ឋទូត​បញ្ចប់​បេសកកម្ម​ការទូត ហើយ​ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា​។

លោក កេ​ត សោ​ផាន់ បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ក្រោយពី​ជំនួប​ពិភាក្សា​នោះ​ថា នៅក្នុង​ជំនួប​ទ្វេភាគី​នោះ លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង​លោក Ivo Sieber បាន​ពិភាក្សា​គ្នា​ទៅលើ​បញ្ហា​ពហុភាគី និង​ទ្វេភាគី​។ ដែល​លើ​បញ្ហា​ទ្វេភាគី ឯកអគ្គរដ្ឋទូត​បាន​បញ្ជាក់​ថា រដ្ឋាភិបាល​ស្វី​ស នឹង​បន្ត​គាំទ្រ​ហិរញ្ញវត្ថុ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​រយៈពេល​៤​ឆ្នាំ​ខាងមុខ (​ចាប់ពី​ឆ្នាំ​២០១៩ ដល់​ឆ្នាំ​២០២៣) ដែល​ក្នុង​មួយឆ្នាំៗ​ប្រមាណ​៤​លាន​ហ្វ្រ​ង់​ស្វី​ស និង​បន្ត​គាំទ្រ​ក្នុង​វិស័យ​ដោះមីន​។

លើ​បញ្ហា​មន្ទីរពេទ្យ​គន្ធបុប្ផា​នេះ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល​ស្វី​ស ហើយ​អះអាង​ថា រដ្ឋាភិបាល​ក៏​មាន​ផែនការ​មួយចំនួន ដើម្បី​ជួយ​ឲ្យ​មន្ទីរពេទ្យ​គន្ធបុប្ផា​នេះ បាន​ឲ្យ​ដំណើរការ​ទៅមុខ​ផង​ដែរ ដែល​មាន​ដូចជា ការផ្ដល់​ថវិកា​១០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ សម្រាប់​ដំណើរការ និង​៥​លាន​ដុល្លារ​សម្រាប់​មូលនិធិ​មន្ទីរពេទ្យ​គន្ធបុប្ផា ក៏ដូចជា​ការយក​២​ដុល្លារ ពី​តម្លៃ​លក់​សំបុត្រ​មួយ​សន្លឹក សម្រាប់​ចូល​ទស្សនា​ប្រាសាទ​អង្គរ​ជាដើម​។

ដោយឡែក​លើ​វិស័យ​ដោះមីន ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​អះអាងថា រដ្ឋាភិបាល​ស្វី​ស បាន​បន្ត​ផ្ដល់​កាដូ​ដ៏​ល្អ​ប្រសើរ​បំផុត សម្រាប់​ប្រជាជន​កម្ពុជា ដែល​ប្រាថ្នា​ចង់បាន​សុវត្ថិភាព គឺ​ចាប់ពី​ឆ្នាំ​២០០០ ដល់​២០១៩ ធ្វើអោយ​ជនរងគ្រោះ ដោយសារ​គ្រាប់មីន បាន​ថយចុះ​យ៉ាងខ្លាំង ដែល​ក្នុងនោះ កាលពី​ឆ្នាំ​២០០០ មាន​ប្រមាណ​មាន​ប្រមាណ​៤០០០​នាក់​ក្នុង​មួយឆ្នាំ ហើយ​មកដល់​បច្ចុប្បន្ន​នៅក្រោម​១០០​នាក់​ក្នុង​មួយឆ្នាំ​។

នៅក្នុង​វិស័យ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​នេះ​ផងដែរ​តាមរយៈ​ទីភ្នាក់ងារ​ផ្ដល់ជំនួយ​របស់​ស្វី​ស​នៅ​កម្ពុជា​ក៏មាន​កិច្ចសហប្រតិបត្តិការ​បណ្ដុះ​បណ្ដាល​អ្នកការទូត​ផងដែរ។

ចំណែក​នៅក្នុង​កិច្ចសហប្រតិបត្តិការ​ព​ហុ​ភាគី លោក កេ​ត សោ​ផាន់ អះអាង​ថា រដ្ឋាភិបាល​ស្វី​ស បាន​ថ្លែងអំណរគុណ​ដល់​កម្ពុជា​ផងដែរ ក្នុង​ការ​កម្ពុជា​បាន​គាំទ្រ​ប្រទេស​ស្វី​ស ឲ្យ​បាន​ក្លាយជា​ដៃគូ​សន្ទនា​ជាមួយ​អាស៊ាន ហើយ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ ក៏​សន្យា​គាំទ្រ​គ្នា​ទៅវិញទៅមក នៅក្នុង​យន្តការ​ទ្វេភាគី ជាពិសេស​នៅក្នុង​អង្គការ​យូណេស្កូ និង​នៅក្នុង​អង្គការសហប្រជាជាតិ​។

សូមបញ្ជាក់ថា នៅក្នុង​ជំនួប​នោះដែរ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​សំដែង​នូវ​ការរីករាយ ចំពោះ​ការ​រីកចម្រើន​នូវ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​នៅក្នុង​អាណត្តិ​ការទូត​របស់លោក Ivo Sieber ជា​ឯកអគ្គរដ្ឋទូត​សហព័ន្ធ​ស្វី​ស​ប្រចាំ​នៅ​កម្ពុជា តាមរយៈ​ការផ្លាស់ប្ដូរ​ទស្សនកិច្ច​រវាង​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ និង​ការពិគ្រោះ​យោបល់​ជា​ទៀងទាត់​រវាង​ក្រសួងការបរទេស​នៃ​ប្រទេស​ទាំងពីរ និង​ចុះ​កិច្ចព្រមព្រៀង​មួយចំនួន ដូចជា​កិច្ចព្រមព្រៀង​ស្ដីពី​កិច្ចសហប្រតិបត្តិការ​បច្ចេកទេស ហិរញ្ញវត្ថុ​, កិច្ច​សហប្រតិបត្តិការ​ផ្នែក​មនុស្សធម៌​, កិច្ចព្រមព្រៀង​ស្ដីពី​ការពិគ្រោះ​យោបល់​ទ្វេភាគី​រវាង​ក្រសួងការបរទេស​ទាំង​ពីរ និង​កិច្ចព្រមព្រៀង​ស្ដីពី​ការអភិវឌ្ឍ​ជំនាញ ដោយ​ផ្ដោត​ទៅ​លើ​ការបណ្ដុះបណ្ដាល​វិជ្ជាជីវៈ​៕
កោះ​កែវ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114