ព័ត៍មានទាន់​ហេតុការណ៏
Search

គ្រូបង្វឹក​របស់​ក្រុម​ជើងឯក​ឆ្នាំ​ចាស់​ណាហ្គា​វើ​ល និយាយ​ពីរ​បូត​កៅអី​កំពូល​តារាង

លោក មាស ចាន់ណា គ្រូ​បង្គោល​ក្លិប​ណាហ្គា​វើ​ល ដែលជា​ក្រុម​ជើងឯក​ឆ្នាំ​ចាស់​បានលើកឡើង​ពី​ទស្សនៈ​របស់លោក​ក្រោយ​ក្រុម​ធ្លាក់​ចេញពី​កៅអី​កំពូល​តារាង​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League) ត្រឹម​សប្ដាហ៍​ទី​១០ ពោលគឺ​បន្ទាប់ពី​ចាញ់​ក្រុម​បឹងកេត​អែ​ហ្វ​ស៊ី កាលពី​ចុង​សប្ដាហ៍​ថ្មីៗ​នេះ។

លោក មាស ចាន់ណា គ្រូបង្វឹក​ដែល​កំពុងតែ​កាន់​អាជ្ញា​ប័ណ្ណ AFC A License បាន​បញ្ជាក់​ថា «​ខ្ញុំ​ចង់​និយាយ​ថា​ យើង​ចាញ់​ដោយសារ​យើង​ស៊យ​។ បាល់ទាត់​កាលណា​គេ​ទាត់​ចូល​មួយ​គ្រាប់​ការប្រកួត​គឺ​ផ្លាស់ប្ដូរ បើ​យើង​កុំ​មាន​ប៉ះ​បង្គោល​ទី ២,៣ ដង យើង​ប្រហែលជា​អាច​ឈ្នះ​វិញ ឬក៏​យើង​នាំមុខ​មុន​យើង​អាច​ឈ្នះ​ងាយស្រួល ប៉ុន្តែ​បាល់ទាត់​គឺ​អញ្ចឹង គឺ​វា​ស៊យ ពិភពលោក​ត្រូវ​តែ​មាន ហើយ​ខ្ញុំ​ត្រៀមខ្លួន ត្រៀម​អារម្មណ៍​ផងដែរ ត្រៀម​អារម្មណ៍​ជួបប្រទះ​ថា​យើង​ល្អ​ហើយ តែ​ស៊យ​»​។

អតីត​កីឡាករ​ជម្រើសជាតិ​កម្ពុជា ខាងលើ​បាន​បន្ត​ទៀត​ថា ការប្រកួត​បរាជ័យ​នេះ​គឺ​បណ្ដាលមកពី​បញ្ហា​នៅ​តំបន់​កណ្ដាល (​បម្រើ​ការពារ​) ដោយ​កីឡាករ​ហាក់​បាត់​ការ​ប្រមូល​អារម្មណ៍ យកចិត្តទុកដាក់​អត់​បាន​ខ្លាំង មានការ​ធ្វេសប្រហែស​។ ក្រុម​ណាហ្គា​វើ​ល ចាញ់​ក្រុម​បឹងកេត ធ្វើ​ឲ្យ​ក្រុម​នេះ​ធ្លាក់​ឈរ​នៅ​លេខ​២ វិញ ក្រោយ​ព្រះខ័ន​រាជ​ស្វាយរៀង យកឈ្នះ វិសាខា នៅ​ថ្ងៃ​ជាមួយគ្នា​។ សូមបញ្ជាក់ថា ​នៅក្នុង​ការប្រកួត​បឹងកេត បាន​បើក​ការនាំ​មុខ​នៅ​វគ្គ​ទី​២ ដោយ​កីឡាករ Mizuno Hikaru នៅ​នាទី​១៣ និង Ángel Carrascosa នានា​ទី​៣៥ ស្រប​ពេលដែល​ណាហ្គា​វើ​ល មានតែ​ឱកាស​ទាត់​សំដៅ​ទី តែ​មិនបាន​សម្រេច​បន្ទាប់ពី​មានការ​រារាំង​សំណាញ់​ទី អេ​ឡិច យូ ជាច្រើនលើក​ច្រើនសារ​។

គិត​ត្រឹម​ពេលនេះ​ក្រុម​ណាហ្គា​វើ​ល ប្រកួត​បាន​១០​លើក​ឈ្នះ​បាន​៨​លើក​មិនដែល​ស្មើ​និង​ចាញ់​២​លើក​មាន​២៤​ពិន្ទុ​ក្នុង​ដៃ​។ សម្រាប់​គម្រោង​ប្រកួត​បន្ទាប់​ក្រុម​ណាហ្គា​វើ​ល ក្រុម​សាលា​បាល់ទាត់​ជាតិ​បាទី ប៉ះ​ក្រុម​ណាហ្គា​វើ​ល វេលា​ម៉ោង​៣និង៣០​នាទី​រសៀល​នៅ​ថ្ងៃ​សៅរ៍ ទី​១៥ ខែមិថុនា ឆ្នាំ​២០១៩ លើ​ទី​លាន​សាលា​បាល់​ទាត់​ជាតិ​បាទី​ក្នុង​ខេត្ត​តាកែវ៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114