ព័ត៍មានទាន់​ហេតុការណ៏
Search

សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ អញ្ជើញ​សួរសុខទុក្ខ​និង​ផ្តល់​អំណោយ​ជូន​កុមារ​ពិការ និង កុមារ​មាន​សតិ​មិនល្អ​ជិត​៣០០​នាក់

​ភ្នំពេញ ៖ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា​កាល​ពី​ព្រឹក​ថ្ងៃទី៥ ខែមិថុនា ឆ្នាំ​២០១៩ បាន​អញ្ជើញ​សំណេះសំណាល​សួរសុខទុក្ខ​និង​ប្រគល់​អំណោយ​មនុស្សធម៌​ជូន​ដល់​កុមារ​ពិការ កុមារ​សតិ​មិនល្អ​ជិត​៣០០​នាក់​ នៅ​បុរី​ទារក​និង​កុមារ​ជាតិ​និង​អង្គការ​ទន្សាយ​ដែល​ស្ថិតនៅ​ភូមិ​តំណាក់​៣​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។

នេះ​ជា​លើក​ទី​៤​ហើយ ដែល​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប្រធាន​កាកបាទក្រហមកម្ពុជា​បាន​អញ្ជើញ​សួរសុខទុក្ខ​និង​ចែក​អំណោយ​មនុស្សធម៌​ជូន​កុមារ​ពិការ​កុមារ​មាន​សតិ​មិនល្អ​នៅ​បុរី​ទារក​និង​កុមារ​ជាតិ​នេះ​។

​លោកស្រី ថោ ពៅ ប្រធាន​បុរី​ទារក​និង​កុមារ​ជាតិ​បាន​ថ្លែង​ថា បុរី​ទារក​និង​កុមារ​ជាតិ​កើតឡើង​នៅ​ឆ្នាំ១៩៨០​ និង​ ប្តូរ​ទីតាំង​មក​ខណ្ឌមានជ័យ​នេះ​នៅ​ឆ្នាំ​២០០៨​។ ​មជ្ឈមណ្ឌល​នេះ​មាន​៦៦​បន្ទប់​ដែល​ក្នុង​នោះ​មាន​បន្ទប់​ស្នាក់នៅ​កុមារ​ចំនួន​៣០​បន្ទប់​,​បន្ទប់​ស្នាក់នៅ​របស់​អ្នក​ថែទាំ​ចំនួន​១០​បន្ទប់​និង​បន្ទប់​អនុវត្ត​សកម្មភាព​ផ្សេងៗ​និង​មាន​បន្ទប់ទឹក​ចំនួន​៥ និង​បង្គន់​៤០​។ ចាប់ពី​ខែមីនា ឆ្នាំ​២០១៨​បុរី​ទារក​និង​កុមារ​ជាតិ​មាន​ជណ្តើរ​ជម្រាល​ពី​ជាន់​ទី​១​សម្រាប់​កុមារ​មាន​ពិការភាព​ប្រើប្រាស់​ដែល​ឧបត្ថម្ភ​ដោយ​លោកស្រី​ម៉ែន ភក្តី ហុក​ឡងឌី​ព្រមទាំង​បុត្រ​។

​បច្ចុប្បន្ន​បុរី​ទារក​និង​កុមារ​ជាតិ​មាន​កុមារ​និង​យុវជន​សរុប​ចំនួន​១៤៣​នាក់​ ភេទប្រុស​៨៣​នាក់ ភេទ​ស្រី​៦០​នាក់ ​មាន​អាយុ​ពី​០៥​ខែ​រហូត​៣៩​ឆ្នាំ​។ ប្រៀបធៀប​ពី​ឆ្នាំ​២០១៦​គឺ​កុមារ​មានការ​កើនឡើង​ចំនួន​៣៩​នាក់​។ ចាប់តាំងពី​ឆ្នាំ​២០១៦​ មក​ស្ថានភាព​កុមារ​ចំនួន​២១​នាក់​មានការ​ប្រែប្រួល​ដែល​ក្នុងនោះ​កុមារ​ចេញទៅ​រស់នៅ​ជាមួយ​សាច់ញាតិ​មាន​ចំនួន​៦​នាក់ ផ្ទេរ​ទៅ​ទទួល​សេវា​ពី​ស្ថាប័ន​ផ្សេង​ចំនួន​៥​នាក់​,​មានលទ្ធភាព​ចេញទៅ​រស់នៅ​ដោយ​ខ្លួនឯង​ចំនួន​៤​នាក់​,​ទៅ​បន្ត​ការសិក្សា​នៅ​ក្រៅ​ប្រទេស​ក្រោម​ការឧបត្ថម្ភ​ពី​សប្បុរសជន​ម្នាក់​ និង ទទួលមរណភាព​៥​នាក់​។ កុមារ​ទាំងនេះ​ភាគច្រើន​ត្រូវបាន​ឪពុក​ម្តាយ​បង្កើត​បោះបង់ចោល​នៅតាម​មន្ទីរពេទ្យ​និង​មួយចំនួន​ត្រូវ​ឪពុកម្តាយ​បោះបង់ចោល​នៅខាងមុខ​មណ្ឌល​តែម្តង​។

លោកស្រី ថោ ពៅ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​វត្តមាន​ដ៏​ឧ​ត្តុ​ង​ឧ​ត្ត​ម​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ដែល​បានផ្តល់​នូវ​ភាព​កក់ក្តៅ​ស្និទ្ធស្នាល​ស្រឡាញ់​រាក់ទាក់​ញ៉ាំង​ឲ្យ​ក្មួយៗ​ចៅស្រី ដែល​ជា​កុមារ​កំព្រា​អនាថា​ និង​ ពិការ​ទាំងអស់​ចងចាំ​គោរព​ដឹងគុណ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ចាត់ទុក​ដូចជា​ម្តាយ​និង​ជីដូន​បង្កើត​អស់​មួយជីវិត​។

ជា​មួយ​គ្នា​នេះ​ លោកស្រី​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ដែល​បាន​ត​បណ្តាញ​ទឹក​ថ្មី​ឲ្យ​ក្មួយៗ​ចៅៗ​បាន​ប្រើប្រាស់​គ្រប់គ្រាន់​ដែល​អស់​ទឹកប្រាក់​ចំនួន​៣,៨១៦,២០០​រៀល​។ ​នេះ​ជា​លើក​ទី​៤​ដែល​សម្តេច​បាន​ផ្តល់​នូវ​ជំនួយ​មនុស្សធម៌​ដល់​ក្មួយៗ​ចៅៗ​ដែល​មាន​ពិការភាព​រស់នៅ​ទីនេះ​។​ឆ្លៀត​ក្នុងឱកាស​នេះ​ផង​ដែរ​ លោកស្រី​ក៏​សូម​ថ្លែងអំណរគុណ​ដល់​សាលា​រាជធានី​ភ្នំពេញ​ដែល​បាន​ជួយ​កែលម្អ​ទីធ្លា​ក្នុង​បុរី​។

​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា​បាន​សម្តែង​នូវ​ក្តីសប្បាយ​រីករាយ​និង​ទឹកចិត្ត​អាណិត​ស្រឡាញ់​ចំពោះ​កុមារ​ទាំងអស់​ក្រៅពី​សំណេះសំណាល​និង​ពិនិត្យ​អំពី​សុខទុក្ខ​របស់​កុមារ​នៅក្នុង​មណ្ឌល សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​នូវ​បាន​រៀបចំ​អាហារ ដោយ​សម្តេច​ជា​អ្នក​បញ្ចុក​ផ្ទាល់ដៃ​ទៅលើ​កុមារ​ដែលមាន​សតិ​មិនល្អ និង​បាន​ចែក​អំណោយ​ដោយផ្ទាល់​ដល់​កុមារ​ពិការ​និង​កុមារ​មាន​សតិ​មិនល្អ​។

សម្តេច​ប្រធាន​កាកបាទក្រហម​ បាន​ថ្លែងអំណរគុណ​និង​កោតសរសើរ​ចំពោះ​ថ្នាក់ដឹកនាំ​របស់​បុរី​ទារក​និង​កុមារ​ជាតិ​និង​អង្គការ​ទន្សាយ​ព្រមទាំង​គ្រូ​អ្នកថែរក្សា​កុមារ​អ្នកស្ម័គ្រចិត្ត​ខ្មែរ​និង​បរទេស​ដែល​បាន​ជួយ​មើល​ថែរក្សា​កុមារ​យ៉ាង​យកចិត្តទុកដាក់ ដែល​នេះ​គឺជា​វីរភាព​មួយ​គួរ​ឲ្យ​គោរព ព្រោះ​លោកគ្រូ​អ្នកគ្រូ​បាន​លះបង់​មួយ​ដ៏​ខ្ពស់បំផុត​។

សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ក៏បាន​លើកទឹកចិត្ត​ឲ្យ​ថ្នាក់ដឹកនាំ​បុរី​ទារក​និង​កុមារ​ជាតិ ជួយ​បន្ត​ការ​ថែរក្សា អប់រំ​និង​មើល​ការខុសត្រូវ​ដល់​កុមារ​ពិការ កុមារ​មាន​សតិ​មិនល្អ​បន្តទៅទៀត​។

អំណោយ​ដែល​ត្រូវ​ផ្តល់​ជូន​បុរី​ទារក​និង​កុមារ​ជាតិ អង្ក​ការ​ទន្សាយ​(​សរុប​២៧៥​នាក់​) បុរី​ទារក​និង​កុមារ​ជាតិ មាន​៖​អង្ករ ៣​តោន មី​យើង​៥០​កេស ត្រីខ​៨​កេស ត្រីងៀត​១៥​គីឡូក្រាម សាច់ក្រក​១៥​គីឡូក្រាម ទឹកស៊ីអ៊ីវ​៣០​ដប ទឹកត្រី​៣០​ដប ទឹកបរិសុទ្ធ​៣០​កេស ទឹកក្រូច​៣០​កេស ក្រូចឃ្វិច​៥​កេស ផ្លែ​ទំពាំងបាយជូរ​៥​កេស ទឹកដោះគោ​ម្សៅ​កូនក្មេង​៣០​កេស​(​ស្មើ​១៨០​កំប៉ុង​) សាប៊ូកក់សក់ សាប៊ូ​ដុស​ខ្លួន​២០​កេស​(​ស្មើ​២៤០​ដប​) ថវិកា​ដប់​លាន​រៀល និង អាហារ​៣០​តុ​។

សម្រាប់​បុគ្គលិក​៩០​នាក់ ក្នុង​ម្នាក់ៗ​ទទួល​បាន​អង្ករ​៣០​គីឡូក្រាម ឃី​ត​១​កញ្ចប់ និង​ថវិកា​១០​ម៉ឺន​រៀល ចំណែក​អ្នកស្ម័គ្រចិត្ត​ទទួលបាន​ក្រមា​កាកបាទក្រហម​១​និង​ថវិកា​១០​ម៉ឺន​រៀល​៕
ណា​រី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114