ព័ត៍មានទាន់​ហេតុការណ៏
Search

ទីភ្នាក់ងារ​អភិវឌ្ឍន៍ និង​សហប្រតិបត្តិការ ស្វី​ស (SDC) សុំ​រក​កិច្ចសហការ និង​ការគាំទ្រ​ដល់​ការគ្រប់គ្រង និង​អភិវឌ្ឍន៍​វិស័យ​ធនធានទឹក ជាពិសេស​ទឹក​ក្រោម​ដី​នៅកម្ពុជា

ភ្នំពេញ ​៖ ប្រតិភូ​ទីភ្នាក់ងារ​អភិវឌ្ឍន៍ និង​សហប្រតិបត្តិការ ស្វី​ស (SDC) ប្រចាំ​អាស៊ី​ប៉ា​ស៊ី​ភិ​ច ដែលមាន​ការិយាល័យ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​បាន​ចូលជួប​ជាមួយ តំណាង​ក្រសួង​ធនធានទឹក​ដើម្បី​ស្វែង​ស្វែងរក​កិច្ចសហការ និង​ការគាំទ្រ​ដល់​ការគ្រប់គ្រង និង​អភិវឌ្ឍន៍​វិស័យ​ធនធានទឹក ជាពិសេស​ទឹក​ក្រោម​ដី​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។

កិច្ច​ជំនួប​នេះ​ធ្វើឡើង​កាលពី​នៅ​ថ្ងៃ​អង្គារ ២​រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៩ នៅ​នាយកដ្ឋាន​ផ្គត់ផ្គង់​ទឹក​ស្អាត និង​អនាម័យ ក្រសួង​ធនធានទឹក​។ លោក សែម សំណាង ប្រធាន​នាយកដ្ឋាន​ទឹកស្អាត និង​អនាម័យ ក្នុងនាម​លោក​លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម។

​បាន​ជម្រាបជូន​គណៈប្រតិភូ អំពី​តួនាទី និង​ភារកិច្ច​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ដែល​បាន​បានចែង​នៅក្នុង​ច្បាប់ និង​ក្របខ័ណ្ឌ​គតិ​យុទ្ធ ដែលមាន​ជា​ធរមាន ជាពិសេស​ពាក់ព័ន្ធ​និង​ការគ្រប់គ្រង​ទឹក​ក្រោម​ដី ប្រកបដោយ​ចេរភាព​។ ក្នុង​នោះ​លោក​ប្រធាន​នាយកដ្ឋាន ក៏បាន​លើកឡើង​លំអិត​អំពី​ផែនការ​យុទ្ធសាស្ត្រ​សម្រាប់​អភិវឌ្ឍ​លើ​វិស័យ​ធនធានទឹក និង​ឧតុនិយម រយៈពេល​៥​ឆ្នាំទៅ​ថ្ងៃ​អនាគត​ខាងមុខនេះ (២០១៩-២០២៣) របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​របស់​នាយកដ្ឋាន​ទឹកស្អាត និង​អនាម័យ ក្នុងការ​គ្រប់គ្រង និង​អភិវឌ្ឍ​វិស័យ​ធនធានទឹក​ប្រកបដោយ​ចេរភាព​។

​ដោយឡែក​ប្រតិភូ SDC ក៏បាន​ជម្រាបជូន​នាយកដ្ឋាន​ផងដែរ អំពី​វិស័យ​អាទិភាព​របស់​ទីភ្នាក់ងារ​អភិវឌ្ឍន៍ និង​សហប្រតិបត្តិការ​ស្វី​ស នូវ​គម្រោង​នានា​ដែល​បាន​អនុវត្ត​កន្លងមក និង​កំពុង​គាំទ្រ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​។

ក្រោយ​ពី​មានការ​ពិភាក្សា និង​ពិគ្រោះ​យោបល់​លើ​គ្រប់​ទិដ្ឋភាព​នានា ទាំង​ផ្នែក​បច្ចេកទេស ផែនការ​ជា​អាទិភាព​ក៏ដូចជា​សមត្ថកិច្ច​រប​ស់​ស្ថាប័ន​ពាក់ព័ន្ធ ភាគី​ស្វី​ស និង​ពិនិត្យ​ពិចារណា​លើ​សំណើ​របស់ នាយកដ្ឋាន​ស្នើសុំ​ការ​គាំទ្រ​លើ​វិស័យ​គ្រប់គ្រង និង​អភិវឌ្ឍ​ទឹក​ក្រោម​ដី ដើម្បី​ធានា​ថា​ វិស័យ​នេះ​និង​បាន​ចូលរួម​ចំណែក​ក្នុងការ​អភិវឌ្ឍ វិស័យ​ដទៃ​ប្រាកដ​ដោយ​ប្រសិទ្ធភាព និង​ចេរភាព​។ ភាគី​ទាំងពីរ​និង​បន្ត​ពិភាក្សា ហើយ​និង​រៀបចំ​ផ្តល់​ឯកសារ​នានា តាម​ការចាំបាច់​ជា​ទស្សនទាន​ក្នុងការ​ពិនិត្យ និង​សម្រេច​របស់​ភាគី SDC៕
ឌួង​វិ​រះ​ជ័យ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114