ព័ត៍មានទាន់​ហេតុការណ៏
Search

ខ្សែប្រយុទ្ធ វ៉ា សុថន និយាយ​ពី​ការបន្ត​រកបាន​៣​ពិន្ទុ​របស់​ក្រុម​ភ្នំពេញ​ក្រោ​ន របស់ខ្លួន​លើ​ទីលាន​កីឡដ្ឋាន Smart RSN

ក្រុម​ម្ចាស់ផ្ទះ​ភ្នំពេញ​ក្រោ​ន បាន​យកឈ្នះ​លើ​ក្រុម​ក្រសួងការពារជាតិ (​ទ័ព​) ដោយ​លទ្ធផល​៣​ទល់​១ លើ​ទីលាន​កីឡដ្ឋាន Smart RSN Stadium របស់ខ្លួន​កាលពី​ចុង​សប្ដាហ៍​ថ្មីៗ​នេះ​ក្នុង​សប្ដាហ៍​ទី​១០​នៃ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League 2019) ខណៈ​កីឡាករ​ជើងចាស់ វ៉ា សុថន ក៏បាន​លើកឡើង​ពី​ការ​ដណ្តើមបាន​៣​ពិន្ទុ​របស់​ក្រុម​ខ្លួន​ដែរ​។

កីឡាករ​ខ្មែរ​បារាំង​វ័យ​៣១​ឆ្នាំ​រូប​នេះ​បាន​លើក​ឡើង​ថា « ជ័យជម្នះ​នេះ​ធ្វើ​ឲ្យ​ក្រុម​របស់​យើង​មាន​ភាព​ជឿជាក់​សម្រាប់​ការប្រកួត​បន្ទាប់។ ពួក​យើង​សម​នឹង​ទទួល​បាន​ជ័យជម្នះ​មួយ​នេះ ទោះបីជា​យើង​មាន​អារម្មណ៍​ភ័យខ្លាច​ក្នុង​កំឡុងពេល​គេ​ទាត់​ចូល​ទី​យើង​១​គ្រាប់​វិញ​ក៏ដោយ ចុងបញ្ចប់​យើង​ទទួលបាន​៣​ពិន្ទុ​ពី​ការប្រកួត​ជាមួយ​ក្រុម​ធំ​នេះ ហើយ​វា​ជា​រឿង​ល្អ​មួយ​សម្រាប់​ក្លឹប​របស់​យើង និង​អ្នកគាំទ្រ​»​។

កីឡាករ វ៉ា សុថន បាន​បន្ថែម​ថា «​ពិត​ណាស់​វា​ជា​ការ​ប្រកួត​មួយ​ដែល​តានតឹង ហើយ​យើង​លេង​ក្នុង​កម្រិត​មួយ​ដែល​ល្អ បើ​គ្មាន​បាល់​ពិន័យ​១១​ម៉ែត្រ​នោះទេ ខ្ញុំ​គិតថា​ការប្រកួត​នេះ​មិនសូវ​ជា​មាន​ការប្រែប្រួល​ខ្លាំង​នោះ​ទេ​។ ខ្ញុំ​គិតថា​គ្រាប់​ដែល​ខ្ញុំ​ទាត់​ចូល​ទីនោះ​មិនសូវ​ជា​សំខាន់​សម្រាប់​ក្រុម​នោះទេ​នៅពេលនោះ ប៉ុន្តែ​វា​បាន​ឲ្យ​ឃើញថា​យើង​នៅតែ​ផ្តោត​សំខាន់​លើ​ការ​លេង ដូច​ដែរ​យើង​បាន​ឃើញថា​អ្នកចាំទី​របស់​យើង​គាត់​ជួយសង្គ្រោះ​គ្រាប់​បាល់​បាន​ច្រើន​ដែរ​»​។

កីឡាករ វ៉ា សុខ​ថន បាន​ចូលរួម​លេង​ជាមួយ​ក្លិប​ភ្នំពេញ​ក្រោ​ន លើកដំបូង​កាលពី​ខែ កក្កដា ឆ្នាំ២០១៤ ហើយ​កីឡាករ​រូប​នេះ​ជា​ផ្នែក​មួយ​ជួយ​ឲ្យ​ក្រុម​ភ្នំពេញ​ក្រោ​ន ឈ្នះ​ជើងឯក​ជា​លើក​ទី ៦​ក្នុង​លី​គ​កំពូល​កម្ពុជា ប្រចាំ​ប្រវត្តិសាស្ត្រ​ក្លិប​ផងដែរ​។ កីឡាករ​ដែល​រៀប​អាពាហ៍ពិពាហ៍​រួចហើយ​រូប​នេះ​ធ្លាប់​លេង​នៅ ES Torcy, FC Montceau Bourgogne, US Motte Servolex, SO Chambery Foot 73 និង Le Creusot JO នៅ​ប្រទេស​បារាំង​។

គិត​ត្រឹម​ពេលនេះ​ក្រុម​ភ្នំពេញ​ក្រោ​ន ឈរ​ចំណាត់​ថ្នាក់​លេខ​៧ ក្នុងចំណោម​ក្លិប​ជា​សមាជិក​លី​គ​កំពូល​កម្ពុជា​ទាំង​១៤ ក្រោយ​ប្រកួត​១០​លើក​ឈ្នះ​បាន​៥​លើក​និង​ចាញ់​៥​លើក​មាន​១៥​ពិន្ទុ​ក្នុង​ដៃ​។ ប្រកួត​បន្ទាប់​ក្រុម​ភ្នំពេញ​ក្រោ​ន ត្រូវ​ប៉ះ​ម្ចាស់ផ្ទះ​អគ្គីសនី​កម្ពុជា នៅវេលា​ម៉ោង​៣និង៣០​នាទី​រសៀល​ថ្ងៃ​សៅរ៍ ទី​១៥ ខែមិថុនា ឆ្នាំ​២០១៩ លើ​ទីលាន​កីឡដ្ឋាន​អគ្គីសនី​កម្ពុជា ប្រចាំ​សប្ដាហ៍​ទី​១១ នៃ​ពាន​រង្វាន់​លីគកំពូល​កម្ពុជា៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114