ព័ត៍មានទាន់​ហេតុការណ៏
Search

តារា​កូនភ្លោះ ស៊ិន សុភា និង ស៊ិន សុភ័ក្ត្រ ពិតជា​ប៉ូលិស​គំរូ​ល្អ​ ធ្វើ​ឲ្យ​មហាជន​សរសើរ​គ្រប់គ្នា​

ភ្នំពេញ ៖ ផ្ទុយ​ពី​មន្ត្រី​នគរបាល​ស័ក្ដិ​៣​ ដែល​បន្លំ​ខ្លួន​ចូល​លួច​iPad​ នៅ​ក្នុង​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ហើយ​ត្រូវ​បាន​មហាជន​ពេញ​មួយ​ផ្ទៃ​ប្រទេស​ ​​ថ្កោលទោស ​និង​រិះគន់​យ៉ាង​ចាស់ដៃ​រហូត​មាន​ការ​ចាប់ខ្លួន​បញ្ជូន​ទៅ​តុលាការ​ទទួលទោស​តាមច្បាប់។ ដោយឡែក ​បើ​ចាប់អារម្មណ៍​លើ​តារា​ចម្រៀង​កូនភ្លោះ ​និង​មាន​តួនាទី​ជា​មន្ត្រី​នគរបាល ​គឺ​ លោក ស៊ិន សុភា និង ស៊ិន សុភ័ក្ត្រ ឯណេះ​វិញ ​គឺ​បានធ្វើ​ឲ្យ​មហាជន​យ៉ាង​ច្រើន​កាន់តែ​គាំទ្រ​ និង​លើក​សរសើរ​លើ​ទង្វើ​ល្អ​ពួកគេ​។​

​ចំពោះ​ទង្វើ​ល្អ​របស់​តារាចម្រៀង​កូនភ្លោះ ​លោក ស៊ិន សុភា និង ស៊ិន សុភ័ក្ត្រ ដែល​ត្រូវ​បាន​ទស្សនិកជន​គាំទ្រ​ និង​លើក​សរសើរ​ជា​មន្ត្រី​នគរបាល​គំរូ​ល្អ​ដែល​បាន​ផ្តល់​ភាព​កក់ក្ដៅ ​និង​ទំនុក​ចិត្ត​ជួយ​ដល់​ប្រជាពលរដ្ឋ​ និង​សង្គម​នោះ ​គឺ តារា​ប្រុស​កូនភ្លោះ​ពីរ​នាក់​បងប្អូន​រូបនេះ​កន្លងមក ​តែងតែ​ជួយ​យកអាសា​ដល់​ជនរងគ្រោះ​មួយចំនួន​ ពិសេស​គឺ​ការបង្ហាញ​វត្តមាន​ជួយ​សម្រួល​បញ្ហា​ចរាចរណ៍​នៅតាម​ដង​វិថី​នា​នា​ នៅក្នុង​រាជធានី​ភ្នំពេញ​ផងដែរ​។​

​ជាក់ស្តែង​តារា​ប្រុស​ និង​ជា​មន្ត្រី​ប៉ូលិស​រូប​សង្ហា​ លោក ស៊ិន សុភ័ក្ត្រ កាលពី​ថ្មីៗ​នេះ​ គឺ​កាន់តែ​ធ្វើ​ឲ្យ​មហាជន ​និង​អ្នកលេង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជាច្រើន​ នាំគ្នា​លើក​សរសើរ​មិន​ដាច់​ពី​មាត់​ និង​គាំទ្រ​ចំពោះ​ទង្វើ​ដ៏​ល្អ ​និង​គំរូ​សម្រាប់​សង្គម​ ក្រោយ​ពេល​ដែល​តារា​ប្រុស​រូបនេះ​ បាន​បង្ហាញ​ពី​សកម្ម​ភាព​ជិះ​ម៉ូតូ​ប្រដេញ​ចាប់​ជនជាតិ​ចិន​ដែល​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បើក​រថយន្ត​បុក​ម៉ូតូ​កង់​បី ​បណ្ដាល​ឲ្យ​រង​របួស​ផង​នោះ​។​

​បើតាម​ការ​ឲ្យ​ដឹង​ពី​ម្ចាស់​Account Facebook ឈ្មោះ អ៊ី បញ្ញា បាន​រៀបរាប់​ថា បងប្អូន​ប្រិយមិត្ត​ចាំ​ទេ​! បង ស៊ិន សុភ័ក្ត្រ ជា​វីរបុរស សម្រួល​ឡានពេទ្យ​ដឹក​អ្នកជំងឺ​បន្ទាន់​បាន​ដែរ​ឬទេ និង​ បង ស៊ិន សុភ័ក្ត្រ ប៉ូលិស​ចរាចរណ៍​ចិត្តធម៌ ? My idol ប៉ូលិស​កូនភ្លោះ​ប្អូន​ពិតជា​មាន​មោនភាព​ណាស់ ដែល​ពួក​បង​តែង​តែ​ជួយ​សង្គម​។ លើក​នេះ ​បង​បាន​ជួយ​សង្គម​ទៀតហើយ ដោយ​ជួយ​ដេញ​ចាប់​ឡាន​ចិន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ បាន​ហើយ​នោះ អ្វី​ដែល​គួរ​ឲ្យ​មហាជន​ចាប់អារម្មណ៍​នោះ គឺ​ក្នុង​រថយន្ត​មាន​ដឹក​គ្រឿងញៀន​ចំនួន​៦​គីឡូក្រាម !​។​

​ប្រភព​ដដែល​បាន​លើកឡើងថា ​ប្រសិនជា​ជន​ជាតិ​ចិន​ដឹក​គ្រឿងញៀន​៦​គីឡូក្រាម​ថ្ងៃនេះ​ ចុះបើ​បង​ប៉ូលិស​ចរាចរណ៍​ចាប់​ជនជាតិ​ចិន​នោះ​មិនបាន​ទេតើ​៦​គីឡូ​គុណ​នឹង​៣០​ថ្ងៃ ​នៃ​ចំនួន​ដឹក​ប៉ុន្មាន​? ហើយ​ក្មេងៗ ជំនាន់​ក្រោយ​ក្លាយទៅជា​យ៉ាងណា​? ហើយ​ហួស​ចិត្តត្រង់​ថា អត្ថបទ​អ្នក​ព័ត៌មាន ម្តេច​ក៏​សរសេរ​អត្ថបទ​មិន​ដាក់ឈ្មោះ My idol ដេញចាប់បាន​! ហេតុអ្វី​បាន​យក​អ្នក​ផ្សេង​មក​សរសេរ​ថា ជា​អ្នក​ចាប់​ទៅវិញ​? Share មួយ​ដើម្បី​លើក​ចិត្ត​គាត់​ទាំងអស់​គ្នា​។ ​ដោយឡែក​ភ្លាមៗ​នេះ​ សាមីខ្លួន​លោក​ស៊ិន សុភ័ក្ត្រ ដែលជា​អ្នកឃើញ​ហេតុការណ៍ ​និង​ដេញចាប់​ជនបង្ក​បាន​និយាយ​ខ្លី​ថា តួនាទី​កងកម្លាំង​ទេ​ប្អូន គេ​ដាក់ឈ្មោះ​អ្វី​ឲ្យ​គេ​ដាក់​ទៅ​។​

​ជាមួយគ្នានេះ ​បើតាម​ប្រភព​ដែល​បានឃើញ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​រៀបរាប់​ថា​មុនពេល​កើតហេតុ​ គេ​បានឃើញ​បុរស​ម្នាក់​ និង​ស្ត្រី​ម្នាក់ ​បាន​បើក​រ៉ឺម៉ក​កង់​បី​ឥណ្ឌា​ ពណ៌​ក្រហម ពាក់​ស្លាក​លេខ ព្រៃវែង ១M-១៥៧៤ ធ្វើ​ដំណើរ តាម​បណ្ដោយ​ផ្លូវ​ព្រះ​នរោត្តម​ ទិសដៅ​ពី​កើ​តទៅ​លិច​ ហើយ​បាន​ឈប់​រង់ចាំ​ស្តុ​ប​ ប៉ុន្តែ​ភ្លាមៗ​នោះ ក៏​ស្រាប់​តែមាន​រថយន្ត​មួយ​គ្រឿង ​ម៉ាក Lexus RX350 ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ 2AW-៤៣៣២ បើកបរ​ដោយ​បុរស​ជនជាតិ​ម្នាក់​ បាន​ធ្វើដំណើរ​មក​ពី​ក្រោយ​បុក​ពេញ​ទំហឹង អូស​រ៉ឺម៉ក​កង់​បី​ជាច្រើន​ម៉ែត្រ​ បណ្ដាល​ឲ្យ​ក្រឡាប់​រងរបួស​ធ្ងន់ ត្រូវបាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​។​

​ប្រភព​បាន​បន្ថែមទៀត​ថា ​បន្ទាប់ពី​បង្ក​គ្រោះថ្នាក់​ភ្លាមៗ​នោះ​ រថយន្ត​ខាងលើ​ បាន​ព្យាយាម​បើក​រត់​គេច​រហូតដល់​ផ្សារ​តាប៉ាង ​ផ្លូវ​លេខ​១៣៦ ទើបត្រូវ​បាន​ប្រជាពលរដ្ឋ​ដេញ និង​សមត្ថកិច្ច​ឃាត់​បាន​តែ​ម្តង​។​ នៅពេលដែល​សមត្ថកិច្ច​បាន​នាំខ្លួន​ជនបង្ក​ដែលជា​ជនជាតិ​ចិន​បើករថយន្ត​ម៉ាក Lexus RX350 ពណ៌​ខ្មៅ​ តែ​ពាក់​ស្លាក​លេខ​ក្លែងក្លាយ ​ទៅ​អធិការដ្ឋាន​នគរបាល ខណ្ឌដូនពេញ និង​បានធ្វើ​ការ​ឆែកឆេរ​ ក៏​ប្រទះឃើញ​គ្រឿងញៀន​ប្រមាណ​ជាង​៦​គីឡូក្រាម​តែម្តង​៕

ដោយ ៖ ចាន់ ដា​រ៉ា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114