ព័ត៍មានទាន់​ហេតុការណ៏
Search

អាណិត​ណាស់ !​ នាយ ក្រឹម បាន​ត្រឹម​សម្រក់​ទឹកភ្នែក​ និង​កោរសក់​បួសមុខភ្លើង​កាន់ទុក្ខ​ម្តាយ​ នៅ​កម្ពុជា​

ភ្នំពេញ​ ៖​ បន្ទាប់ពី​ទទួល​បាន​ដំណឹង ​នៃ​មរណភាព​ដ៏​ក្រៀមក្រំ​ និង​សោកសៅ​បំផុត​ពី​សំណាក់​តារា​កំប្លែង​ នាយ ក្រឹម និង​ក្រុមគ្រួសារ​នោះ ​ភ្លាមៗ​នេះដែរ​បានធ្វើ​ឲ្យ​មហាជន​អ្នកគាំទ្រ ​និង​អ្នកសិល្បៈ​រួម​អាជីព​ជាច្រើន​បង្ហាញ​ពី​ការសោកស្តាយ ​និង​ផ្ញើ​សារ​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាមួយ​ក្រុម​គ្រួសារ​ និង​នាយ ក្រឹម។​

​ស្រប​ពេល​ជាមួយ​គ្នា​នេះ ​រឿង​ដែល​កាន់តែ​ធ្វើ​ឲ្យ​ទស្សនិកជន​ជាច្រើន​បង្ហាញ​ការ​អាណិតអាសូរ​ដល់​តារា​កំប្លែង​ជើងចាស់​ លោក អ៊ូ ប៉ុណ្ណា​រ៉ាត់ ហៅ​នាយ ក្រឹម ​​ទៀត​នោះ​ គឺ​តារា​កំប្លែង​រូប​នេះ ​ពុំមាន​ឱកាស​ដើម្បី​ចេញទៅ​ក្រៅប្រទេស​(​សហរដ្ឋអាមេរិក​)​ចូលរួម​ពិធី​បុណ្យ​សព​អ្នក​ម្តាយ​ជាទី​ស្រលាញ់​របស់ខ្លួន​បានឡើយ​ ពោលគឺ​ នាយ ក្រឹម បានត្រឹមតែ​អង្គុយ​សម្រក់​ទឹកភ្នែក​ និង​កោរ​សក់​បួសមុខភ្លើង​កាន់ទុក្ខ​ម្តាយ​នៅ​ត្រឹម​ស្រុក​ខ្មែរ​ប៉ុណ្ណោះ​។​

​រូបភាព ​នៃ​ការ​អង្គុយ​សម្រក់​ទឹកភ្នែក​ទួញយំ​ស្តាយ​ស្រណោះ​អាឡោះអាល័យ​អ្នក​ម្តាយ​ ជាទី​ស្រលាញ់​របស់​ នាយ ក្រឹម ប្រមាថ​២ ​ឬ​៣​សន្លឹក​ ដែល​ត្រូវបាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ពេលនេះ​ បានធ្វើ​ឲ្យ​អ្នកគាំទ្រ​ជាច្រើន​សម្ដែង​ក្តី​អាណិតអាសូរ​ និង​ក្ដុកក្ដួល​ខ្លាំង​ជា​ពន់ពេក​។ ​មិន​តែ​ត្រឹម​តែប៉ុណ្ណោះ ​ក៏​មានការ​លើកឡើងថា ​អ្វី​ដែល​ខ្ញុំ​អាច​ជួយ​គាត់​បាន គឺ​បាន​ត្រឹម​ជូន​ក្រដាស​ជូត​ទឹកភ្នែក​ឲ្យ​គាត់​នៅពេលដែល​គាត់​មើលរូប​ម្តាយ​គាត់​តាម​ទូរស័ព្ទ​របស់​បងប្អូន ពេល​ដែល​ពេទ្យ​បញ្ជូន​សព​ម្តាយ​ដាក់​ចូល​កន្លែង​រក្សាទុក​តាម​បច្ចេកវិជ្ជា​ពេទ្យ​នៅឯ​ក្រៅប្រទេស​។ អារម្មណ៍​ដែល​ពិបាក​ទទួល​យកបាន​។​

​ដោយឡែក​បើតាម​ការរៀបរាប់​ឲ្យ​ដឹង​ពី​ លោក ហេង ឡុង បាន​និយាយ​ទាំង​អារម្មណ៍​ក្ដុកក្ដួល​ដែរ​ថា​សូម​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ ដល់​ក្រុម​គ្រួសារ​បង អ៊ូ ប៉ុណ្ណា​រ៉ាត់​(​ក្រឹម​)​ ដែល​បាន​បាត់បង់ អ្នក​ម្តាយ​ជាទីគោរព និង​ជាទី​ស្រឡាញ់ ដោយ​លោកយាយ បាន​ធ្វើ​មរណភាព​នៅ​សហរដ្ឋអាមេរិក​កាលពី​ថ្ងៃទី​០៤ ខែ​មិថុនា ក្នុង​ជន្មាយុ​៩៤​ឆ្នាំ ដោយ​ជរាពាធ​។ សូម​បួងសួង សូម​ឲ្យ​វិញ្ញាណក្ខន្ធ​លោកយាយ​ទៅកាន់​ឋាន​សុគតិភព​។ ពិតជា​គួរ​ឲ្យ​អាណិត​បងក្រឹម ណាស់ ​ម្ដាយ​ស្លាប់​នៅ​អាមេរិក​មិនអាច​ទៅ​ចូលរួម​បុណ្យសព​បាន បាន​ត្រឹម​វីដេអូ​ខ​ល​មើលមុខ​ម្តាយ​ជា​លើកចុងក្រោយ គាត់​សម្រេច​ចិត្ត​បួសមុខភ្លើង​នៅ​ស្រុក​ខ្មែរ ដើម្បី​កាន់ទុក្ខ​ម្ដាយ​ជាទី​ស្រឡាញ់​របស់​គាត់​៕

ដោយ ៖ ចាន់ ដា​រ៉ា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114