ព័ត៍មានទាន់​ហេតុការណ៏
Search

លោក Abe នឹងធ្វើ​ទស្សនកិច្ច​ប្រទេស​អ៊ីរ៉ង់​នៅ​សប្តាហ៍​ក្រោយនេះ​

ក្រុមមន្ត្រី​បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា លោក Shinzo Abe គ្រោង​នឹងធ្វើ​ដំណើរ​ទៅ​ប្រទេស​អ៊ីរ៉ង់​នៅ​សប្តាហ៍​ក្រោយ​ដែលជា​ដំណើរ​ទស្សនកិច្ច​លើកដំបូង​ដោយ​នាយករដ្ឋមន្ត្រី​ជប៉ុន​មួយរូប​ក្នុង​រយៈពេល​ជាង​បួន​ទសវត្សរ៍​មកនេះ​ ស្រប​ពេលដែល​រដ្ឋាភិបាល​ក្រុង​តូ​ក្យូ​សង្ឃឹមថានឹង​សម្រុះសម្រួល​រវាង​ក្រុង​វ៉ាស៊ីនតោន​និង​ក្រុង​តេ​អេ​រ៉ង់​។​

​មន្ត្រី​រដ្ឋាភិបាល​បាន​ប្រាប់ AFP ថា ក្រុង​តូ​ក្យូ​នៅតែ​កំពុង​រៀបចំ​ព័ត៌មាន​លម្អិត​ដោយ​រួមទាំង​ថា​តើ​នាយករដ្ឋមន្ត្រី​របស់​យើង​នឹងត្រូវ​ជួប​អ្នកណា​ផងដែរ​នៅ​ទីនោះ​ប៉ុន្តែ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​រាយការណ៍​ថា លោក Abe នឹងធ្វើ​កិច្ចចរចា​ជាមួយ​មេដឹកនាំ​កំពូល​អ៊ីរ៉ង់​លោក Ayatollah Ali Khamenei និង​លោក​ប្រធានាធិបតី Hassan Rouhani​។​

​ទីភ្នាក់ងារ​ព័ត៌មាន Kyodo បាន​រាយការណ៍​ថា វា​នឹង​ក្លាយជា​ដំណើរ​ទស្សនកិច្ច​លើក​ទី​១​សម្រាប់​រយៈពេល​៤១​ឆ្នាំ​មកនេះ​។​

​ខណៈ​ភាព​តានតឹង​កាន់តែ​កើនឡើង​ខ្លាំង​រវាង​ប្រទេស​អ៊ីរ៉ង់​និង​សម្ព័ន្ធមិត្ត​ដ៏​សំខាន់​របស់​ប្រទេស​ជប៉ុន​គឺ​សហរដ្ឋអាមេរិក​នោះ លោក Abe ត្រូវបាន​គេ​រាយការណ៍​ថា បានស្នើ​ដើរតួ​ធ្វើជា​អ្នកសម្របសម្រួល​តាមរ​យៈ​ការជជែក​ដោយផ្ទាល់​ជាមួយ​មេដឹកនាំ​សំខាន់ៗ​របស់​អ៊ីរ៉ង់​។​

​អំឡុង​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​ក្នុង​ទីក្រុង​តូ​ក្យូ​នៅ​ចុងខែ​ឧសភា ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​និយាយថា លោក​នៅតែ​បើកចំហ​ក្នុង​ការចរចា​ជាមួយ​ក្រុង​តេ​អេ​រ៉ង់​ដែល​នេះ​ហាក់ដូចជា ផ្តល់​ភ្លើង​ខៀវ​ដល់​ផែនការ​របស់លោក Abe​។​

​លោក Abe បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​មួយ​ជាមួយ​លោក Trump ថា “​ដោយមាន​កិច្ចសហការ​យ៉ាង​ជិតស្និទ្ធ​រវាង​ជប៉ុន​និង​អាមេរិក ខ្ញុំ​ចង់​ជួយ​បន្ធូរបន្ថយ​ភាព​តានតឹង​នាពេល​បច្ចុប្បន្ន​ជុំវិញ​ស្ថានភាព​របស់​អ៊ីរ៉ង់​”​។​

​ជប៉ុន​និង​អ៊ីរ៉ង់​បាន​រក្សា​ទំនាក់ទំនង​ល្អ​ជាមួយគ្នា​ព្រោះ​ប្រទេស​ជប៉ុន​បាន​ពឹងផ្អែក​យ៉ាងខ្លាំង​ទៅលើ​ការ​នាំចូល​ប្រេង​ពី​មជ្ឈិមបូព៌ា​បើទោះបីជា​ប្រេង​ឆៅ​ពី​អ៊ីរ៉ង់​មាន​ចំនួន​ត្រឹមតែ​៥,៣​ភាគរយ​នៃ​ការនាំ​ចូល​សរុប​របស់​ប្រទេស​កាលពី​ឆ្នាំមុន​ក៏ដោយ​។​

​ម្យ៉ាងវិញទៀត មេដឹកនាំ​អ៊ីរ៉ង់​និង​អាមេរិក​បាន​បង្កើន​ការចោទប្រកាន់​និង​ការប្រមាថ​គ្នា​ទៅវិញទៅមក​ចាប់តាំងពី​លោក Trump បាន​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​នៅក្នុង​ឆ្នាំ​២០១៦៕ AFP

ដោយ ៖ វណ្ណ​វណ្ណ


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114