ព័ត៍មានទាន់​ហេតុការណ៏
Search

ស្ថានីយ​រថភ្លើង​ភ្នំពេញ នឹង​ជួសជុល​ឡើងវិញ ឲ្យ​ក្លាយទៅជា​អគារ​ពាណិជ្ជកម្ម​ដ៏​ទំនើប​

​ភ្នំពេញ ​៖ គម្រោង​ដ៏​រំភើប​មួយ​ក្នុងការ​ជួសជុល​ឡើងវិញ នូវ​ស្ថានីយ​រថភ្លើង​ក្រុងភ្នំពេញ ត្រូវបាន​ប្រកាស​ឡើងជា​ផ្លូវការ​កាលពី​ថ្មីៗ​នេះ ដោយ​ក្រុម​អ្នក​បណ្តាក់ទុន​មួយ​មកពី​សហរដ្ឋអាមេរិក ដើម្បី​កែប្រែ​ស្ថានីយ​មួយ​នេះ ឲ្យ​ក្លាយទៅជា​អគារ​ពាណិជ្ជកម្ម Royal Train Square ដែល​មិន​ត្រឹមតែ​បម្រើ​ជូន​សម្រាប់តែ​អ្នក​ដែល​ធ្វើដំណើរ​ដោយ​រថភ្លើង​នោះឡើយ នេះ​បើតាម​ការបញ្ជាក់​តប​ស់​លោក Scott Bolls ។​

សេចក្តីប្រកាស​ព័ត៌មាន ដែល​កម្ពុ​ជាថ្មី​ទទួលបាន​ឲ្យ​ដឹងថា Royal Train Square នឹង​ក្លាយជា​អគារ​មួយ​ក្នុងចំណោម​អគារ ដែលមាន​ការអភិវឌ្ឍ​ថ្មី​ដ៏​គួរ​ឲ្យ​ទាក់ទាញ​បំផុត​នៅ​រាជធានី​ភ្នំពេញ ដើម្បី​ស្វាគមន៍​អ្នកដំណើរ​ដោយ​រថភ្លើង​ទាំង​ទៅ​ទាំង​មក ក៏ដូចជា​នឹង​ក្លាយជា​កន្លែង​ជួបជុំគ្នា​ថ្មី​មួយ​ក្នុង​តំបន់​អាជីវកម្ម​ដែល​កំពុង​រីកចម្រើន​មួយ​នេះ​។ អគារ​នេះ នឹងមាន​ទំហំ​ចំនួន​៣០០០​ម៉ែត្រការ៉េ សម្រាប់​ការសាងសង់​ធ្វើជា​កន្លែង​ពាណិជ្ជកម្ម ក្នុងនោះ រាប់បញ្ចូល​ទាំង​ការសាងសង់​ហាង​ទំនើប​ផ្សេងៗ ហាង​កាហ្វេ ភោជនីយដ្ឋាន ធនាគារ ទូរ ATM ជាច្រើន និង​ជា​កន្លែង​សម្រាប់​ជួល​ធ្វើជា​ការិយាល័យ សម្រាប់​រៀបចំ​ព្រឹត្តិការណ៍ និង​កម្មវិធី​ពិព័រណ៍​ផ្សេងៗ​។​

លោក Scott Bolls មេធាវី​ផ្នែក​ច្បាប់​អចលនទ្រព្យ និង​ការអភិវឌ្ឍ ហើយនឹង​ក្លាយជា​អ្នកដឹកនាំ​ដ៏​សំខាន់​លើ​គម្រោង​នេះ ដែល​ត្រូវបាន​គាំទ្រ​ថវិកា​ដោយ​ក្រុម​អ្នក​បណ្តាក់ទុន​មកពី​អាមេរិក និង​ដៃគូ​សហការ​មកពី​អឺរ៉ុប​បាន​ឲ្យ​ដឹងថា “​ស្ថានីយ​រថភ្លើង​មួយ​នេះ គឺជា​អគារ​បេតិកភណ្ឌ​ដែល​ត្រូវបាន​គេ​ស្គាល់​យ៉ាងច្បាស់​មួយ​នៅ​ភ្នំពេញ ប៉ុន្តែ​បច្ចុប្បន្ន​មាន​មនុស្ស​មិន​ច្រើន​ឡើយ​ដែល​ប្រើប្រាស់​អគារ​នេះ។ ជាមួយនឹង​គម្រោង​អភិវឌ្ឍ​សាងសង់​អគារ Royal Train Square យើង​នឹង​ផ្តល់​ឲ្យ​ប្រជាពលរដ្ឋ​នានា នូវ​កន្លែង​ថ្មី​មួយ​ដើម្បី​ជួបជុំគ្នា ញ៉ាំ​អាហារ​ពេល​ល្ងាច និង​សម្រាក​លំហែ​​ជាមួយ​ទិដ្ឋភាព​ជុំវិញខ្លួន​ដ៏​ស្រស់ស្អាត រួមជាមួយ​នឹង​ហាង​កាហ្វេ ភោជនីយដ្ឋាន និង​ហាង​ជាច្រើន​ទៀត​”​។​

ស្ថានីយ​រថភ្លើង​ក្រុងភ្នំពេញ ត្រូវបាន​សាងសង់ឡើង​ដោយ​អាជ្ញាធរ​អាណានិគម​បារាំង ក្នុង​ឆ្នាំ​១៩៣២ ខណៈដែល​ស្ថានីយ​មួយ​នេះ ទើបតែ​បាន​បំពេញ​ការសាងសង់​ខ្សែ​ផ្លូវដែក​របស់ខ្លួន ទៅកាន់​ខេត្តបាត់ដំបង កាល​ពេល​ថ្មីៗ​នេះ​។​

បើ​យោងទៅតាម​លោក John Guiry ប្រធាន​ក្រុមហ៊ុន Royal Railways ស្ថានីយ​រថភ្លើង​នេះ ត្រូវបាន​ជួសជុល​ឡើងវិញ កាលពី​ឆ្នាំ​២០១២ ហើយ​ក្នុង​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយនេះ ស្ថានីយ​រថភ្លើង​ក្រុងភ្នំពេញ ក្រោម​ការគ្រប់គ្រង​រប​ស់​ក្រុមហ៊ុន Royal Railways បានដាក់​ឲ្យ​ដំណើរ​ជាធម្មតា​ឡើងវិញ នូវ​សេវា​ធ្វើដំណើរ​ដោយ​រថភ្លើង ទៅកាន់​ខេត្តកំពត ព្រះសីហនុ ពោធិ៍សាត់ និង​ប៉ោយប៉ែត ក៏ដូចជា​សេវា​ដឹង​ជញ្ជូន​ជា​ទៀងទាត់​ទៅកាន់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។​

​លោក Bolls បានបញ្ជាក់​ទៀតថា “​ស្របពេល​មានការ​រីកលូតលាស់​ក្នុង​តំបន់​សេដ្ឋកិច្ច​ដ៏​សំខាន់​របស់​រាជធានី​ភ្នំពេញ វា​ជា​ពេលវេលា​ដ៏​ត្រឹមត្រូវ​ក្នុងការ​នាំយក​ស្ថានីយ​រថភ្លើង​មួយ​នេះ ទៅកាន់​សតវត្សរ៍​ទី​២១ ក្នុងនាម​ជា​គោលដៅ​មួយ​សម្រាប់​អ្នករស់នៅ​ទីក្រុង​ភ្នំពេញ និង​ភ្ញៀវ​ទេសចរ​ ក្នុងការ​ទៅ​សម្រាក​លំហែ ​នៅ​កន្លែង​ដែល​ពោរពេញ​ផាសុកភាព​មួយ​”​។ លោក បន្តថា “​វា​នឹង​ច្របាច់​បញ្ចូល​គ្នា​យ៉ាង​ល្អឥតខ្ចោះ​ជាមួយនឹង​ហាង​ជុំវិញ​នោះ ជាពិសេស​តំបន់​កណ្តាល​រាង​ការ៉េ​ដ៏​ស្រស់ស្អាត នៅ​ពីមុខ​ស្ថានីយ ហើយ​យើង​ជឿជាក់ថា វា​នឹង​ក្លាយជា​កន្លែង​មួយ​ក្នុងចំណោម​កន្លែង​ដ៏​ពេញនិយម​បំផុត​ក្នុង​ទីក្រុង​នេះ ដើម្បី​ជួបជុំគ្នា និង​ទទួលទាន​អាហារ​ពេល​ល្ងាច​ដ៏​ឈ្ងុយឆ្ងាញ់ ទិញ​ទំនិញ និង​ជា​កន្លែង​រៀបចំ​ព្រឹត្តិការណ៍ ក៏ដូចជា​ពិ​ពណ៌​ផ្សេងៗ​ដ៏​ពិសេស​តែមួយ ដែល​ផ្ទុយគ្នា​ស្រឡះ ទៅនឹង​រូបរាង​ដែល​យើង​ធ្លាប់​បានឃើញ​ពីមុន​”​។​

​គម្រោង​ជួសជុល​ឡើងវិញ​មាន​ទឹកប្រាក់​៥​លាន​ដុល្លារ​អាមេរិក​មួយ​នេះ នឹង​ចាប់ផ្តើម​ដំណើរការ​ក្នុង​រយៈពេល​៣ ទៅ​៤​ខែ​ខាងមុខ​ទៀត ស្រប​ពេលដែល​ក្រុមហ៊ុន​ជា​អាជីវករ​ជួល​ជាច្រើន នឹង​តម្រង់​ជួរ​គ្នា ដើម្បី​ទទួលបាន​សិទ្ធិ​ធ្វើ​អាជីវកម្ម​នៅ​ហាង​ផ្សេងៗ ដែល​ត្រូវបាន​រចនា​យ៉ាង​ស្រស់ស្អាត​។ លោក Bolls បាន​បញ្ជាក់ថា “​យើង​គិតទុក​ជាមុន​រួចជាស្រេច​ពី​អត្ថប្រយោជន៍​ដ៏​ពិសេស ដែល​បានមកពី​ក្រុមហ៊ុន​ក្នុងស្រុក និង​អន្តរជាតិ និង​ពិតជា​ចង់​ផ្សារភ្ជាប់​ក្នុងពេល​ឆាប់ៗ​នេះ​ជាមួយនឹង​ក្រុមហ៊ុន​ជួល​ដ៏​សំខាន់​មួយ ដែល​អាច​ធ្វើការ​ជាមួយ​យើង ដើម្បី​ជួយ​បង្កើត​ចេញ​រូបរាង​លើ​គម្រោង​ដែល​កំពុង​បន្ត​មួយ​នេះ​”​។​

​គម្រោង​នេះ អនុវត្ត​យ៉ាង​យកចិត្តទុកដាក់​ស្របតាម​គម្រោង​រយៈពេល​វែង​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដើម្បី​ប្រែក្លាយ​រូបរាង​ស្ថានីយ​រថភ្លើង​របស់​កម្ពុជា​ទាំងស្រុង និង​ដើម្បី​ផ្តល់​សេវា​ផ្សេងៗ ក្នុង​គោលបំណង​ធ្វើ​ឲ្យ​ការធ្វើដំណើរ​ដោយ​ផ្លូវដែក​ក្លាយជា​ជម្រើស​ប្រកបដោយ​អត្ថប្រយោជន៍​មួយ​សម្រាប់​អ្នកដំណើរ​។​

​លោក Simon Griffiths នាយក​ផ្នែក​គ្រប់គ្រង​នៅ​ក្រុមហ៊ុន Urban Asset Solution ដែល​នឹង​ទទួលខុសត្រូវ​លើ​ការធ្វើ​ទីផ្សារ​ក្នុង​គម្រោង​នេះ​ទៅកាន់​ក្រុមហ៊ុន​ជួល​សំខាន់ៗ បាន​បញ្ជាក់ថា “​ជា​លើក​ទី​១ ភ្ញៀវ​ដែល​ធ្វើដំណើរ​មកដល់​ទីក្រុង​នេះ ដោយ​រថភ្លើង ស្ថានីយ​នេះ មិន​ធ្លាប់​ផ្តល់​ការស្វាគមន៍​ជាពិសេស​ពីមុនមក​ឡើយ​។ ជាមួយនឹង​ការអភិវឌ្ឍ​ឡើងវិញ​នេះ យើង​ចង់​ឲ្យ​ភ្ញៀវ​ទាំងអស់ ដឹង​ពី​កម្រិត​ដែល​ទីក្រុង​ភ្នំពេញ និង​ប្រទេស​កម្ពុជា បាន​អភិវឌ្ឍ ក៏ដូចជា មើលឃើញ​ពី​កម្រិត​ដែល​ការជួស​ជ្រុល​ប្រកបដោយ​ការយកចិត្តទុកដាក់ និង​ផ្តល់​អត្ថប្រយោជន៍​ខ្ពស់ អាចធ្វើ​ឡើង ដោយ​ផ្អែកទៅលើ​សក្តានុពល​របស់​អគារ​ជា​បេតិកភណ្ឌ​ដ៏​ស្រស់ស្អាត​ជាច្រើន​របស់​យើង​”៕

ដោយ ៖ កោះ​កែវ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114