ព័ត៍មានទាន់​ហេតុការណ៏
Search

សឿ សុធា​រ៉ា ចែករំលែក​ក្តី​ស្រលាញ់​នា​ថ្ងៃ​ខួបកំណើត​ដោយ​នាំ​យក​អំណោយ​សម្តេច​ទាំង​ទ្វេ​ចែក​ជូន​ប្រជាពលរដ្ឋ​ខ្វះខាត​ជាង​៣០​គ្រួសារ​នៅ​វិមាន​ឈ្នះ​ឈ្នះ

ភ្នំពេញ ៖ តារា​សម្តែង​ធ្លាប់​មានឈ្មោះ​ល្បី​និង​មាន​ប្រជាប្រិយភាព​លើ​វិថី​សិល្បៈ​អ្នកនាង សឿ សុធា​រ៉ា ស្របពេល​ឱកាស​នៃ​ថ្ងៃ​ខួបកំណើត​របស់ខ្លួន​ផង​នោះ បាន​បង្ហាញ​ពី​សកម្មភាព​ចូលរួម​ការងារ​មនុស្ស​ធម៌​តាមរយៈ​ការចុះ​ចែក​រំ​លែក​ក្តី​ស្រលាញ់​ជូន​ប្រជាពលរដ្ឋ​ខ្វះខាត​ដោយបាន​នាំយក​អំណោយ​និង​ថវិកា​​មួយចំនួន​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ​ខ្វះខាត​ជាង​៣០​គ្រួសារ​នៅ​វិមាន​ឈ្នះ​ឈ្នះ​។​

​បើ​ផ្អែក​តាម​ការ​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​តារា​ស្រី​អ្នកនាង សឿ សុធា​រ៉ា កាលពី​ថ្ងៃទី​៥ ខែមិថុនា កន្លងមកនេះ​ ត្រូវបាន​ប្រទះឃើញ​តារា​ស្រី​រូបនេះ​នាំយក​អំណោយ​សប្បុរសធម៌​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុន ទៅ​ចែកជូន​ប្រជាពលរដ្ឋ​ជួប​ការខ្វះខាត​ចំនួន​៣៣​គ្រួសារ​នៅឯ​វិមាន​ឈ្នះ​ឈ្នះ។

អ្នកនាង សឿ សុធា​រ៉ា បាន​សរសេរ​បង្ហោះ​ភ្ជាប់​ជាមួយ​រូបភាព​ជាច្រើន​សន្លឹក​ដូច្នេះ​ថា ​Happy birthday to me គម្រប់​៣៣​ឆ្នាំ ឆ្នាំ​ថ្មី​សូម​ជូន​បុណ្យ​បងប្អូន​ខ្មែរ​ទាំង​អស់គ្នា​ផង​ចំពោះ​អំណោយ​ទេវតា​សម្រាប់​លោកតា​លោកយាយ​ចាស់ៗ​ទីទាល់ក្រ​ចំនួន​៣៣​គ្រួសារ​។ ​ក្រៅពី​អង្ករ​សម្តេច​ទាំង​ទ្វេ​​លោក​ក៏​សប្បុរស​បន្ថែម​នៅ​ទឹកប្រាក់​ក្នុង​ម្នា​ក់​បាន​ចំនួន​៤​ម៉ឺន​រៀល​ហើយ​ក្រុមការងា​អំណោយ​ទេវតា​នឹង​បន្តធ្វើ​គ្រប់​ទីកន្លែង ស្មើៗ​គ្នា Sapoun Mi Dada វិមាន​ខ្មែរ​ឈ្នះ​ឈ្នះ​។

​តារា​ស្រី​អ្នកនាង សឿ សុធា​រ៉ា និយាយទៀតថា​ សម្រាប់​ខួបកំណើត​ឆ្នាំនេះ​ខ្ញុំ​មិន​បានធ្វើ​ពិធីជប់លៀង​អបអរ​ជា​លក្ខណៈ​ធំដុំ​នោះទេ ដោយ​ខ្ញុំ​បាន​យក​ពេល​ដឹកនាំ​ក្រុមការងារ​សប្បុរសធម៌​របស់​សម្ដេច​ទាំងពីរ​យក​អំណោយ​ទៅ​ប្រគល់ជូន​លោកតា​លោកយាយ​ដែល​ស្នាក់នៅ​តំបន់​វិមាន​ឈ្នះឈ្នះ​វិញ ដើម្បីអោយ​ពួកគាត់​សប្បាយចិត្ត​។​

​តារា​ស្រី​អ្នកនាង សឿ សុធា​រ៉ា បញ្ជាក់ថា ​ខ្ញុំ​និង​ស្វាមី​ក៏មាន​តួនាទី​ដឹកនាំ​អំណោយ​សប្បុរសធម៌​រប​ស់​ស​ម្ដេច​ទាំងពីរ​បែបនេះ យកទៅ​ប្រគល់ជូន​គ្រួសារ​ខ្វះខាត​ផ្សេងទៀត​ផងដែរ​ ដោយ​គ្រាន់តែ​ការប្រគល់​អំណោយ​កាលពី​ថ្ងៃទី​០៥​ខែមិថុនា គឺជា​ការប្រគល់​ចំ​ថ្ងៃ​ខួបកំណើត​វ័យ​៣៣​ឆ្នាំ​របស់ខ្លួន​ដើម្បីអោយ​លោកតា​លោកយាយ​បាន​សប្បាយចិត្ត​។​ ក្រៅពី​អំណោយ​របស់​សម្ដេច​សប្បុរសធម៌​ទាំង​ទ្វេ​ ខ្ញុំ​និង​ស្វាមី ក៏បាន​ចាត់ចែង​ជា​អំណោយ​ផ្សេងទៀត​ដើម្បី​ប្រគល់​ជូន​ផង​ដែរ ដើម្បី​ចែករំលែក​ក្ដី​ស្រលាញ់​ក្នុង​ថ្ងៃ​ខួបកំណើត​៕

ដោយ ៖ ចាន់ ដា​រ៉ា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114