ព័ត៍មានទាន់​ហេតុការណ៏
Search

អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ថា លោក លី ស៊ាន​ឡុង នាយករដ្ឋមន្ត្រី​សិង្ហ​បុរី កំពុង​ភាន់ច្រឡំ​ប្រវត្តិសាស្ត្រ

ភ្នំពេញ​ ៖ អ្នកនាំពាក្យ​ក្រសួងការពារជាតិ នាយ​ឧ​ត្ត​ម​សេនី​យ៍ ឈុំ សុជាតិ បាន​អះអាងថា លោក លី ស៊ាន​ឡុង នាយករដ្ឋមន្ត្រី​សិង្ហ​បុរី កំពុង​ភាន់ច្រឡំ​ប្រវត្តិសាស្ត្រ រហូត​និយាយថា “​វៀតណាម​បាន​ឈ្លានពាន​កម្ពុជា​” គ្រា​ដែល​វៀតណាម បានធ្វើ​ពលិកម្ម រួម​កម្លាំង​ជាមួយ​កងទ័ព​ប្រជាជន​កម្ពុជា រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ​ចេញពី​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ដែល​ពិភពលោក​ស្អប់ខ្ពើម​។

អ្នកនាំពាក្យ​ក្រសួងការពារជាតិ​លើកឡើង​បែបនេះ កាលពី​រសៀល​ថ្ងៃទី​០៧ ខែមិថុនា និង​បន្ទប់​ពី​នាយករដ្ឋមន្ត្រី​សឹង្ហ​បុរី លី ស៊ាន​ឡុង បាន​បង្ហោះ​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​កាលពី​ថ្ងៃទី​៣១ ខែឧសភា កន្លងទៅ​ថា សមាជិក ASEAN ៥ បាន​រួមគ្នា​ប្រឆាំង​ការឈ្លានពាន​របស់​វៀត​ណា​ម មកលើ​កម្ពុជា​។

នាយ​ឧ​ត្ត​ម​សេនី​យ៍ ឈុំ សុជាតិ លើកឡើង​យ៉ាងនេះ​ថា “​ខ្ញុំ​ពិតជា មានការ​សោក​ស្តាយ​ជាខ្លាំង ដែល​ឯកឧត្តម លី ស៊ាន​ឡុង នាយករដ្ឋមន្ត្រី​សិង្ហ​បុរី ភាន់ច្រឡំ​ចំពោះ​ប្រវត្តិសាស្ត្រ រហូតដល់​និយាយថា “​វៀតណាម​បាន​ឈ្លានពាន​កម្ពុជា​” គ្រា​ដែល​វៀតណាម បានធ្វើ​ពលិកម្ម រួម​កម្លាំង​ជាមួយ​កងទ័ព​ប្រជាជន​កម្ពុជា រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ​ចេញពី​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ដែល​ពិភពលោក​ស្អប់ខ្ពើម​។ ការ​លើកឡើង​របស់ ឯកឧត្តម នាយករដ្ឋមន្ត្រី​សិង្ហ​បុរី បាន​ស្តែង​ឲ្យឃើញថា សិង្ហ​បុរី​ពេលនោះ បាន​គាំទ្រ​របប​ប្រល័យពូជសាសន៍ ដែល​បាន​កាប់សម្លាប់​ប្រជាជន​កម្ពុជា​រាប់លាន​នាក់ និង​ចង់​ឲ្យ​របប​ប្រល័យពូជសាសន៍​វិលត្រឡប់​មកវិញ​ដែរ​។ ការលើកឡើង​នេះ ក៏​ជាការ​ប្រមាថ​ដល់​ពលិកម្ម​សាច់​ស្រស់​ឈាម​ស្រស់​របស់​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម ដែល​បាន​ជួយ​រំដោះ​កម្ពុជា ឲ្យ​រួច​ផុតពី​របប​ប្រល័យពូជសាសន៍​នោះ​។

តាម​នាយ​ឧ​ត្ត​ម​សេនី​យ៍ ឈុំ សុជាតិ “​រាជរដ្ឋាភិបាល​កម្ពុជា យុទ្ធជន​កម្ពុជា និង​ពលរដ្ឋ​កម្ពុជា ចេះ​ទទួលស្គាល់​ការពិត នៃ​ការ​ធ្វើ​ពលិកម្ម​របស់​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម​។ បើ​គ្មាន​ការចូលរួម​ពី​កងទ័ព​វៀតណាម ក្នុង​ការ​វាយ​ផ្តួល​រំលំ​របប​ប៉ុលពត​ទេ ម្ល៉េះ​ពេលនោះ ប្រជាជន​កម្ពុជា​ត្រូវ​ពួក​ប៉ុល ពត សម្លាប់​យ៉ាង​អយុត្តិធម៌ ហើយ​គ្មាន​បរទេស​ណា ជួយ​រក​យុត្តិធម៌​ឲ្យ​ទេ​។ ខ្ញុំ​ធ្លាប់​ជាប់​ក្នុង​គុក​របស់ ប៉ុល ពត ដោយ​រង់ចាំ​តែ​ថ្ងៃ​ស្លាប់​ទេ ពេលនោះ គឺរ​ស់បាន​មួយថ្ងៃ​សម្រាប់​តែ​មួយថ្ងៃ​។ រាល់​ដង្ហើម​ចេញចូល បាន​បន់ស្រន់​អស់ហើយ ឲ្យ​តែ​មាន​អ្នកណា​មក​សង្គ្រោះ​ជីវិត​។ ប្រជាជន​កម្ពុជា​ក្នុង​របប ប៉ុល ពត មិនអាច​បំភ្លេច​គុណ កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម និង​កងទ័ព​រណ​សិ​រ្យ​សាមគ្គី​សង្គ្រោះ​ជាតិ​បានទេ​”​។

នាយ​ឧ​ត្ត​ម​សេនី​យ៍ ឈុំ សុជាតិ លើកឡើង​ទៀតថា ឯកឧត្តម នាយករដ្ឋមន្ត្រី​សិង្ហ​បុរី មិនមែន​ជា​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ធ្លាប់​រស់នៅ​ក្នុងសម័យ​ប៉ុលពត និង​រង​ឥទ្ធិពល​ដោយ​របប​ឃោរឃៅ​នេះ គឺ​ពិតជា​មិនបាន​ដឹង អំពី​ទុក្ខវេទនា​របស់​ប្រជាជន​កម្ពុជា ដែល​ត្រូវការ​អ្នក​ជួយសង្គ្រោះ​ជីវិត ក្នុងពេលដែល​ខ្លួន​កំពុងតែ​រងគ្រោះ​ដោយ​របប​យង់ឃ្នង ពេលនោះ​ឡើយ​។ លោក​បន្ត​ថា ក្នុង​រឿងនេះ លោក​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី គួរតែ​កែតម្រូវ​ចំពោះ ការ​លើកឡើង​ដោយ​ភាន់ច្រឡំ​ប្រវត្តិសាស្ត្រ ខ្វះ​សច្ចភាព ដែល​អាច​បង្ក​ឲ្យមាន​ការ​យល់ច្រឡំ​ចំពោះ កិច្ច​សហប្រតិបត្តិការ​រវាង​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម ជាមួយ​កងទ័ព​រណ​សិ​រ្យ​សាមគ្គី​សង្គ្រោះ​ជាតិ ក្នុងការ​ផ្តួលរំលំ​រប​ប​ប្រល័យពូជសាសន៍ ប៉ុល ពត​៕
កោះ​កែវ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114