ព័ត៍មានទាន់​ហេតុការណ៏
Search

សម្តេច​តេ​ជោ ហ៊ុន សែន ចាត់ទុក​លោក លី ស៊ាន​ឡុង នាយករដ្ឋ​មន្ដ្រី​សិង្ហ​បុរី​ថា បានរួម​ចំណែក​សម្លាប់​ប្រជាជន​កម្ពុជា​យ៉ាងពិត​ប្រាកដ

ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​បង្ហោះ​សារ​ទាំង​ភាសា​ខ្មែរ​និង​ភាសា​អង់គ្លេស​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ទាំង​ពាក់កណ្តាល​យប់​នៅ​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០១៩​នេះ ជា​ប្រតិកម្ម​តបត​មួយ​ទៅ​លោក លី ស៊ាន​ឡុង នាយករដ្ឋមន្ត្រី​សិង្ហ​បុរី​ដែល បាន​លើកឡើងថា «​វៀតណាម​ឈ្លានពាន​កម្ពុជា​ក្នុង​អំឡុង​ទសវត្សរ៍​៨០ …​ហើយ​ពួកខ្លួន អាស៊ាន​៥ ប្រទេស​បាន​រួម​គ្នា​ប្រឆាំង​ការឈ្លានពាន របស់​វៀតណាម​មក​លើ​កម្ពុជា​និង​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ជំនួស​ខ្មែរក្រហម​»​។ នៅក្នុង​សារ​របស់​សម្តេច​បាន​ចោទប្រកាន់​មេដឹកនាំ សិង្ហ​បុរី ថា មេដឹកនាំ​សិង្ហ​បុរី​បាន​ចូល​រួម​ចំណែក​សម្លាប់​ប្រជាជន​កម្ពុជា​យ៉ាង​ពិត​ប្រាកដ ព្រមទាំង​បាន​លើក​សំណួរ​ទៅកាន់​នាយករដ្ឋមន្ត្រី សិង្ហ​បុរី​ថា តើ​លោក​ចាត់ទុក​ការ​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម​កន្លងទៅនេះ​ជាការ​ត្រឹមត្រូវ​ដែរឬទេ​?

នៅក្នុង​សារលិខិត​តាម​រយៈ​ហ្វេ​ស​បុក​នេះ​ សម្តេច​បានសរសេរ​ថា «​ខ្ញុំ​ពិតជា​មានការ​សោក​ស្តាយ​ខ្លាំង​ណាស់​ដែល ឯ​.​ឧ នាយករដ្ឋមន្ត្រី សិង្ហ​បុរី លី ស៊ាន​ឡុង បាន​បង្ហោះ​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​កាលពី​ថ្ងៃទី ៣១ ខែឧសភា កន្លងទៅ ដោយ​លើក​ឡើង​ថា ” ពេល​ដែល​គាត់​(​ឧ​ត្ត​ម​សេនីយ៍ ព្រេ​ម​) ធ្វើជា​នាយករដ្ឋមន្ត្រី (​ថៃ​) គាប់​ជួន​នឹង​ពេល​ដែល​សមាជិក ASEAN (​កាលនោះ​គ្នា​យើង ៥ ប្រទេស​)​រួមគ្នា​ប្រឆាំង​ការ​ឈ្លា​ន​ពាន​របស់​វៀតណាម​មក​លើ​កម្ពុជា និង​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ជំនួស​ខ្មែរក្រហម​។​…”​ការ​លើក​ឡើង​នេះ​បង្ហាញថា កាលនោះ​សិង្ហ​បុរី បាន​គាំទ្រ​របប​ប្រល័យពូជសាសន៍ និង​ចង់​ឲ្យ​របប​ប្រល័យ​ពូជ​សាស​ន៍​វិល​ត្រឡប់មក​កម្ពុជា​វិញ​ដែរ​។

​សិង្ហ​បុរី​បាន​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ការប្រជុំ​ដែល​នាំ​ដល់​ការបង្កើត​រដ្ឋាភិបាល​ចំរុះ​ត្រីភាគី​កម្ពុជា​ប្រជាធិបតេយ្យ​និង​អូស​បន្លាយ​សង្គ្រាម​នៅ​កម្ពុជា និង​ទុក្ខវេទនា​របស់​ប្រជាជន​កម្ពុ​ជាជាង​១០ឆ្នាំ​ថែមទៀត​ ហើយ​ដែល​ស្មើនឹង​ការ​ប្រឆាំង​នឹង​ការ​រស់​ឡើងវិញ​របស់​ប្រជាជន​កម្ពុជា​ផងដែរ​។​ការ លើកឡើង​នេះ​ក៏​ជាការ​ប្រមាថ​ដល់​ពលិកម្ម​សាច់​ស្រស់​ឈាម​ស្រស់​របស់​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម​ដែល​បាន​ជួយ​រំដោះ​កម្ពុជា ឲ្យ​រួច​ផុត​ពី របប​ប្រល័យ​ពូជ​សាសន៍​នោះ​។ ការ​លើកឡើង​របស់​ឯក​ឧ​ត្ត​ម លី ស៊ាន​ឡុង នា​ពេល​នេះ​ក៏បាន​បង្ហាញ​ឲ្យ​ប្រជាជន​សាំង​ហ្គា​ពួរ និង​ពិភពលោក​ថា មេដឹកនាំ​សិង្ហ​បុរី​នា​ពេល​នោះ បាន​រួម​ចំណែក​សម្លាប់​ប្រជាជន​កម្ពុជា​យ៉ាង​ពិត​ប្រាកដ​។

ចុងក្រោយ​នេះ​ខ្ញុំ​ចង់​សួរ ឯកឧត្តម​នាយករដ្ឋមន្ត្រី លី ស៊ាន​ឡុង​ថា តើ​គាត់​ចាត់ទុក​ការ​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម​កន្លងទៅ​នេះ​ថា​ជាការ​ត្រឹមត្រូវ ដែរ​ឬ​អត់​?»

ដោយ​ឡែក​នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នា​ព្រឹក​ថ្ងៃទី ៧ ខែ មិថុនា ២០១៩ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​មានប្រសាសន៍​រំលឹក និង​ប្រដៅ​ដល់​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី លី ស៊ាន​ឡុង​ថា “យើង​គួរ​ថ្នាក់ថ្នម​ទំនាក់ទំនង​រវាង​រដ្ឋាភិបាល​និង​រដ្ឋាភិបាល​ក៏ដូចជា​ប្រជាជន និង ប្រជាជន​នៅក្នុង​ប្រជាជាតិ​អាស៊ាន​” នេះ​បើ​យោង​តាម​ការ​បង្ហោះ​ក្នុង​ផេ​ក​ហ្វេ​ស​បុក​របស់លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល។

​លោកនាយក​រដ្ឋមន្ត្រី លី ស៊ាន​ឡុង កាលពី​ថ្ងៃទី ៣១ ឧសភា​បានសរសេរ​ថា «​ក្នុងអំឡុង​ពេល​ដែល​លោក ព្រេ​ម ទីន​ស៊ូ​ឡា​នុ​ន​ដា ធ្វើជា​នាយករដ្ឋមន្ត្រី​ថៃ​នោះ វា​ក៏​ជា​ពេល​ដែល​សមាជិក​អាស៊ាន​ទាំង​៥​នៅពេលនោះ បាន​ប្រឆាំង​នឹង​ការឈ្លានពាន​របស់​វៀត​ណា​ម​មក​លើ​កម្ពុជា និង​រដ្ឋាភិបាល​កម្ពុជា (ពេលនោះ​) ដែល​មក​ជំនួស​របប​ខ្មែរក្រហម​»​។ លោក លី ស៊ាន​ឡុង សរសេរ​បន្ត​ទៀត​ថា «​ប្រទេស​ថៃ​បាន​ប្រឈម​នឹង​កងទ័ព​វៀតណាម​នៅ​តាម​បណ្តោយ​ព្រំដែន​របស់​ខ្លួន​ជាមួយ​កម្ពុជា​។ លោក​ឧ​ត្ត​ម​សេនីយ៍ ព្រេ​ម បានសម្រេច​ចិត្ត​យ៉ាង​មុតមាំ​ដោយ​មិន​ទទួលយក​អ្វីដែល​កំពុង​កើតឡើង​នោះ ហើយ​បាន​ធ្វើ​ការ​ជាមួយ​ដៃគូ​ក្នុង​អាស៊ាន​ដើម្បី​ប្រឆាំង​វៀតណាម​នៅ​តាម​វេទិកា​អន្តរជាតិ​នានា​»​។

​បន្ទាប់ពី​លោក លី ស៊ាន​ឡុង បញ្ចេញ​សារ​បែបនេះ លោក ហ៊ុន ម៉ា​នី កូនប្រុស​ពៅ​សម្តេច​តេ​ជោ ហ៊ុន សែន និង​ជា​តំណាងរាស្ត្រ​ខេត្តកំពង់ស្ពឺ ក៏បាន​សំដែង​ការ​ហួសចិត្ត ហើយ​សរសេរ​ប្រតិកម្ម​ជា​ភាសា​អង់គ្លេស​នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់លោក​ដោយមាន​ភ្ជាប់​សារ​របស់​នាយក រដ្ឋមន្ត្រី​សិង្ហ​បុរី​ផង​ថា «​ខ្ញុំ​មាន​អារម្មណ៍​ហួស​ពី​ការ​ភ្ញាក់ផ្អើល​នៅពេល​បានឃើញ​សារ​របស់​នាយករដ្ឋមន្ត្រី លី ស៊ាន​ឡុង នេះ​»​។

​លោក ហ៊ុន ម៉ា​នី បាន​សរសេរ​ទៀត​ថា «​បើ​ទោះ​ជា​វា​ជាការ​ពិត​នៃ​ភូមិសាស្ត្រ​នយោបាយ ឬ​ជា​ការ​ធ្វើឡើង​ដើម្បី​ប្រយោជន៍​ជាតិ​របស់​ខ្លួន​ក៏ដោយ​គេ​មិន​គួរ​មើល​រំលង ​ឬ បំភ្លេច​អំពើ​ឃោរឃៅ​និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ដែល​ប្រព្រឹត្ត​ដោយ​ពួក​ខ្មែរក្រហម​នោះ​ទេ​»​។ «​ការជួយ​សង្គ្រោះ​(ពលរដ្ឋ​កម្ពុជា)​គឺ​បាន​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ដោយមាន​ការ​គាំទ្រ​ពី​ប្រទេស​វៀតណាម​»​។

អ្នកនាំពាក្យ​ក្រសួងការបរទេស​វៀត​ណា​ម នៅ​ថ្ងៃទី​៤ ខែមិថុនា បានបង្ហាញ​ការសោកស្ដាយ​ចំពោះ​ការលើកឡើង​របស់​មេដឹកនាំ​សិង្ហ​បុរី ​ដែល​ធ្វើឡើង​អំឡុងពេល​កិច្ចសន្ទនា​សន្តិសុខ Shangri-La និង​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់លោក។ វៀតណាម​ចាត់ទុក​សម្ដី​លោក លី ថា មិនបាន​ឆ្លុះបញ្ចាំង​ការពិត​។

អ្នកនាំពាក្យ​ក្រសួងការបរទេស​វៀត​ណា​ម​បាន​សរសេរ​លើ​បណ្ដាញ​សង្គម Twitter ថា «​វៀតណាម​មានការ​សោកស្ដាយ​ចំ​ពោះ​ការ​លើកឡើង របស់​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី លី ស៊ាន​ឡុង នា​កិច្ចប្រជុំ​Shangri-La និង នៅលើ​ហ្វេ​ស​ប៊ុ​ក​ដែល​មិនបាន​ឆ្លុះបញ្ចាំង​ពី​សច្ចភាព​ប្រវត្តិសាស្ត្រ ហើយ​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​អវិជ្ជមាន​ក្នុងចំណោម​សាធារណមតិ​។​»

មន្ត្រី​ក្រសួងការបរទេស​វៀត​ណា​ម​ដដែល​បន្ត​ថា ​ក្នុងនាម​ជា​សមាជិក​សកម្ម និង​មានការ​ទទួលខុសត្រូវ​របស់​អាស៊ាន វៀតណាម បាន និង​បន្ត​ធ្វើការ​ជាមួយ​សមាជិក​ដទៃទៀត​ដើម្បី​កសាង​សហគមន៍​អាស៊ាន​ដ៏​រឹងមាំ​ប្រកបដោយ​ការ​រួបរួម និង​សាមគ្គីភាព ហើយ​ដើរតួនាទី​ស្នូល​នៅក្នុង​តំបន់៕
ណា​រី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114