ព័ត៍មានទាន់​ហេតុការណ៏
Search

ជម្រុះ World Cup ៖​ ក្រុម​ជម្រើសជាតិ​កម្ពុជា ចេញដំណើរ​ទៅកាន់​ប្រទេស​កាតារ ត្រៀម​ប៉ះ​ប៉ា​គី​ស្ថាន​ក្នុង​ជើង​ទី​២

ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា បានចេញ​ដំណើរ​ទៅកាន់​ប្រទេស​កាតារ​ដែល ជា​ទឹកដី​កណ្តាល​ដើម្បី​ត្រៀម​ប្រកួត​ជើង​ទី​២​ក្នុង​យុទ្ធនា​ការប្រកួត​ជម្រុះ​បឋម​ប្រចាំ​ទ្វីបអាស៊ី​ក្នុង​វគ្គ​ជម្រុះ​ពានរង្វាន់​បាល់ទាត់​ពិភពលោក 2022 FIFA World Cup ដែល​រៀបចំ​នៅ​ប្រទេស​កាតារ ក្នុង​ឆ្នាំ​២០២២ ខណៈ​លទ្ធផល​កាលពី​ជើង​ទី​១ កម្ពុជា បាន​ប្រកួត​ឈ្នះ​ក្រុម​ជម្រើសជាតិ​ប៉ា​គី​ស្ថាន ដោយ​លទ្ធផល ២​ទល់​០ លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ ក្នុង​រាជធានី​ភ្នំពេញ នៅ​ល្ងាច​ថ្ងៃ​ព្រ​ហ​ស្បតិ៍ ទី​៦ ខែមិថុនា ឆ្នាំ២០១៩​។

មន្ត្រី​សារព័ត៌មាន​របស់​សហ​ព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (​ស​.​ប​.​ក​) បាន​ជូនដំណឹង​ថា ​ក្រុម​ជម្រើសជាតិ​កម្ពុជា ដែល​ដឹកនាំ​ដោយ​លោក​Keisuke Honda​ទាំងមូល​បាន​ចាកចេញ ពី​ទឹកដី​កម្ពុជា នៅវេលា​ម៉ោង​៥និង១៥ នាទី​ល្ងាច ថ្ងៃ​សុក្រ ទី​៧ ខែមិថុនា ឆ្នាំ​២០១៩ តាមរយៈ​ជើងហោះហើរ​លេខ RQ 971 ដែល​ហោះ​ឆ្ពោះទៅ​ប្រទេស​វៀតណាម ជាមុនសិន​មុននឹង​បន្តដំណើរ​ត្រង់​ទៅកាន់​ប្រទេស​កាតា ជា​គោលដៅ​ចុងក្រោយ​។ ក្រុម​គោព្រៃ​កម្ពុជា នឹង​ចំណាយពេល​ប្រហែល ៦​ម៉ោង​សម្រាប់​ការធ្វើដំណើរ ហើយនឹង​នៅវេលា​ម៉ោង​១១:១៥ យប់​ថ្ងៃ​ដដែល​។

​ក្រុម​ជម្រើសជាតិ​កម្ពុជា ត្រូវ​ប៉ះ​ម្ចាស់ផ្ទះ​ប៉ា​គី​ស្ថាន ក្នុង​ជើង​ទី​២​វិញ​មួយ​លើកទៀត ដោយ​ត្រូវ​ប្ដូរ​ទឹកដី​ទៅ​ប្រកួត​នៅ​ទឹកដី​កណ្ដាល​លើ​ទីលាន​កីឡដ្ឋាន Hamad bin Khalifa Stadium ក្នុង​ទីក្រុង​ដូ​ហា ប្រទេស​កាតារ តាម​ការ​ស្នើសុំ​របស់​ក្រុម​ប៉ា​គី​ស្ថាន ផ្ទាល់​ព្រោះ​ស្ថានភាព​នយោបាយ​ក្នុង​ប្រទេស​របស់ខ្លួន​មិនអាច​រក្សា​សុវត្ថិភាព​សម្រាប់​ការប្រកួត​បាន​។ ការប្រកួត​នឹងធ្វើ​ឡើង​នៅវេលា​ម៉ោង​៧​យប់​ថ្ងៃ​អង្គារ ទី​១១ ខែមិថុនា ឆ្នាំ​២០១៩​ខាងមុខ​។

យោង​តាម​បញ្ជី​ឈ្មោះ​ដែល​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (​ស​.​ប​.​ក​) កោះហៅ​ថ្នាក់ដឹកនាំ​និង​កីឡាករ​ប្រចាំ​ក្រុម​ជម្រើសជាតិ​កម្ពុជា​លើក​នេះ​មាន លោក Keisuke Honda ជា​អ្នកចាត់ការ​ទូទៅ​របស់​ក្រុម​ហើយ​លោក Felix G Dalmas ជា​គ្រូ​បង្គោល លោក ឈូក ពិសិដ្ឋ ជា​អ្នកចាត់ការ​ក្រុម លោក ភា សុ​ភ័​ត្រា និង​លោក សាប៊ូ​ន វិ​នតា ជា​គ្រូ​ជំនួយ លោក យុន វង្ស​រ៉ាត់ ជា​គ្រូ​អ្នកចាំទី លោក Taichi Oshiya ជា​គ្រូ​ផ្នែក​កាយសម្បទា ជា​គ្រូបង្ហាត់​ផ្នែក​កាយសម្បទា លោក លឹម ច័ន្ទ​មុន្នី​ឧ​ត្ត​ម ជា​មន្ត្រី​ផ្នែក​គ្របគ្រង​សម្ភារៈ លោក សេង ចំរើន និង​លោក ហ៊ុន ប៉េងឡុង ជា​គ្រូពេទ្យ លោក Shinya Kazaki លោក ម៉ា ភា​រ៉ា ជា​មន្ត្រី​ផ្នែក​វិភាគ​វីដេអូ​កា​ប្រកួត លោក ស៊ិ​ដ្ឋ អ៊ី​សឺ និង​លោក ជុំ ជួប ជា​មន្ត្រី​ព័ត៌មាន​។

​ចំណែក​បញ្ជី​ឈ្មោះ​កីឡាករ​វិញ​មាន សេត រ៉​ស៊ី​ប មកពី​ក្លិប​បឹងកេត កីឡាករ រ៉ឹ​ម ប៊ុន​ហៀ​ង​, អ៊ុំ វិចិត្រ មកពី​ក្រសួងការពារជាតិ គូ​ច ដា​នី​, គួច សុ​កុម្ភៈ​,​សុះ ស៊ូ​ហា​ណា មកពី​ណាហ្គា​វើ​ល កីឡាករ អន ចាន់​ប៉ូ​លីន​, សា​វែង សំណាង​,​សឿត បារាំង​,​ម៉ៅ ពិសិដ្ឋ​, យ៉ើ សា​ហ្វី មកពី​ក្រុម​ភ្នំពេញ​ក្រោ​ន កីឡាករ ឃៀង ម៉េង​ហ៊ូ​, ប្រាក់ មុន្នី​ឧ​ត្ត​ម​, សារ៉េត គ្រី​យ៉ា និង​សឿ​យ វិសាល មកពី​ព្រះខ័ន​រាជ​ស្វាយរៀង​។

ឆេង ម៉េង​, កែន ច័ន្ទ​សុភ័ក្ត្រ​,​កែវ សុខ​ផេង​,​កែវ សុខ​សិលា​, អ៊ុក សុវណ្ណ​,​ស៊ិន សុ​ផា​ណាត់ មកពី​ក្លិប​វិសាខា កីឡាករ ឈង ប៊ុន​ណាត មកពី​អង្គ​រថា​យ​ហ្គឺ​រ សៀង ច​ន្ធា មកពី​មជ្ឍមណ្ឌល​និង​សាលា​បាល់ទាត់​ជាតិ​បាទី​, ប៊ិន ចន្ថា​ជា​រី របស់​ក្លិប Terengganu FA មកពី​ម៉ាឡេស៊ី និង​កីឡាករ ដាវ នី​ម មកពី​ក្លិប​គីរីវង់​សុខ​សែន​ជ័យ​។

​សូម​បញ្ជាក់​ថា ​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា ត្រូវ​ប៉ះ​ក្រុម​ជម្រើសជាតិ​ប៉ា​គី​ស្ថាន ក្នុង​វគ្គ​ជម្រុះ​បឋម​ប្រចាំ​ទ្វីបអាស៊ី​ក្នុង​វគ្គ​ជម្រុះ​ពានរង្វាន់​បាល់ទាត់​ពិភពលោក 2022 FIFA World Cup ខណៈ​នៅក្នុង​ទ្វីបអាស៊ី តម្រូវ​ឲ្យ​សមាជិក​ចំនួន​៤៦​ប្រទេស​ប្រកួត​ជម្រុះ​៤​វគ្គ​ផ្សេងៗ​គ្នា ដើម្បី​ស្វែងរក​ក្រុម​ខ្លាំងជាងគេ​ចំនួន​៤​កៅអី​កន្លះ តំណាង​ឲ្យ​ទ្វីបអាស៊ី​ទៅ​ប្រកួត​វគ្គ​៣២​ក្រុម​ចុងក្រោយ​។ ចំណែក​៥​គូ​ផ្សេងទៀត​គឺ​ក្រុម​ម៉ុង​ហ្គោ​លី ប៉ះ​ប្រ៊ុយណេ ហើយ​ម៉ា​កាវ ជួប​ស្រីលង្កា ហើយ​ឡាវ​ប៉ះ​បង់​ក្លា​ដេ​ស ម៉ាឡេស៊ី ជួប​ទី​ម័​រ​ខាងកើត និង​ប៊ូ​តង់ ប៉ះ​កោះ​ហ្គា​ម​។ ក្រុម​ទាំង​៦​គូ​នេះ​ត្រូវ​ប៉ះគ្នា​២​លើក​ដោយ​ប្តូរទាំង​ដី​គ្នា ខណៈ​ប្រកួត​ទី​១​ធ្វើឡើង​នៅ​ថ្ងៃទី​៦​ខែមិថុនា និង​ជើង​ទី​២​ធ្វើឡើង​នៅ​ថ្ងៃទី​១១​ខែមិថុនា ឆ្នាំ​២០១៩​ដូចគ្នា​។

តាម​គម្រោង​ក្រុម​ឈ្នះ​នៅ​វគ្គ​ជម្រុះ​បឋម​ចំនួន​២​ជើង​ដែលមាន​៦​ក្រុម​នេះ​មានឈ្មោះ​ឡើង​ទៅ​លេង​ក្នុង​វគ្គ​ចែក​ពូ​ល​ដែលជា​ជុំ​ទី​២​ជាមួយ​ក្រុម​ខ្លាំង​៣៤​ផ្សេងទៀត ហើយ​ក្រុម​ខ្លាំង​តាម​ពូ​ល​នីមួយៗ នឹងមាន​ឈ្មោះ​ប្រកួត​បន្ត​នៅ​វគ្គ​ទី​៣​និង​វគ្គ​ទី​៤​រហូតដល់​រកឃើញ​ក្រុម​តំណាង​ឲ្យ​ទ្វីប​តែម្តង​។ កម្មវិធី​ប្រកួត​ទាំង​៤​វគ្គ​នេះ​ចាប់ផ្តើម​ពីថ្ងៃ​ទី​៦ ខែមិថុនា ឆ្នាំ​២០១៩ រហូតដល់​ថ្ងៃទី​១៦ វិច្ឆិកា ឆ្នាំ​២០២១៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114