ព័ត៍មានទាន់​ហេតុការណ៏
Search

សម រង្ស៊ី នឹងរង​បណ្តឹង​ជាថ្មីទៀត ករណី​ចោទថា សម្ដេច​តេ​ជោ ហ៊ុន សែន ជា​អ្នក​សម្លាប់​លោក ហុក ឡងឌី ហើយ​សម្ដេច ស ខេង រៀបចំ​ផែនការ​ផ្តួលរំលំ​រាជរដ្ឋាភិបាល

ភ្នំពេញ ​៖ ទណ្ឌិត សម រង្ស៊ី អតីត​មេដឹកនាំ​បក្សប្រឆាំង​នៅ​កម្ពុជា ហើយ​ដែល​កំពុង​ជាប់​បណ្តឹង​ជាច្រើន​ករណី និង​កំពុង​និរទេស​ខ្លួន​នៅក្រៅ​ប្រទេស ដើម្បី​គេចចេញ​ពី​ការ​តាម​ចាប់ខ្លួន​ពី​សមត្ថកិច្ច​កម្ពុជា​នោះ នឹងរង​បណ្តឹង​ជាថ្មីទៀត ករណី​ដែល​ចោទ​ថា សម្ដេច​តេ​ជោ ហ៊ុន សែន ជា​អ្នក​សម្លាប់​នាយ​ឧ​ត្ត​ម​សេនីយ៍ ហុក ឡងឌី អតីត​អគ្គស្នងការ​នគរបាល​ជាតិ ហើយ​ថា សម្ដេច​ក្រឡាហោម ស ខេង បានរៀបចំ​ផែនការ​ផ្តួលរំលំ​រាជរដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន នេះ​បើតាម​ការបញ្ជាក់​ពី​អ្នកនាំពាក្យ​។

លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​អះអាង​យ៉ាងនេះ​ថា “​កិច្ច​ប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​ក្រឡាហោម ស ខេង កំពុង​សិក្សា​រៀបចំ​ឯកសារ​ប្ដឹង​ទណ្ឌិត​សម រង្ស៊ី ទៅកាន់​តុលាការ​ប្រទេស​បារាំង ដើម្បី​ស្វែងរក​តម្លៃ​យុត្តិធម៌​សកល ជូន​សម្តេច​ទាំងពីរ ដែល​សម រង្ស៊ី បាន​ចោទប្រកាន់​ជា​សាធារណៈ​ថា សម្តេច​ជា​អ្នក​សម្លាប់​នាយ​ឧ​ត្ត​ម​សេនីយ៍ ហុក ឡងឌី ហើយ​ទណ្ឌិត​រូប​នោះ ក៏បាន​ចោទ​ជា​សាធារណៈ​ផងដែរ​ថា សម្ដេច​ក្រឡាហោម ស ខេង បានរៀបចំ​ផែនការ ដើម្បី​ផ្ដួលរំលំ​រាជរដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន​”​។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃទី​០២ ខែមិថុនា ឆ្នាំ​២០១៩ លោក សម រង្ស៊ី បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ផ្លូវការ​របស់ខ្លួន​ថា សម្តេច​តេ​ជោ ហ៊ុន សែន ជា​អ្នក​សម្លាប់​នាយ​ឧ​ត្ត​ម​សេនីយ៍ ហុក ឡងឌី អតីត​អគ្គស្នងការ​នគរបាល​ជាតិ តាមរយៈ​ការដាក់​គ្រាប់បែក​ឲ្យ​ផ្ទុះ ក្នុង​ឧទ្ធម្ភាគចក្រ (Helicopter) នៅពេលដែល​កំពុងតែ​ហោះហើរ លើ​ខេត្តស្វាយរៀង កាលពី​ថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ​២០០៨ ហើយ​ការសម្លាប់​នេះ ដោយសារតែ​នាយ​ឧ​ត្ត​ម​សេនីយ៍ ហុក ឡងឌី ហុក ឡង់ឌី ដឹង​រឿង​ច្រើនពេក ហើយ​បច្ចុប្បន្ន លោក​ឧ​ត្ត​ម​សេនី​យ៍ ឌី វិជ្ជា ជា​កូនប្រុស​ច្បង របស់​នាយ​ឧ​ត្ត​ម​សេនីយ៍ ហុក ឡងឌី កំពុងតែ​គិតគូរ​អំពី​ផែនការ​សងសឹក​។

ទាក់ទង​ករណី​ចោទប្រកាន់​នេះ កាលពី​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០១៩ សម្តេច​តេ​ជោ ហ៊ុន សែន នៅក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បាន​ប្រកាស​បបួល​ទណ្ឌិត សម រ​ង្ស៉ី ចេញមក​ស្បថ​ដាក់​ជីវិត​ខ្លួនឯង ក្រុមគ្រួសារ និង​សាច់ញាតិ ព្រមទាំង​មនុស្ស​ជំនិត​១០០​នាក់​ផងដែរ ដើម្បី​ធ្វើ​ឲ្យ​ច្បាស់​ថា តើ​អ្វីដែល សម រង្ស៊ី លើកឡើង​នោះ​ជាការ​ពិត ឬ​យ៉ាងណា​?៕
កោះ​កែវ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114