ព័ត៍មានទាន់​ហេតុការណ៏
Search

លី​គ​កំពូល​កម្ពុជា​សម្រាក​ការប្រកួត​នៅ​ចុង​សប្ដាហ៍​នេះ​ព្រោះ​កីឡាករ​ឆ្នើមៗ​ត្រូវបំពេញ​កាតព្វកិច្ច​ក្នុង​ក្រុម​ជម្រើសជាតិ

ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League) ឆ្នាំ​២០១៩ ដែល​រៀបចំឡើង​ដោយ​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា​(CNCC) សេនាធិការ​របស់​សហ​ព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​ប្រកួត​បញ្ចប់​សប្ដាហ៍​ទី​១០​ក្នុងចំណោម​សប្ដាហ៍​សរុប​ចំនួន​២៤​សប្ដាហ៍​របស់​ខ្លួន​ហើយ ខណៈ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង បាន​ឡើងឈរ​កៅអី​កំពូល​តារាង​បណ្តោះអាសន្ន​វិញ​ហើយ ស្របពេល​ក្រុម​ខេត្តកំពង់ចាម ស្ថិតនៅ​បាត​តារាង​ដដែល​។

លី​គ​កំពូល​កម្ពុជា បានដាក់​ការ​សម្រាក​របស់ខ្លួន​គឺ​ចំ​នឹង​ការកំណត់​របស់​សហព័ន្ធ​បាល់ទាត់​អន្តរជាតិ ក្នុង​ថ្ងៃ FIFA-Day ចុង​សប្ដាហ៍​នេះ​។ ថ្ងៃ FIFA-Day នេះ​គឺ​កំណត់ថា​ គ្រប់​សកម្មភាព​ប្រកួត​លី​គ​កំពូល​ប្រទេស​ជា​សមាជិក​របស់ FIFA ត្រូវ​ឈប់សម្រាក​ដើម្បី​ឲ្យ​ក្រុម​ជម្រើសជាតិ​របស់ខ្លួន​នីមួយៗ មានលទ្ធភាព​ប្រមូលផ្តុំ​កីឡាករ​ប្រកួត​មិត្តភាព​ឬ​ប្រកួត​ពានរង្វាន់​ណាមួយ​ជា​អន្តរជាតិ​។

ចំពោះ​ក្រុម​ជម្រើសជាតិ​កម្ពុជា បាន​ប្រមូលផ្តុំ​កីឡាក​ពីថ្ងៃ​ទី​៣​មក​ម្ល៉េះ​ហើយនឹង​រំសាយ​វិញ​ក្រោយ​ប្រកួត​ចប់​ជាមួយ​ក្រុម​ជម្រើសជាតិ​ប៉ា​គី​ស្ថាន ក្នុង​ជើង​ទី​២ នៅ​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៩ ក្នុង​វគ្គ​ជម្រុះ​បឋម​ប្រចាំ​ទ្វីបអាស៊ី នៃ​វគ្គ​ជម្រុះ​ពានរង្វាន់​បាល់ទាត់​ពិភពលោក 2022 FIFA World Cup ដែល​រៀបចំ​នៅ​ប្រទេស​កាតារ ក្នុង​ឆ្នាំ​២០២២ ខាងមុខ​។

​សម្រាប់​គម្រោង​ប្រកួត​សប្ដាហ៍​ទី​១១​ដែលជា​សប្ដាហ៍​បន្ទាប់​ប្រចាំ​លី​គ​កំពូល​កម្ពុជា នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​សៅរ៍ ទី​១៥ ខែមិថុនា ឆ្នាំ​២០១៩ ក្រុម​សាលា​បាល់ទាត់​ជាតិ​បាទី ប៉ះ​ក្រុម​ណាហ្គា​វើ​ល វេលា​ម៉ោង​៣និង៣០​នាទី​រសៀល​លើ​ទីលាន​សាលា​បាល់ទាត់​ជាតិ​បាទី ហើយ​ក្រុម​ក្រសួងការពារជាតិ ប៉ះ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង​នៅ​ទីលាន​ស្តា​ត​ចាស់​វេលា​ម៉ោង​៦​ល្ងាច និង​ក្រុម​អគ្គីសនី​កម្ពុជា ប៉ះ​ក្រុម​ភ្នំពេញ​ក្រោ​ន នៅវេលា​ម៉ោង​៣និង៣០​នាទី​រសៀល​លើ​ទីលាន​កីឡដ្ឋាន​អគ្គីសនី​កម្ពុជា​។ ចំណែក​៤​គូ​ទៀត​ប្រកួត​នៅ​ថ្ងៃអាទិត្យ ទី​១៦ ខែមិថុនា ឆ្នាំ​២០១៩ អង្គ​រថា​យ​ហ្គឺ​រ ប៉ះ​គីរីវង់​សុខ​សែន​ជ័យ នៅ​ម៉ោង​៣និង៣០​នាទី​រសៀល​លើ​ទីលាន​កីឡដ្ឋាន​ខេត្តសៀមរាប ហើយ​វិសាខា ប៉ះ​ក្រុម​អាស៊ី​អឺរ៉ុប នៅ​ម៉ោង​៣និង៣០​នាទី​រសៀល​លើ​ទីលាន​វិសាខា ហើយ​ក្រុម​ខេត្តកំពង់ចាម ប៉ះ​សូល​ទី​ឡូ​អង្គរ នៅ​ម៉ោង​ដំណាលគ្នា​លើ​ទីលាន​វិទ្យាល័យ​ប៊ុនរ៉ានី​ហ៊ុនសែន​មេមត់ និង​ក្រុម​បឹងកេត ប៉ះ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នៅ​ម៉ោង​៣និង៣០​នាទី​រសៀល​លើ​ទីលាន​កីឡដ្ឋាន​បឹងកេត​។

ងាក​មក​មើល​ចំណាត់ថ្នាក់​បណ្តោះអាសន្ន​ក្រោយ​ប្រកួត​បាន​១០​លើក​នេះ​មក​ឃើញថា​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង ឈរ​លេខ​១ មាន​២៦​ពិន្ទុ​ហើយ​ក្រុម​ណាហ្គា​វើ​ល ឈរ​លេខ​២ មាន​២៤​ពិន្ទុ ក្រុម​អង្គ​រថា​យ​ហ្គឺ​រ ឈរ​លេខ​៣ មាន​២១​ពិន្ទុ​ក្រុម​បឹងកេត ឈរ​លេខ​៤ មាន​២០​ពិន្ទុ ក្រុម​វិសាខា ឈរ​លេខ​៥ មាន​១៩​ពិន្ទុ ក្រុម​ក្រសួងការពារជាតិ ឈរ​លេខ​៦ មាន​១៧​ពិន្ទុ​។ ក្រុម​ភ្នំពេញ​ក្រោ​ន ឈរ​លេខ​៧ មាន​១៥​ពិន្ទុ ក្រុម​អាស៊ី​អឺរ៉ុប ឈរ​លេខ​៨ មាន​១៣​ពិន្ទុ ក្រុម​សូល​ទី​ឡូ​អង្គរ ឈរ​លេខ​៩​មាន​១២​ពិន្ទុ ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ឈរ​លេខ​១០ ក្រុម​អគ្គីសនី​កម្ពុជា ឈរ​លេខ​១១ មាន​១០​ពិន្ទុ​ដូចគ្នា ក្រុម​គីរីវង់​សុខ​សែន​ជ័យ មាន​៩​ពិន្ទុ ក្រុម​លេខ​១២ ក្រុមយុវជន​សាលា​បាល់ទាត់​ជាតិ​ឈរ​លេខ​១៣ ក្រុម​ខេត្តកំពង់ចាម លេខ​១៤​មាន​៣​ពិន្ទុ​ស្មើគ្នា​។

សូម​បញ្ជាក់​ថា ​តាម​គម្រោង​ពានរង្វាន់​បាល់ទាត់​លី​គ​កំពូល​កម្ពុជា​រដូវ​កាល​ថ្មី​ឆ្នាំ ២០១៩ នេះ​ចាប់ផ្ដើម​ដំណើរការ​ពី​ថ្ងៃ​ទី​១៦ ខែមីនា ដល់​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៩​។ ក្រុម​ជើងឯក​លី​គ​កំពូល​កម្ពុជា មានឱកាស​ចេញទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ​មួយចំនួន​ដូចជា​ពានរង្វាន់ AFC Cup, Mekong Championship និង​ពាន​រង្វាន់​មួយ​ចំនួន​ទៀត៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114