ព័ត៍មានទាន់​ហេតុការណ៏
Search

សម្តេច ហ៊ុន សែន និង​សម្តេច ស ខេង ត្រៀម​ដាក់ពាក្យ​ប្តឹង​ទណ្ឌិត សម រង្ស៊ី ទៅ​តុលាការ​បារាំង

ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​ក្រឡាហោម ស ខេង កំពុង​សិក្សា​រៀបចំ​ឯកសារ​ប្ដឹង​ទណ្ឌិត​សម រង្ស៊ី ទៅកាន់​តុលាការ​ប្រទេស​បារាំង​ដើម្បី​ស្វែងរក​តម្លៃ​យុត្តិធម៌​សកល​ជូន​សម្តេច​ទាំងពីរ​ដែល​សម រង្ស៊ី បាន​ចោទប្រកាន់​ជា​សាធារណៈ​ថា ស​ម្តេច​ហ៊ុន សែន ជា​អ្នក​សម្លាប់​នាយ​ឧ​ត្ត​ម​សេនីយ៍ ហុក ឡង់ឌី ហើយ​ទណ្ឌិត​រូបនោះ​ក៏បាន​ចោទ​ជា​សាធារណៈ​ផងដែរ​ថាស​ម្ដេច​ក្រឡាហោម​សខេង​បានរៀបចំ​ផែនការ​ដើម្បី​ផ្ដួលរំលំ​រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន​។ នេះ​បើតាម​លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រដ្ឋាភិបាល​នៅ​ថ្ងៃទី ៧ ខែមិថុនា​នេះ​។

លោក ផៃ ស៊ី​ផាន បាន​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា មេធាវី​រាជរដ្ឋាភិបាល​កំពុង​ពិនិត្យមើល​ទិដ្ឋភាព​ច្បាប់​ប្ដឹង​លោក សម រង្ស៊ី ពាក់ព័ន្ធ​នឹង​ករណី​ចោទប្រកាន់​សម្ដេច ហ៊ុន សែន នៅ​ពីក្រោយ​ការស្លាប់​របស់លោក ហុក ឡង់ឌី អតីត​អគ្គស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​។ ចំណែក​ពាក្យបណ្ដឹង​មួយទៀត​គឺ​សម្ដេច​ក្រឡាហោម ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ប្តឹង​លោក សម រង្ស៊ី ជុំវិញ​ករណី​ដែល​មេដឹកនាំ​អតីត​គណបក្សប្រឆាំង​រូបនេះ​និយាយថា សម្ដេច ស ខេង មាន​គម្រោង​ផ្ដួលរំលំ​រាជរដ្ឋាភិបាល និង​ធ្វើ​បក្ស​ប្រហារ​ទម្លាក់​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។​

​កាលពី​ថ្ងៃទី​២ ខែមិថុនា​លោក សម រង្ស៊ី បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​កថា សម្ដេច ហ៊ុន សែន ជា​អ្នក​សម្លាប់​លោក ហុក ឡង់ឌី តាមរយៈ​ការដាក់​គ្រាប់បែក​ឲ្យ​ផ្ទុះ​ក្នុង​ឧទ្ធម្ភាគចក្រ (Helicopter) នៅ​ពេល​ដែល​កំពុងតែ​ហោះហើរ​លើ​ខេត្តស្វាយរៀង​កាលពី​ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ ២០០៨​។ លោក សម រង្ស៊ី ថែមទាំង​អះអាង​ថា ​សម្ដេច ហ៊ុន សែន បានសម្រេច​ចិត្ត​សម្លាប់​លោក ហុក ឡង់ឌី ដោយសារតែ​អតីត​ស្នងការ​នគរបាល​ជាតិ​រូប​នេះ បានដឹង​រឿង​អាក្រក់​របស់​សម្ដេច ហ៊ុន សែន ច្រើនពេក​។ ជាពិសេស​កាលណោះ​លោក ហុក ឡង់ឌី ត្រៀម​លាតត្រដាង​អំពី​បញ្ជា​ដែល​គាត់​បាន​ទទួល​ពី​សម្ដេច ហ៊ុន សែន ឲ្យ​សម្លាប់​លោក ជា វិជ្ជា អតីត​មេដឹកនាំ​សហជីព​ដ៏​ខ្លាំងក្លា​មួយ​រូប​កាលពី​ឆ្នាំ ២០០៤​ជាដើម​។

​កាលពី​ថ្ងៃទី ៣ ខែ មិថុនា ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​តេ​ជោ ហ៊ុន សែន នៅក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ក៏បាន​បបួល​សម​រង្ស៊ី​ស្បថ​ដាក់​ជីវិត​ស្លាប់​ទាំង​ពូជ​ប្រសិនបើ​ដូច​អ្វី ដែល​សម​រង្ស៊ី​បាន​និយាយ​។

សម្តេច​បាន​មានប្រសាសន៍ថា «​ខ្ញុំ​មិន​ចង់​ប្រើពាក្យ​អសុរោះ​ណាមួយ​ទេ ​ក៏ប៉ុន្តែ​វា​ព្រហើន​ពេក​។ ឥឡូវ​វា​ដល់​កម្រិត​នេះ​វា​បង្ហោះ​វា​ថា ​ខ្ញុំព្រះករុណាខ្ញុំ​សម្លាប់​ហុក ឡង់ឌី​។​ ឥឡូវ​កូន ហុក ឡងឌី ដែលជា​កូនប្រសា​របស់ខ្ញុំ​កំពុង​រក​វិធី​សងសឹក​ជាមួយ​ខ្ញុំ​ព្រះករុណាខ្ញុំ​ដោយ​សហការ​ជាមួយ​ស ខេង។ ឥឡូវ​អ្ហែង​ហ៊ាន​ស្បថ​ឲ្យ​រន្ទះបាញ់​ទេ​?​ ពួក​អ្ហែង​អត់​ហ៊ាន​ស្បថ​ទេ​ ព្រោះ​អ្ហែង​និយាយ​មិន​ពិត​។

កន្លងទៅ​សុទ្ធតែ​សម្តេច ស ខេង ថា​អ​ញ្ចេះ​/​អ​ញ្ចុះ​។ អ្ហែង​ហ៊ាន​ស្បថ​ថាស​ម្តេច ស ខេង និយាយ​អញ្ចឹង​មែន​ទេ​? អ្ហែង​បញ្ចេញ​តាម​ហ្វេ​ស​ប៊ុ​កមក​។ បើ​អ្ហែង​ហ៊ាន​ស្បថ​អញ​ហ៊ាន​ស្បថ​ដាក់​ជីវិត​និង​ក្រុម​គ្រួសារ​របស់​អញ​ទាំងមូល​(​បើ​ឯង​ថា​)​កូនប្រសារ​អញ​កំពុងតែ​សងសឹក​ឪពុកក្មេក​ដោយសារ​ខ្ញុំ​នេះ​ជា​ដន្លង​សម្លាប់​ដន្លង​ខ្លួនឯង ហុក ឡង់ឌី​។ បើសិនជា​រឿង​អញ្ចឹង​ពិតមែន​អ្ហែង​ហ៊ាន​ស្បថ​ឲ្យ​ងាប់​ទាំង​ពូជ​របស់​ពួក​អ្ហែង​ទេ​? ពួក​អានេះ​បបួល​ភ្នាល់​វា​ភ្នាល់​ចាញ់​ឯង​។ កាល​ហ្នឹង​បើ​ដាក់​ចំណង​មួយ​ថា​សុខចិត្ត​ភ្នាល់ បើសិន​អ្នកឯង​មិន​គោរព​ឲ្យ​ងាប់​ទាំង​ពូជ​។ ប៉ុន្តែ យើង​អត់​បាន​ដាក់​អាហ្នឹង​វា​ភ្នាល់​ចាញ់​ឯង​»​។

គួរ​បញ្ជាក់​ថា សរុប​មក​ដល់​ពេល​នេះ​សម​រង្ស៊ី​មានទោស​ជាប់​ខ្លួន​ចំនួន​៨​បទល្មើស ត្រូវ​បាន​ជាប់​ពន្ធនាគា​រ​១៣​ឆ្នាំ​និង​២​ខែ​ហើយ​ត្រូវ​បង់ប្រាក់​ទាំងអស់​១.០៥៨.២៥០​ដុល្លារ​និង​១០០​រៀល​។ ទោះ​បី​យ៉ាង​ណា​ក៏ដោយ​មក​ដល់​ពេល​នេះ សម រង្ស៊ី មិនទាន់បាន​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​នោះទេ​ដ្បិត​លោក កំពុង​ស្ថិត​នៅឯ​ក្រៅប្រទេស​ឯណោះ​។ ចំណែក​ប្រាក់​ទាំង​ប៉ុន្មាន​ដែល​តុលាការ​តម្រូវ​ឲ្យ​សង​នោះ​បង់​ក៏​មិនទាន់បាន​បង់​ដែរ​។

​ប៉ុន្តែ​កន្លងមក​តុលាការ​បាន​រឹបអូស​យក​ទ្រព្យសម្បត្តិ​របស់​លោក​ក្នុងប្រទេស​កម្ពុជា​ជា​បណ្តោះអាសន្ន​គឺ​អតីត​ទីស្នាកការ​កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ​។ តុលាការ​ប្រាប់​ថា ​ដើម្បី​ឲ្យ​មានការ​លុបចោល​នូវ​ការ​រឹបអូស​នេះ​លោក​សមរង្ស៊ី​ត្រូវ​យក​ប្រាក់​៤,២៥០​លាន​រៀល​(​ជា​ប្រាក់​រំដោះ​)​ទៅ​តម្កល់​នៅ​សាលាដំបូង រាជធានី​ភ្នំពេញ​។

​ជា​មួយ​គ្នា​នេះ​ សមរង្ស៊ី​នៅមាន​បណ្តឹង​២​ទៀត​ ដែល​មិនទាន់​កាត់ក្តី​គឺ ១.​បណ្តឹង​របស់​កញ្ញា ធី សុវណ្ណ​ថា​ពេល​លោក សម រង្ស៊ី ចោទ​សម្តេច ហ៊ុន សែន​ថា​ឲ្យ​លុយ​ទៅ​កញ្ញា ធី សុវណ្ណ​ថា ដើម្បី​ឲ្យ​កញ្ញា​វាយប្រហារ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​សម្តេច​ហ៊ុន សែន ក៏​ដាក់ពាក្យ​ប្តឹង​ហើយ​កញ្ញា​ក៏​ដាក់ពាក្យ​ប្តឹង​ដែរ​។​ តែ​រហូត​មក​ដល់​ពេល​នេះ​បណ្តឹង​របស់​កញ្ញា​ធី សុវណ្ណ​ថា​នៅ​មិនទាន់​ឈាន​ដល់​ការ​ជំនុំជម្រះ​នោះ​ទេ ​ខណៈ​បណ្តឹង​របស់​សម្តេច ហ៊ុន សែន បាន​ជំនុំជម្រះ​រួចរាល់​ហើយ​។ កញ្ញា បាន​ប្តឹង​លោក​សម រង្ស៊ី ពី​បទ «​បរិហារកេរ្តិ៍​ជា​សាធារណៈ​» ដោយ​ទារ​សំណង​ជំងឺ​ចិត្ត​២​សែន​៥​ម៉ឺន​ដុល្លារ​។ ២. បណ្តឹង​របស់​ព្រះរាជអាជ្ញា រឿងក្តី​នេះ​គឺពាក់ព័ន្ធ​នឹង​បទ «​ញុះញង់​បង្កចលាចល ប៉ះពាល់​ដល់​សន្តិសុខ​សង្គម​»​ដែល​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ជា​អ្នកដើរតួ​ជាដើម​បណ្តឹង​។ អង្គហេតុ​ដែល​នាំ​ឲ្យ​បណ្តឹង​នេះ គឺ​ទាក់ទង​នឹង​សារ​នយោបាយ​របស់លោក​សមរង្ស៊ី ដែល​បាន​ថ្លែង​នៅក្នុង​វត្ត​ខ្មែរ​មួយ ក្នុង​ប្រទេស​បារាំង​កាលពី​អំឡុង​ខែកញ្ញា​ឆ្នាំ​២០១៦​។ ចំពោះ​បណ្តឹង​នេះ ហាក់​ស្ថិត​ក្នុង​សភាព​ស្ងៀមស្ងាត់ ដោយ​ពុំ​ទាន់​ឮ​តុលាការ កោះហៅ​លោក​សម​រង្ស៊ី​ទៅ​សាកសួរ​ឬក៏​បញ្ជូន​សំណុំរឿង​ទៅ​ជំនុំជម្រះ​ឡើយ​៕
ណា​រី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114