ព័ត៍មានទាន់​ហេតុការណ៏
Search

អាណត្ដិ​ក្រោយ​នឹង​មិន​មាន​ទៀត​ឡើយ​ ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់​យោបល់

​ភ្នំពេញ ៖ ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់ ​ដែល​មាន​សមាសភាព​នានា​មកពី​គណបក្ស​នយោបាយ​នៅ​ក្រៅ​រដ្ឋសភា​នឹង​មាន​ត្រឹមតែ​អាណត្តិ​នេះ​ប៉ុណ្ណោះ​។ មូលហេតុ​គឺ​ដោយសារតែ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់​នេះ​បាន​ដើរ​ហួស​ពី​តួនាទី​របស់​ខ្លួន​។ នេះ​បើ​តាម​ការ​បង្ហើប​ឲ្យ​ដឹង​ពី​លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​ក្រោយពី​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នៅ​ព្រឹក​ថ្ងៃទី ០៧ ខែមិថុនា​នេះ​។

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នៅ​ព្រឹក​ថ្ងៃទី ០៧ ខែមិថុនា​នេះ​បានប្រកាស​ថា «​នឹង​មិន​មាន​ទៀត​ឡើយ ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់ នៅ​អាណត្តិ​ក្រោយ​»​។

​លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជាក់​ឲ្យ​ដឹង​អំពី​មូលហេតុ​ចម្បង​មួយ​ដែល​ជំរុញ​ឲ្យ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​សម្រេច​ចិត្ត​បែបនេះ​គឺ​ដោយសារតែ​កន្លងមក​ស​មា​ជិ​ក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់​មួយចំនួន​ហាក់​បាន​ដើរ​ហួស​ពី​តួនាទី​របស់​ខ្លួន​។ ហួស​ពី​តួនាទី​របស់ខ្លួន​ដោយ​ពួកគេ​មួយចំនួន​នៃ​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់​នេះ​បាន​កោះហៅ​រដ្ឋមន្ត្រី​មួយចំនួន​មក​ចោទសួរ និង​បាន​ជ្រៀតជ្រែក​លើ​កិច្ចការងារ​របស់​កង​ទ័ព​និង​កង​នគរបាលជាតិ​។

​ទោះ​យ៉ាង​ណា​ក៏ដោយ​ ក្រៅពី​មូលហេតុ​ខាងលើ​នេះ​ការ​មិន​មាន​ចែង​នៅក្នុង​ច្បាប់​ក៏​ជា​ហេតុផល​មួយទៀត​ដែល​ធ្វើ​ឲ្យ​សម្តេចនាយក​រដ្ឋមន្ត្រី​ប្រើ​ឆន្ទានុសិទ្ធិ​របស់​ខ្លួន​ដើម្បី​សម្រេច​ថា​ «​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់​នឹងមាន​តែមួយ​អាណត្តិ​នេះ​ទេ​»​។

ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់​យោបល់ ​ដែលជា​យន្តការ​ថ្មី​មួយ​របស់​រដ្ឋាភិបាល​ក​ម្ពុ​ជា​ត្រូវ​បាន​បង្កើត​ឡើង​តាម​ព្រះរាជក្រឹត្យ​ព្រះមហាក្សត្រ ចុះ​ថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ​២០១៨ ក្រោយពី​ការបោះឆ្នោតជាតិ​ដ៏​ចម្រូងចម្រាស​កាលពី​ខែកក្កដា​ឆ្នាំ​២០១៨​។ ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់​នេះ​ មាន​សមាសភាព​មកពី​គណបក្សនយោបាយ​ចំនួន ១៦ ក្នុងចំណោម​គណបក្សនយោបាយ​ចំនួន​២០ ដែល​បាន​ចូលរួម​ការបោះឆ្នោត​កាលពី​ខែកក្កដា​ឆ្នាំ​២០១៨ តែ​មិន​ទទួលបាន​សំឡេង​គាំទ្រ​ពី​ប្រជាពលរដ្ឋ​នោះ​ទេ​។ សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នេះ​មកពី​គណបក្សនយោបាយ​ទាំង​១៦​គណបក្ស​ដែលមាន​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​សម្រាប់​ប្រធាន​និង​អនុប្រធាន​គណបក្ស​នយោបាយ​នីមួយៗ​។ នេះ​បើ​យោង​តាម​ព្រះរាជក្រឹត្យ ចុះ​ថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ​២០១៨៕
ណា​រី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114