ព័ត៍មានទាន់​ហេតុការណ៏
Search

សិស្ស​ប៊ែ​ល​ធី ២ ១៤៥​នាក់ ចូលរួម​កម្មវិធី​ប្រកួតប្រជែង​សំណេរ​ភាសា​អង់គ្លេស លើក​ទី​៤

ភ្នំពេញ ៖ កាលពី​រសៀល​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០១៩ សាលា ប៊ែ​ល​ធី អន្តរជាតិ បានរៀបចំ​កម្មវិធី​ប្រកួតប្រជែង​សំណេរ​ភាសា​អង់គ្លេស​លើក​ទី​៤ (The 4th English Writing Contest Program) នៅ​សាលា ប៊ែ​ល​ធី អន្តរជាតិ​ទី​៩ (​សាខា​ស្ទឹងមានជ័យ​) ក្រោម​អធិបតីភាព លោក លី ប៊ុនឆៃ អគ្គនាយករង​ប៊ែ​ល​ធី​គ្រុប និង​ជា​ប្រធាន​គណៈ​គ្រប់គ្រង​នាយក​សាខា តំណាង​ឲ្យ​លោក បណ្ឌិត លី ឆេង តំណាងរាស្ត្រ​មណ្ឌល​ភ្នំពេញ និង​ជា អគ្គនាយក ប៊ែ​ល​ធី គ្រុប​។

តាម​របាយការណ៍ លោក ចាន់ ទី​តា ប្រធាន​ការិយាល័យ​ភាសា អង់គ្លេស (ESL) បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន សាលា ប៊ែ​ល​ធី អន្តរជាតិ មាន ២២​សាខា ក្នុងនោះ ១៩​សាខា កំពុងដំណើរការ និង​០២​សាខា កំពុង​សាងសង់ ដែល​មាន​សិស្ស​កំពុង​សិក្សា ៤១.៧៣៧​នាក់​។ គោលបំណង​នៃ​ការប្រកួត​សំណេរ​ភាសា​អង់គ្លេស​គឺ​ធ្វើ​ឲ្យ​សិស្សានុសិស្ស​មាន​ភាពក្លាហាន​ហ៊ាន​បញ្ចេញ​សមត្ថភាព ថ្នឹក​ដៃ​ក្នុង​ការសរសេរ​ភាសា​អង់គ្លេស និង​អាច​ចូលរួម​ប្រកួតប្រជែង​សំណេរ​ជា​លក្ខណៈ​អន្តរជាតិ​។

កម្មវិធីសិក្សា​ផ្នែក​ភាសា​អង់គ្លេស​ទូទៅ ត្រូវ​បាន​រៀបចំ​យ៉ាង​សម្រិតសម្រាំង​តាម​ស្តង់ដារ​អន្តរជាតិ ហើយ​សៀវភៅ​សិក្សា​ត្រូវបាន​សហការ​គាំទ្រ​ដោយ​ក្រុមហ៊ុន McGraw-HILL Education នៅ​សហរដ្ឋអាមេរិក​។ ក្នុង​នោះដែរ សាលា​ក៏បាន​បន្ថែម​កម្មវិធីសិក្សា​ដូចជាៈ ចម្រៀង រឿងនិទាន និង​ទស្សនៈ​វាគ្មិន​ល្បីៗ ដល់​សិស្ស​គ្រប់​កម្រិត​ចាប់ពី Preschool 1 ដល់ Level 12 ដើម្បី​ធ្វើ​ឲ្យ​សិស្ស​មានគំនិត​ថ្មីៗ មាន​ភាព​ក្លាហាន ហ៊ាន​បញ្ចេញយោបល់ ចេះ​វែកញែក​។ នៅពេល​បញ្ចប់ Level 12 សិស្ស​មាន​សមត្ថភាព​គ្រប់គ្រាន់​ទាំង​ការ​និយាយ ការ​ស្តាប់ ការអាន និង​ការសរសេរ ជាពិសេស អាចដាក់​ពាក្យសុំ​អាហារូបករណ៍​ទៅ​សិក្សា​នៅក្រៅ​ប្រទេស​បាន​យ៉ាង​ងាយ​។

ក្នុង​ឱកាស​នោះ លោក លី ប៊ុនឆៃ បាន​ថ្លែង​នូវ​ការ​កោតសរសើរ​ចំពោះ​ក្មួយៗ​ដែល​បាន​ខិតខំ​យកចិត្ត​ទុក ដាក់​រៀនសូត្រ គោរព​បទបញ្ជាផ្ទៃក្នុង​របស់​សាលា​បាន​ល្អ មាន​វិន័យ​ល្អ និង​សីលធម៌​ល្អ មិន​បង្ក​ផល​លំបាក​ដល់​គ្រួសារ និង​សង្គម រហូត​ទទួលបាន​វិញ្ញាបនបត្រ​នាពេលនេះ​។ លោក លី ប៊ុនឆៃ បាន​បន្ថែម​ទៀត​ថា ​សិស្ស​ដែល​សិក្សា​ភាសា អង់គ្លេស​ទាំងអស់ នៅពេល​បញ្ចប់​កម្រិត​ទី​១២ (Level 12) សាលា​នឹង​រៀបចំ​ឲ្យ​ប្រឡង​តេស្ត​អន្តរជាតិ អាយ​អែល (IELTS) ហើយ​សិស្ស​ដែល​ទទួលបាន​ពិន្ទុ ចាប់ពី ៦.៥ ឡើង​ទៅ នឹង​ទទួលបាន​អាហារូបករណ៍ ១០០% សិក្សា​នៅ​សាកលវិទ្យាល័យ ប៊ែ​ល​ធី អន្តរជាតិ រយៈពេល ៤​ឆ្នាំ ចំណែកឯ​សិស្ស ដែល​ទទួល​បាន​ពិន្ទុ ចាប់ពី ៧.៥ ឡើង​ទៅ នឹង​ទទួលបាន​អាហារូបករណ៍ ឧកញ៉ា លី ឆេង ទៅ​សិក្សា​នៅក្រៅ​ប្រទេស ផងដែរ​។ ចំពោះ​សិស្ស​ដែល​ទទួល​បាន​ពិន្ទុ​ចាប់ពី ៦.៥ ដល់​៧.០ ប៉ុន្តែ​កំពុង​សិក្សា​ថ្នាក់​ចំណេះ​ទូទៅ នៅ​សាលា ប៊ែ​ល​ធី អន្តរជាតិ​គ្រប់​កម្រិត​ថ្នាក់ នឹង​ទទួល​បាន​អាហារូបករណ៍​៥០% សម្រាប់​សិក្សា​ថ្នាក់​ចំណេះ​ទូទៅ​រហូត​ចប់​ថ្នាក់​ទី​១២​។ ចំណែកឯ​សិស្ស​ដែល​ទទួល​បាន​ពិន្ទុ​ចាប់ពី ៧.៥ ឡើង​ទៅ នឹង​ទទួលបាន​អាហារូបករណ៍​១០០% សម្រាប់​សិក្សា​ថ្នាក់​ចំណេះ​ទូទៅ​រហូត​ចប់​ថ្នាក់​ទី​១២​។ សាកលវិទ្យាល័យ ប៊ែ​ល​ធី អន្តរជាតិ នឹង​គ្រោង បើក សម្ពោធ​សាកលវិទ្យាល័យ ប៊ែ​ល​ធី អន្តរជាតិ សាខា​ទី​២ ដែល​ស្ថិតនៅ​ផ្លូវជាតិ​លេខ​៣ (​ចោមចៅ​) នៅពេល​ឆាប់ៗ​ខាងមុខ​។

ជាទី​បញ្ចប់ លោក លី ប៊ុនឆៃ អគ្គនាយករង ប៊ែ​ល​ធី​គ្រុប និង​ជា​ប្រធាន គណៈ​គ្រប់គ្រង​នាយក​សាខា​ក៏បាន​ប្រគល់​មេដាយមាស មេដាយប្រាក់ មេដាយសំរិទ្ធ និង​រង្វាន់​លើកទឹកចិត្ត ជូន​ដល់​សិស្ស​ជ័យលាភី កម្រិត​ទី​៥ ទី​៨ ទី​១១​និង​ទី​១២ ចំនួន ១២​នាក់ ផង​ដែរ៕
សុជាតា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114