ព័ត៍មានទាន់​ហេតុការណ៏
Search

ក្លិប Spur បន្ត​បើក​សិក្ខាសាលា​គ្រូបង្វឹក​និង​បុគ្គលិក​ផ្នែក​ទីផ្សារ​ប្រចាំ​ក្លិប​ទាំង​១៤​ក្នុង​លី​គ​កំពូល​កម្ពុជា​

​ក្លិប​បាល់ទាត់​Tottenham Hotspur សមាជិក​លី​គ​កំពូល​ប្រទេស​អង់គ្លេស (English Premier League) បាន​បញ្ជូន​មន្ត្រី​ជំនាញ​របស់​ខ្លួន​មក​រៀបចំ​សិក្ខាសាលា​វគ្គ​បណ្តុះបណ្តាល​បាល់ទាត់​នៅ​រាជធានី​ភ្នំពេញ ដើម្បី​ជា​ពង្រីក​វិសាលភាព​បាល់ទាត់​ផង​និង​ជា​សហការ​ជាមួយ​ដៃគូ​ឧបត្ថម្ភ​ធំ​របស់​ក្លិប​មួយ​នេះ​លើ​ទឹកដី​កម្ពុជា​ផងដែរ​។

វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​ការអភិវឌ្ឍ​កម្មវិធី​បាល់ទាត់​សម្រាប់​សហគមន៍ ដើម្បី​ផ្ទេរ​ចំណេះ និង​ជំនាញ​ដល់​ថ្នាក់​មូលដ្ឋាន​នឹង​ប្រព្រឹត្ត​ទៅជា​លើក​ទី​២​នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​០៧ ខែមិថុនា នៅ​សាកលវិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ (AUPP)​។ វគ្គ​សិក្សា​ពិសេស​នេះ​រៀបចំឡើង​ដោយ​ក្រុមហ៊ុន​ធានារ៉ាប់រង AIA សហការ​ជាមួយ​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា (CNCC) ដោយមាន​ការគាំទ្រ​ពី​ក្លិប​Tottenham Hotspur នឹងមាន​ការចូលរួម​ជា​សិក្ខា​ដោយ​គ្រូបង្វឹក និង​បុគ្គលិក​ផ្នែក​ទីផ្សារ​ប្រចាំ​ក្លិប​ទាំង​១៤​នៅ​ក្របខណ្ឌ​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League) សរុប​២៤​នាក់​។

​យោង​តាម​ការ​ជូនដំណឹង​របស់​CNCC បាន​បញ្ជាក់ថា​ វគ្គប​ណ្ដុះ​បណ្ដាល​ដែល​គ្រោង​ធ្វើឡើង​ចំនួន​៤​ដង​នេះ​មានការ​ចូលរួម​ពី​គ្រូឧទ្ទេស​ពី​ក្លិប Tottenham Hotspur គឺ​លោក Anton Blackwood និង​លោក Aaron Arthur​។ ចំណែក​វគ្គ​សិក្សា​លើក​ទី​១ ប្រព្រឹត្តទៅ​កាល​ថ្ងៃ​សុក្រ ទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៩ កន្លងទៅ​ស្ដីពី​ការអភិវឌ្ឍ​កម្មវិធី​បាល់ទាត់​សម្រាប់​សហគមន៍ ដើម្បី​ផ្ទេរ​ចំណេះ និង​ជំនាញ​ដល់​ថ្នាក់មូលដ្ឋាន​។

ក្លិប​Tottenham Hotspur តាមរយៈ​ក្រុមហ៊ុន AIA ធ្លាប់បាន​បញ្ជូន​មន្ត្រី​របស់ខ្លួន​មក​រៀបចំ​សកម្មភាព​បាល់ទាត់​នានា​នៅ​ប្រទេស​កម្ពុជា នាពេល​កន្លងមក​ពោលគឺ​ចូលរួម​ក្នុង​ការបង្កើត​ពានរង្វាន់ AIA-ISF Youth League ដែល​រៀបចំឡើង​ដោយ​អង្គការ​ផ្កាយ​សមុទ្រ និង​ចែករំលែក​បទពិសោធន៍​បាល់ទាត់​មួយចំនួន​នៅ​ទីនោះ​គិត​តាំងពី​ឆ្នាំ​២០១៧ មកម្ល៉េះ​៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114