ព័ត៍មានទាន់​ហេតុការណ៏
Search

​ម្ចាស់​ភាគហ៊ុន​ក្លិប​បាល់បោះ Golden State Warriors ត្រូវ​បំរាម​១​ឆ្នាំ និង​ផាកពិន័យ​ជា​ទឹកប្រាក់​៥០​ម៉ឺន​ដុល្លារ​សម្រាប់​ទង្វើរ​ឆ្គាំឆ្គង​

​ម្ចាស់​ភាគហ៊ុន​សំខាន់​របស់​ក្លិប​បាល់បោះ Golden State Warriors លោក Mark Stevens ត្រូវបាន​គេ​ហាមប្រាម​ពី​ការចូលរួម​ការប្រកួត NBA និង​សកម្មភាព​របស់​ក្លិប​រយៈពេល​១​ឆ្នាំ និង​ផាកពិន័យ​ជា​ទឹកប្រាក់​៥០​ម៉ឺន​ដុល្លារ ក្រោយ​រុញ និង​ជេរប្រទេច​ផ្តាសារ​មកលើ​កីឡាករ Kyle Lowry របស់​ក្រុម Toronto អំឡុង​ការប្រកួត NBA Finals ។ នេះ​បើ​យោងតាម​ការអះអាង​រប​ស់​ក្រុម League​មួយ​នេះ ឲ្យ​ដឹង​កាលពី​ថ្ងៃ​ព្រ​ហ​ស្បតិ៍​។

ប៉ុន្តែ​ការដាក់ទោស​បែបនេះ មិនមែន ជា​អ្វីដែល​កីឡាករ Lowry ចង់បាន​នោះទេ ដោយ​កីឡាករ​ម្នាក់នេះ បាន​និយាយថា លោក​ចង់​ឲ្យ​លោក Stevens ចេញពី​ការប្រកួត League​ជា​រៀងរហូត​សម្រាប់​ទង្វើរ​របស់គាត់ អំឡុង​ការប្រកួត​ឈ្នះ​ក្នុង​លទ្ធផល 123-109 របស់​ក្រុម Toronto កាលពី​ថ្ងៃ​ពុធ​។​
​កីឡាករ Lowry បាន​និយាយថា មនុស្ស​ធន់​ហ្នឹង​មិនគួរ​បន្ត​អនុញ្ញាត​ឲ្យ​នៅក្នុង​ក្រុម League​របស់​ពួកយើង​តទៅទៀត​នោះទេ​។

ក្រុម League​បានចេញ​សេចក្តីថ្លែងការណ៍​ថា បំរាម​នៅ NBA​និង​ក្លិប នឹងត្រូវ​ចូល​ជា​សុពលភាព​ភ្លាមៗ​តែម្តង ហើយ​វា​នឹង​អូស​បន្លាយពេល​រហូតដល់​វគ្គ​កាត់សេចក្តី Playoff ក្នុង​រដូវ​កាល​២០១៩-២០​។

​កីឡាករ Lowry រកបាន​២៣​ពិន្ទុ ពេលដែល​ក្រុម Toronto ដណ្តើម​ការនាំ​មុខ​២-១ ប៉ុន្តែ​ពេលដែល​បាល់​នៅក្រៅ​ខ្សែបន្ទាត់​ការពារ ក៏បង្ក​ឲ្យ​ជម្លោះ​នេះ​កើតមានឡើង​។

ក្រោយ​ពេលដែល កីឡាករ Lowry ដើរទៅ​កៅអីអង្គុយ គាត់​ត្រូវបាន​គេ​ច្រាន និង​ជេរប្រទេច​ផ្តាសារ​ដោយ​លោក Stevens ដែល​អង្គុយ​នៅក្បែរនោះ​។ កីឡាករ Lowry បាន​ប្តឹងទៅ​អាជ្ញាកណ្តាល ហើយ​នៅ​ទីបញ្ចប់ លោក Stevens ត្រូវបាន​គេ​នាំចេញ​៕
សា​រ៉ាត់



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114