ព័ត៍មានទាន់​ហេតុការណ៏
Search

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ជួបពិភាក្សា​ជាមួយ នាយក​ប្រតិបត្តិ​នៃ​ធនាគារពិភពលោក​ស្តីពី​ការបែងចែក​ដី​ដើម្បី​សង្គមកិច្ច និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ជំហាន​០២ (LASED II)

​ភ្នំពេញ ​៖ ​លោក​រដ្ឋមន្ត្រី វេ​ង សាខុន កាលពី​ព្រហស្បតិ៍ ០៤​កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព​.​ស​. ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​០៦ ខែមិថុនា ឆ្នាំ​២០១៩ ជួប​លោក Nathan M. Belete នាយក​ប្រតិបត្តិ​នៃ​ធនាគារពិភពលោក ប្រចាំ​តំបន់​អាស៊ី បូព៌ា និង​សហការី ដើម្បី ពិភាក្សា​ការងារ និង​រាយការណ៍​ជូន​ពី​វឌ្ឍនភាព​នៃ​គម្រោង​ស្តីពី​ការបែងចែក​ដី​ដើម្បី​សង្គមកិច្ច និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ជំហាន​០២ (LASED II) និង​ស្នើសុំ​អនុសាសន៍​ដើម្បី​ធ្វើការ​កែលម្អ​លើ​ចំណុច​ខ្វះខាត​នៃ​ការអនុវត្ត​គម្រោង​នេះ​។

មានមតិ​ស្វាគមន៍ តាមរយ​:​លោក Nathan M. Belete លោក ម​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​ចំពោះ​ធនាគារពិភពលោក ដែល​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ជួយឧបត្ថម្ភ​គាំទ្រ​លើ​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា និង​សេដ្ឋកិច្ចជាតិ​ឲ្យ​មានការ​រីកចម្រើន​ប្រកបដោយ​ចីរភាព ក្នុងនោះ​ក៏មាន​វិស័យ​កសិកម្ម​ផងដែរ ដែល​កំពុង​ស្ថិត​ក្នុងតំណាក់កាល​ធ្វើការ​ផ្លាស់ប្តូរ​ពី​កសិកម្ម​យថាកម្ម ទៅជា​ក​សិ​-​ឧស្សាហកម្ម ក​សិ​-​ពាណិជ​កម្ម និង​ក​សិ​-​ទេសចរណ៍ ដោយ​ផ្តោតជាសំខាន់​លើ​ការធ្វើ ពិពិធ​កម្ម​កសិកម្ម ទំនើបកម្ម​កសិកម្ម និង​ការផលិត​តាម​លក្ខណ​បច្ចេកទេស​សមស្រប និង​មាន​ស្តង់ដារ​ក្នុងការ​កែច្នៃ ដើម្បី​នាំចេញ​ប្រកបដោយ​គុណភាព អនាម័យ និង​ភូតគាម​អនាម័យ​ឆ្លើយតប​តាម​តម្រូវការ​ទីផ្សារ​។ ធ្វើ​យ៉ាងនេះ​គឺ​ដើម្បី​ឆ្លើយតប​ទៅនឹង​បរិបទ​នៃ​កំណើនសេដ្ឋកិច្ច កំណើនប្រជាជន ការខ្វះខាត​កំលាំង​ពលកម្ម​ក្នុងស្រុក ការប្រែប្រួល​អាកាសធាតុ និង​ជាពិសេស​ខិតខំ​សម្រេច​ឲ្យ​បាន​នូវ​ចក្ខុវិស័យ​របស់​រា​ជ​រដ្ឋាភិបាល​គឺ​ការ​ប្រែក្លាយ​កម្ពុជា​ទៅជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នា​ឆ្នាំ​២០៣០ ហើយ​លោក​រដ្ឋមន្ត្រី​សង្ឃឹម និង​ជឿជាក់​ថា ​ធនាគារពិភពលោក និង​ដៃគូ​អភិវឌ្ឍន៍​ទាំងអស់​នឹង​បន្ត​ផ្តល់​ការគាំទ្រ ជាពិសេស​លើ​ការធ្វើ​ប្រពលវប្បកម្ម​ដំណាំ បន្លែ វារីវប្បកម្ម និង​ការ​ចិញ្ចឹមសត្វ ធ្វើ​យ៉ាងនេះ​ដើម្បី​បង្កើន​តម្លៃបន្ថែម​ដល់ក​សិ ផល ពង្រីក​និង​ពង្រឹង​ការកែច្នៃ វេច​ខ្ចប់ ឃ្លាំង​ស្តុក ឡស​ម្ងួ​ត ការរក្សា​ទុកដាក់​ឲ្យ​បាន​ត្រឹមត្រូវ​តាម​បច្ចេកទេស ធានា​គុណភាព សុ​វត្តិភាព​ទាំង​អនាម័យ និង​ភូតគាម​អនាម័យ ក្នុង​គោលបំណង​បំពេញ​ខ្សែ​ច្រវាក់​ផលិតកម្ម និង​កាត់បន្ថយ​ការនាំចេញ​វត្ថុធាតុដើម​។

​នា​ឱកាស​នេះ លោក Nathan M. Belete បាន​ឯកភាព​ចំពោះ​ការលើកឡើង​របស់លោក​រដ្ឋមន្ត្រី ហើយ​ក៏បាន​បញ្ជាក់ថា គម្រោង​ថ្មី​ដោយឡែក​រវាង​ធនាគារពិភពលោក និង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​គឺ​ពិតជា​បាន​ឆ្លើយតប និង​ស្របតាម​ការ​លើកឡើង​ខាងលើ​។ ពាក់ព័ន្ធ​នឹង​គម្រោង LASED II នេះ​វិញ លោក​បាន​រាយការណ៍​ជូន​ឯកឧត្តម​រដ្ឋមន្ត្រី​ជ្រាបថា គោលបំណង​ចំបង​របស់​គម្រោង​នេះ​គឺ ជួយ​លើកកម្ពស់​ជីវភាព​រប​ស់​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ដែល​គម្រោង​នេះ​បាន​ជួយ​គាំទ្រ​ដល់​គម្រោង​សម្បទាន​ដី​សង្គមកិច្ច​របស់​រាជ​រដ្ឋាភិបាល​ក្នុងការ​ចែក​ដី​ឲ្យ​កសិករ​គ្មាន និង​មាន​ដី​តិចតួច​ដើម្បី​ប្រកប​របប​កសិកម្ម​ចិញ្ចឹម​គ្រួសារ​។

គម្រោង​បាន​អនុវត្ត​លើ​ខេត្ត​គោល​ដី​ចំនួន ០៥ មាន​ខេត្ត​ត្បូងឃ្មុំ ក្រចេះ កំពង់​ឆ្នាំ កំពង់ស្ពឺ និង​កំពង់ធំ ដោយបាន​ផ្តល់​ប្រយោជន៍​ជូន ៤,៤៤១ គ្រួសារ តាមរយ​:​ការរៀបចំ​ប្រព័ន្ធធារាសាស្ត្រ​ខ្នាតតូច និង​ផ្តល់​សេវា​គាំទ្រ​បច្ចេកទេស​កសិកម្ម​មូលដ្ឋាន​ដើម្បី​កែលម្អ កម្រិតជីវភាព​តាមរយ​:​ការបង្កើន​ប្រាក់ចំណូល​។ គម្រោង​មាន​រយ​:​ពេល ០៥​ឆ្នាំ ដោយ​ចាប់ពី​ឆ្នាំ​២០១៧-២០២២ ដែល​ត្រូវ​ចំណាយ​ថវិកា​សរុប ២៥​លាន​ដុល្លារ​។ បច្ចុប្បន្ន​ដោយមាន​កិច្ចសហការ​យ៉ាង​ល្អប្រសើរ​ពី​គ្រប់ភាគី​ពាក់ព័ន្ធ ជាពិសេស​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ គម្រោង​បាននិងកំពុង​អនុវត្ត​ទៅតាម​កម្មវិធី​ដូច​បាន​គ្រោងទុក និង​ទទួលបាន​លទ្ធផល​គួរ​ជាទី​មោទន ដោយ​កម្រិតជីវភាព​គ្រួសារ​របស់​សម្បទា​និក​មានការ​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់​។

​ក្នុង​កិច្ចពិភាក្សា​នេះដែរ លោក Nathan M. Delete បានបញ្ជាក​ឲ្យ​ដឹងថា ទន្ទឹមនឹង​ការអនុវត្តន៍​គម្រោង ដំណាក់កាល​ទី II គម្រោង​ដំណាក់កាល III គឺ​បាន និង​កំពុងដំណើរការ​ក្នុងការ​រៀបចំ ដែល​ត្រូវការ​ថវិកា​ប្រមាណ​ជា ១០០ លាន​ដុល្លារ​អាមេរិក ដែល​ក្នុងនេះ​ធនាគារពិភពលោក​បាន​ត្រៀម​ថវិកា​ចំនួន ៦០ លាន​ដុល្លារ​អា​មេ​រិក​រួចហើយ ហើយ​ថវិកា​ចំនួន ៣០ លាន​ដុល្លារ​អាមេរិក​សង្ឃឹមថា​បានទទួល​ពី​ដៃគូ​អភិវឌ្ឍន៍​ផ្សេងទៀត ហើយ​និង​ថវិកា​ដែល​នៅ​សេស​ជា​ថវិកាបដិភាគ​របស់​រាជរដ្ឋាភិបាល ។ ជាមួយគ្នានេះដែរ លោក Nathan M. Belete សង្ឃឹមថា​ឯកឧត្តម​រដ្ឋមន្ត្រី និង​សហការី​នឹង​បន្ត​កិច្ចសហការ​យ៉ាង​ល្អប្រសើរ ក្នុងការ​គាំទ្រ​អនុវត្ត​គម្រោង​នាពេល​បច្ចុប្បន្ន ក៏ដូចជា​នាពេល​អ​នា​គត ដើម្បី​ជា​ប្រយោជន៍​ដល់​អ្នកទទួលផល​ជាពិសេស​ប្រជាកសិករ​ក្រីក្រ និង​ងាយ​រងគ្រោះ និង​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា៕
​ឌួង​វិ​រះ​ជ័យ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114