ព័ត៍មានទាន់​ហេតុការណ៏
Search

ថ្នាក់ដឹកនាំ​ សិង្ហបុរី ទូរស័ព្ទ​មក​រដ្ឋមន្ត្រីការបរទេស ក្រោយ​មានប្រតិកម្ម​ខ្លាំង​ពី​នាយករដ្ឋមន្ត្រី​

ភ្នំពេញ​ ៖ ​រដ្ឋមន្ត្រី​ក្រសួងការបរទេស​សិង្ហ​បុរី បាន​ទូរស័ព្ទ​មក​ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា ក្នុង​បំណង​សម្រាល​ការ​ថ្នាំងថ្នាក់​ពី​ថ្នាក់ដឹកនាំ​ប្រទេស​កម្ពុជា ហើយ​ថា សិង្ហ​បុរី​យល់​ពី ទុក្ខវេទនា និង​ការឈឺចាប់​របស់​ប្រជាជន​កម្ពុជា​ក្នុង​របប​ខ្មែរក្រហម និង​បាន​បញ្ជាក់ថា ពុំមាន​ចេតនា​មិនល្អ​ណាមួយ​ឡើយ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​។

​សេចក្តីប្រកាស​ព័ត៌មាន​ពី​ក្រសួង ការបរទេស​កម្ពុជា ដែល​បានចេញ​ផ្សាយ​កាលពី​ល្ងាច​ថ្ងៃទី​០៧ មិថុនា បាន​ឲ្យ​ដឹងថា នា​រសៀល​ថ្ងៃទី​០៧ ខែមិថុនា ឆ្នាំ​២០១៩ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បានទទួល​ទូរស័ព្ទ និង​សន្ទនា​ជាមួយ ឯកឧត្តម Vivian Balakrishnan រដ្ឋមន្ត្រី​ក្រសួងការបរទេស​សិង្ហ​បុរី ទាក់ទង​នឹង​ករណី​សារ​តាម​ទំព័រ Facebook របស់​ឯកឧត្តម Lee Hsien Loong នាយករដ្ឋមន្ត្រី​សិង្ហ​បុរី ដែល​បាន​លើកឡើង​ពាក់ព័ន្ធ​នឹង​វត្តមាន​កងទ័ព​វៀតណាម​នៅ​កម្ពុជា​ក្រោយ​របប​ខ្មែរក្រហម​។​

​ឯកឧត្តម​រដ្ឋមន្ត្រីការបរទេស Vivian លើកឡើងថា ឯកឧត្តម​នាយករដ្ឋមន្ត្រី Lee Hsien Loong ផ្តល់​សារសំខាន់​ខ្លាំង​ដល់​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​សិង្ហ​បុរី និង​ប្រទេស​កម្ពុជា ដែល​បច្ចុប្បន្ននេះ​មានការ​រីកចម្រើន​ជា​លំដាប់​នៅលើ​គ្រប់​វិស័យ និង​បាន​បញ្ជាក់ថា ឯកឧត្តម​យល់​អំពី​ទុក្ខវេទនា និង​ការឈឺចាប់​របស់​ប្រជាជន​កម្ពុជា​ក្នុង​របប​ខ្មែរក្រហម​។

ឯកឧត្តម​រដ្ឋមន្ត្រីការបរទេស Vivian បាន​បញ្ជាក់​អះអាង​ថា ពុំ​មាន​ចេតនា​មិនល្អ​ណាមួយ ក្នុង​សារ​ខាងលើនេះ​ទេ​។ សារ​នោះ គឺមាន​បំណង​គ្រាន់តែ​រំលឹក​ពី​ស្ថានភាព និង​ការ​ប្រឈម​ក្នុងសម័យ​កាលនោះ ហើយក៏​ធ្លាប់​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​ក្នុង​ពេល​កន្លងមក​ដែរ​។ ជាមួយគ្នានេះ ឯកឧត្តម​រដ្ឋមន្ត្រីការបរទេស Vivian បាន​រំលឹក​ពី​សេចក្តីប្រកាស​រួម​របស់​អាស៊ាន​នៅក្នុង​ក្រុមប្រឹក្សាសន្តិសុខ អ​.​ស​.​ប ក្នុង​ឆ្នាំ​១៩៧៩ ដែល​បាន​អះអាង​ពី​សិទ្ធិ​ស្វ័យ​សម្រេច​របស់​ប្រជាជន​កម្ពុជា​ចំពោះ​អនាគត​របស់ខ្លួន​។​

​ឯកឧត្តម​រដ្ឋមន្ត្រីការបរទេស Vivian បាន​បញ្ជាក់ថា សិង្ហ​បុរី​ចង់​បានតែ​សន្តិភាព និង​វិបុលភាព​សម្រាប់​កម្ពុជា​តែប៉ុណ្ណោះ ពុំមាន​បំណង​ណាមួយ​គាំទ្រ​ខ្មែរក្រហម ហើយ​មិន​ចង់ឃើញ​របប​នេះ​វិល​ត្រឡប់មក​កម្ពុជា​វិញ​ទេ​។ សូមកុំ​ឱ្យមាន​ការសង្ស័យ​អ្វី​លើ​ភាពស្មោះត្រង់​នេះ​។

​រដ្ឋមន្ត្រី​ទាំង​ពីររូប​យល់ថា ទោះបី​ប្រទេស​យើង​ទាំងពីរ​មាន​ទស្សនវិស័យ​ខុសគ្នា​ស្តីពី​ប្រវត្តិសាស្ត្រ​យ៉ាងណាក៏ដោយ ក៏​ប្រទេស​ទាំងពីរ​នៅ​បន្ត​ជា​អ្នកជិតខាង​ល្អ ជា​មិត្ត​ដ៏​ល្អ​នឹង​គ្នា ហើយ​ខិតខំ​បំភ្លេច​អតីតកាល ដើម្បី​បន្ត​រក្សា​ការសន្ទនា និង​ទំនាក់ទំនង​ល្អ​ជាមួយគ្នា​តទៅទៀត​។

​រដ្ឋមន្ត្រីការបរទេស​ទាំងពីរ​ជឿជាក់ថា ជំនួប​រវាង​នាយករដ្ឋមន្ត្រី​ទាំងពីរ​នៅក្នុង​ឱកាស​នៃ​កិច្ចប្រជុំ​កំពូល ASEAN នាពេល​ដ៏​ខ្លី​ខាងមុខ នឹង​ផ្តល់ឱកាស​ឱ្យ​ភាគី​ទាំងពីរ​យល់​គ្នា​ឱ្យ​កាន់តែច្បាស់ រួមគ្នា​ពង្រឹង​ថែមទៀត​នូវ​ចំណងមិត្តភាព និង​សហប្រតិបត្តិ​ការល្អប្រសើ​រ​រវាង​កម្ពុជា​និង​សិង្ហ​បុរី ក៏ដូចជា​ជាមួយ​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​ទាំងអស់ ដើម្បី​សន្តិភាព ស្ថិរភាព និង​ការរីកចម្រើន​ក្នុង​តំបន់ និង​ពិភពលោក​។

​កម្ពុជា​ប្រកាន់​ជំហរ​មិន​ឆ្កឹះ​អតីតកាល​ដើម្បី​បង្ក​អន្តរាយ​ដល់​បច្ចុប្បន្នកាល និង​អនាគតកាល​ឡើយ​។ ប្រទេស​ទាំងពីរ​ខិតខំ​រួមគ្នា​ធ្វើការ​ជាមួយ​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​ផ្សេងទៀត ដើម្បី​កសាង​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (ASEAN) មួយ ឯកភាព និង​រឹងមាំ ដែល​នេះ​គឺជា​បំណងប្រាថ្នា​របស់​មេដឹកនាំ និង​ប្រជាជន ASEAN ទាំងមូល​៕

ដោយ ​៖ កោះ​កែវ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114