ព័ត៍មានទាន់​ហេតុការណ៏
Search

ហួស​ចិត្ត! នារី​ចិត្តខ្លាំង​ម្នាក់ ​យក​កាំភ្លើងខ្លី​ ដេញ​បាញ់​ព្រះសង្ឃ​១​អង្គ ​ផ្អើល​ពេញ​វត្ត​​

ភ្នំពេញ​ ៖​ នារី​ចិត្តខ្លាំង​ម្នាក់​ បាន​យក​កាំភ្លើងខ្លី​ដ៏​ទំនើប​មួយ​គ្រឿង​ មក​ប៉ុនប៉ង​បាញ់​សម្លាប់​ព្រះសង្ឃ​១​អង្គ​ ព្រោះតែ​នាង​យល់ថា​ការ​ស្រោច​ទឹក ​ដើម្បី​លើករាសី​កាលពី​ឆ្នាំ២០០៧​កន្លងមក ​បាន​ធ្វើឲ្យ​នាង​ចេះតែ​ឆុង​រហូត​រកស៊ី​អ្វី​ក៏​មិនបាន​ ទើប​ខឹង ​ក៏​យក​កាំភ្លើង​មក​បាញ់​ចំនួន២គ្រាប់​ផ្ទួនៗគ្នា ​តែ​សំណាងល្អ​មិនត្រូវ​របួស​នោះ​ទេ ​ហើយក៏​ត្រូវបាន​កម្លាំង​មូលដ្ឋាន​ចាប់ខ្លួន​នារី​រូប​នោះ​បាន​ភ្លាម​តែម្ដង។

សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា​ ករណី​ប៉ុនប៉ង​ឃាតកម្ម​(​ដក​អាវុធ​ខ្លី​បាញ់​ចំនួន​០២​គ្រាប់​)​ និង​កាន់កាប់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត​នោះ​ កើតឡើង​នៅ​ថ្ងៃ​សុក្រ ​៥​កើត​ខែជេស្ឋ​ ឆ្នាំកុរ ​ឯកស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃ​ទី​០៧ ខែ​មិថុនា ឆ្នាំ​២០១៩ ​វេលា​ម៉ោង​១៨​និង​៣០​នាទី​ ​ នៅ​ចំណុច​ក្នុង​កុដិ​លេខ​២៣​ វត្ត​សា​រ៉ា​វ័​ន្ត ផ្លូវ​លេខ​១៧៨​ភូមិ​ទី​៩ សង្កាត់​ជ័យជំនះ ខណ្ឌ​ដូនពេញ​ រាជធានី​ភ្នំពេញ​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា​ ជនសង្ស័យ​ត្រូវ​ឃាត់ខ្លួន ឈ្មោះ ផាន ស្រី​លីន ភេទ​ស្រី​ អាយុ​២៨​ឆ្នាំ​ជនជាតិខ្មែរ ​មុខរបរ​នៅផ្ទះ មាន​ទីលំនៅ​ផ្ទះជួល​ជាន់​ទី​២​ ផ្លូវ​លេខ​២១៧ ​សង្កាត់​អូរឫស្សី​ទី​៤ ​ខណ្ឌ​៧​មករា​ រាជធានី​ភ្នំពេញ​។​ វត្ថុតាង​ចាប់យក​បាន អាវុធខ្លី​មួយ​ដើម​ម៉ាក​ZORAKI.M906 លេខ​០០០១២៦.​បង់​មួយ​.​គ្រាប់​ចំនួន​០២​គ្រាប់​.​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​ ម៉ាក​VIVO​ ពណ៌​ឈាម​ជ្រូក​.​លុយ​ចំនួន​១០០​ដុល្លារ​.​លុយ​ខ្មែរ​ចំនួន​២​ម៉ឺន​រៀល ​និង​កាបូបស្ពាយ​ពណ៌​ស្លែ​មួយ​។​

ចំណែក​ជនរងគ្រោះ ឈ្មោះ​សឿន ពិ​សិទ្ធ ភេទ​ប្រុស ​អាយុ​២៨​ឆ្នាំ ​ជនជាតិ​ខ្មែរ​ ជា​ព្រះសង្ឃ​ ស្នាក់នៅ​កុដិ​លេខ​២៣ ​ក្នុង​វត្ត​សារាវ័ន្ត​ ផ្លូវ​លេខ​១៧៨​ សង្កាត់​ជ័យជំនះ​ ខណ្ឌ​ដូនពេញ​។​

សមត្ថកិច្ច​បានឲ្យ​ដឹង​ទៀតថា ​សកម្មភាព​រឿង​ហេតុ​នោះ ​គឺ​នៅមុន​ពេល​កើតហេតុ​ ថ្ងៃទី​០៧​មិថុនា​វេលា​ម៉ោង​១៨​និង​៣០​នាទី​ ជនរងគ្រោះ​ឈ្មោះ​សឿន ​ពិ​សិទ្ធ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ ជា​ព្រះសង្ឃ​កំពុង​គង់នៅ​វត្ត​សារាវ័ន្ត​ ផ្លូវ​លេខ​១៧៨ ​សង្កាត់​ជ័យជំនះ ​ខណ្ឌ​ដូនពេញ ពេលនោះ​ស្រាប់​តែ​មាន​ជនសង្ស័យ​ឈ្មោះ ​ផាន ស្រី​លីន ភេទ​ស្រី​ អាយុ​២៨​ឆ្នាំ​ បាន​ដើរចូល​ទៅក្នុង​កុដិ​លេខ​២៣​ ដើម្បី​ជួប​ជនរងគ្រោះ​រឿង​ស្រោច​ទឹក​ឲ្យ​ ហើយ​ធ្វើឲ្យ​​យីអ៊ុន​ដាក់​រកស៊ី​មិនបាន​ ពេលដេក​ចេះតែមាន​អារម្មណ៍​ដូច​ត្រូវ​អំពើ​ដែល​ស្រោច​ទឹក​កាលពី​ក្នុងអំឡុង​ខែ​ឧសភាឆ្នាំ​២០១៧ កន្លងមក​ ទើប​ធ្វើ​ឲ្យ​នាង​ខឹង​ពេក​បាន​ដក​អាវុធ​ខ្លី​ខាងលើ​ បាញ់​ចំនួន​០២​គ្រាប់​ តែ​ពុំ​ត្រូវ​រងរបួស​ទេ ​ក៏​មាន​ការ​ផ្អើលឆោឡោ។ ពេលនោះ​ត្រូវ​បាន​កម្លាំង​ល្បាត​របស់​ប៉ុស្តិ៍​ជ័យជំនះ ​និង​កម្លាំង​ផ្នែក​យុត្តិធម៌​ឃើញ​បាន​អន្តរាគមន៍​ឃាត់ខ្លួន​ជនសង្ស័យ ​រួមជាមួយ​វត្ថុតាង​អាវុធខ្លី​ នាំមក​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដូនពេញ​។​

សមត្ថកិច្ច​ បញ្ជាក់​ទៀត​ថា ​ចំពោះ​អាវុធ​ខ្លីម៉ាក​ZORAKI.M906​លេខ​000126 គឺ​ជនសង្ស័យ​បាន​ទិញ​តម្លៃ​១.៥០០​ដុល្លារ ​នៅ​ប្រទេស​ថៃ កាលពី​ខែមេសា ​ឆ្នាំ​២០១៩​កន្លងទៅនេះ​។

​ជនសង្ស័យ​មិន​ធ្លាប់ប្រើ​ប្រាស់​គ្រឿងញៀន​ទេ​(​តាមរយៈ​ធ្វើតេស្ត​ទឹកនោម​)​។ ​វិធានការ​បន្ត​នោះ​កម្លាំង​ប៉ុស្តិ៍​ និង​ខណ្ឌ​ កំពុង​សួរចម្លើយ ​និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិ​វិធី​៕

ដោយ ៖ ​រស្មី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114