ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រកាស​ចូលកាន់​មុខតំណែង​អភិបាលរង​ នៃ​គណៈ​អភិបាលក្រុង​បាវិត​

ស្វាយរៀង ៖ កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​០៤​កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​០៦ ​ខែ​មិថុនា ឆ្នាំ​២០១៩​នេះ នា​សាល​ប្រជុំ​សាលាក្រុង​បាវិត មាន​រៀបចំ​ពិធី​ប្រកាស​ចូលកាន់​មុខ​តំណែង លោក វណ្ណ សុ​មុន្នី ជា​អភិបាល​រង នៃ​គណៈ​អភិបាលក្រុង​បាវិត ក្រោម​អធិបតីភាព​លោក ហែម ពិសិដ្ឋ អភិបាលរង​ខេត្ត តំណាង​លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង។ ពិធី​នេះ​ក៏មាន​ការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ស្ថាប័ន​នានា ក្នុង​ខេត្ត ក្រុង មន្ត្រីរាជការ កងកម្លាំង​គ្រប់​ផ្នែក​ចូលរួម​ជា​ច្រើនរូប​ផងដែរ។

លោក​អភិបាលរង​ខេត្ត បាន​ផ្ដាំផ្ញើ​ដល់​គណៈ​អភិបាលក្រុង អង្គភាព​ពាក់ព័ន្ធ និង​មន្ត្រីរាជការ​ទាំង​អស់​ឲ្យ​យកចិត្តទុកដាក់​នូវ​ចំណុច​សំខាន់ៗ​មួយចំនួន​ដូចខាងក្រោម ៖

១-ត្រូវ​រួមគ្នា​ពង្រឹង​ការ​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង និង​ពង្រឹង​របៀបរបប​ធ្វើ​ការងារ បែងចែក​តួនាទី​ភារកិច្ច​ក្នុង​ជួរ​គណៈ​អភិបាលក្រុង​ឲ្យ​បានច្បាស់លាស់​។​

២-ថែរក្សា​ការពារ និង​ពង្រឹង​សន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ​ក្នុង​មូលដ្ឋាន​ឲ្យ​បានល្អ​ប្រសើរ​។​

៣-ចូលរួម​សហការ​ការពារ​ដំណើរ​ការ​​បង្ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នានា ជាពិសេស​បទ​ល្មើស លួច ប្លន់ គ្រឿងញៀន និង​ល្បែងស៊ីសង​គ្រប់​ប្រភេទ។

៤-បង្កើន​ការរៀបចំ​សណ្ដាប់ធ្នាប់ កែលំអ​សោភ័ណភាព អនាម័យ​បរិស្ថាន​នៅ​ទីប្រជុំជន​ក្រុង ឲ្យ​បាន​ត្រឹមត្រូវ និង​មាន​សណ្ដាប់ធ្នាប់​ល្អ។

៥-ខិតខំ​បង្រួម​ទំនាស់ និង​ពង្រីក​ការ​ដោះស្រាយ​នូវ​រាល់​ទំនាស់​ផ្សេងៗ ដែល​កើតមាន​ក្នុង​មូលដ្ឋាន​របស់​ក្រុង​បាវិត។

៧-បន្ត​យកចិត្តទុកដាក់​បម្រើ​សេវា​សាធារណៈ​ឲ្យ​បាន​ល្អ​ស្របតាម​លិខិត​បទដ្ឋាន​គតិយុត្តិ​ជា​ធរមាន។

៨-បន្ត​ទប់ស្កាត់ និង​ចាត់វិធានការ​ឲ្យ​បាន​ម៉ឺងម៉ាត់ នូវ​រាល់​សកម្មភាព​រំលោភ​ដី​ចំណី​ផ្លូវ ចំណី​ទន្លេ ព្រែក និង​ទ្រព្យសម្បត្តិ​សាធារណៈ​ផ្សេងទៀត ទន្ទឹម​នេះ​ក្នុងនាម​ជា​មន្ត្រី​សាធារណៈ ក៏ត្រូវ​ជៀសវាង​ឲ្យ​បាន​នូវ​រាល់​សកម្មភាព ដែល​បង្ក​ឲ្យ​មានការ​ថ្នាំងថ្នាក់​ផ្សេងៗ​ដល់​ប្រជាពលរដ្ឋ​ផងដែរ​៕

ដោយ ៖ ​គឹម​សេង



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114