ព័ត៍មានទាន់​ហេតុការណ៏
Search

ច​ន ច័ន្ទ​លក្ខិណា ៖ ​ ​ជាតិ​ក្រោយ​ សូម​ឲ្យ​ខ្ញុំ​កើតជា​មនុស្ស​មាន​ល្បិច​ច្រើន​ ប្រកបដោយ​ភាព​ឆ្លាត​ និង​មានចំណេះ​បោក​ពេញ​ខ្លួន

​ភ្នំពេញ ​៖​ តារា​សម្តែង​ និង​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ពេលនេះ​ទំនង​ជា​មាន​បញ្ហា​អន់ចិត្ត​ឬ​មាន​ជម្លោះ​ផ្លូវចិត្ត​ជាមួយ​បុគ្គល​ណា​ទៀតហើយ​ ទើប​បាន​ជា​នៅ​សុខៗ​ស្រាប់តែ​បញ្ចេញ​អារម្មណ៍​ពិត​ហាក់​មាន​ចេតនា​ផ្លែផ្កា​ឌឺដង​បង្ហាញ​ពី​អារម្មណ៍​​​​​របស់​ខ្លួន​ឲ្យ​មហាជន​ដឹង​ជា​សាធារណៈ។

ការ​បញ្ចេញ​ទស្សនៈ​ពី​សំណាក់​តារា​ស្រី​ចាស់​វស្សា​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា នេះ​ដែរ​ បានធ្វើ​ឲ្យ​អ្នកគាំទ្រ​នាង​ជាច្រើន​បង្ហាញ​ការ​លើកទឹកចិត្ត​ និង​គាំទ្រ​ឲ្យ​តារា​ស្រី​រូប​នេះ​​ ត្រូវតែ​បន្ត​នូវ​រាល់​សកម្មភាព​មនុស្សធម៌​ និង​ចែករំលែក​ក្តី​ស្រលាញ់​ចំពោះ​មនុស្ស​ ដែល​នៅ​ជុំវិញ​ខ្លួន​ដោយ​កុំ​ឲ្យ​ខ្វល់​និង​ការរិះគន់​ឬ​សម្តី​គ្មាន​ប្រយោជន៍​របស់​បុគ្គល​មួយចំនួន​ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​បំបាក់​ស្មារតី​របស់​នាង​ផងដែរ​។​

មក​ចាប់អារម្មណ៍​លើ​ការរៀបរាប់​ឲ្យ​ដឹង​របស់​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា បាន​លើកឡើងថា បើ​កុំ​តែ​កើតមក​ល្ងង់ មិន​សំណាង​រស់នៅ​លើ​ទ្រព្យ​ដូច​ស្រី​ដទៃ​ជិត​២០​ឆ្នាំ ដែល​រស់​ជាមួយ​មនុស្ស​កេងប្រវ័ញ្ច​កម្លាំង​ញើស​ឈាម ហើយ​កើតជា​មនុស្ស​មាន​បេះដូង​ចិត្តថ្លើម​យកអាសា​​ញាតិមិត្ត​បងប្អូន កុំ​អី​ខ្ញុំ​មិនត្រូវរ​ស់ទាំង​ហត់​ចិត្ត​ហត់​កាយ និង​ហត់​ប្រាជ្ញា​ដូច្នេះ​ទេ​……​។​

​ប្រធាន​សមាគម​សិល្បក​រ​ខ្មែរ​រូបនេះ​បាន​និយាយទៀតថា ​ការ​ខំប្រឹង​តែម្នាក់ឯង​គឺ​ពិតជា​លំបាក​ណាស់​ទាល់​ដៃជើង តែ​ប្រឹង​ត្រដរ​ដើម្បី​អនាគត​ទាំង​ដៃខ្លី ជើង​ទាល់ ថៅកែ​ក៏​ខ្លួនឯង គូលី​(​កម្មករ​) ក៏​ខ្លួនឯង អ្វីៗ​គឺ​ប្រឹង​តែម្នាក់ឯង​សំបូរ​អ្នក​មកសុំ ឯ​អ្នក​ជួយ​គឺ​មិន​សំបូរ​ឡើយ​ប្រើ​គេ​ម្តងៗ​ត្រូវ​មើល​ទឹកមុខ​គេ នេះ​ជា​ផលកម្ម​របស់ខ្ញុំ​តាំងពី​តូច។ ដូច្នេះ​សូម​ប្រាថ្នា​ជាតិ​ក្រោយ​សូម​អោយ​ខ្ញុំ​កើតជា​មនុស្ស​មាន​ល្បិច​ច្រើន​ប្រកបដោយ​ភាព​ឆ្លាត និង មានចំណេះ​បោក​ពេញ​ខ្លួន​។​

​ជាការ​កត់សម្គាល់​តារា​ស្រី​មាន​ប្រជាប្រិយភាព​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា កន្លងមក​នាង​តែងតែ​បញ្ចេញ​នូវ​អារម្មណ៍​ពិត​របស់ខ្លួន​នៅពេលដែល​តារា​ស្រី​រូបនេះ​កំពុងមាន​បញ្ហា​ស្មុគស្មាញ​ផ្ទាល់ខ្លួន​ក៏ដូចជា​រឿង​មិន​សប្បាយចិត្ត​ខ្លះៗ​ដែល​ត្រូវបាន​បុគ្គល​មួយចំនួន​តែងមាន​បំណង​ឈ្នានីស​ឬ​តាម​កាត់​បំបាក់ស្មារតី​នៃ​ការរកស៊ី​និង​អាជីព​សិល្បៈ​ជាដើម​៕

ដោយ ៖ ចាន់ ដា​រ៉ា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114