ព័ត៍មានទាន់​ហេតុការណ៏
Search

នាយករដ្ឋមន្ត្រី​អេ​ត្យូ​ពី​ ជំរុញ​ឲ្យ​មានការ​ផ្លាស់ប្ដូរ​ទៅ​រក​លទ្ធិប្រជាធិបតេយ្យ​ឲ្យ​បាន​ឆាប់រហ័ស​ក្នុង​ប្រទេស​ស៊ូដង់ ​បន្ទាប់ពី​ការ​បង្ក្រាប​បង្ហូរ​ឈាម

កាលពី​ថ្ងៃ​សុក្រ នាយករដ្ឋមន្ត្រី​អេ​ត្យូ​ពី​បាន​អំពាវនាវ​ឲ្យ​មានការ​ផ្លាស់ប្តូរ​ទៅរក​លទ្ធិប្រជាធិបតេយ្យ​ឲ្យ​បាន​ឆាប់រហ័ស​នៅក្នុង​ប្រទេស​ស៊ូដង់​ខណៈពេល​លោក​បាន​ជួប​មេបញ្ជាការ​កងទ័ព​កំពុងកាន់​អំណាច​និង​មេដឹកនាំ​បាតុកម្ម​របស់​ប្រទេស​នេះ​, ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​ការបង្ក្រាប​ដ៏​សាហាវ​មួយ​បានសម្លាប់​បាតុករ​រាប់សិប​នាក់​នៅក្នុង​រដ្ឋធានី​។​

​លោក Abiy Ahmed ដែល​បាន​ក្លាយជា​មេដឹកនាំ​ដ៏​សំខាន់​មួយរូប​ប្រចាំ​តំបន់​បាន​ទៅដល់​ទីក្រុង ខា​ទុំ ដើម្បី​ជួយ​ស្រោចស្រង់​ការចរចា​រវាង​ពួក​ឧ​ត្ត​ម​សេនីយ​ស៊ូដង់​និង​មេដឹកនាំ​បាតុកម្ម​ឡើងវិញ​បន្ទាប់ពី​សហភាព​អាហ្វ្រិក​បាន​ព្យួរ​ជើង​ប្រទេស​ស៊ូដង់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​រហូតដល់​យោធា​បើកផ្លូវ​សម្រាប់​អាជ្ញាធរ​អន្តរកាល​មួយ​ដែល​ដឹកនាំ​ដោយ​ស៊ីវិល​។​

​ទង្វើ​របស់​ប្លុក​អាហ្វ្រិក​គឺ​ត្រូវបាន​គាំទ្រ​ដោយ​សហគមន៍​អ៊ឺរ៉ុប​ចំពេល​ដែលមាន​ការ​ថ្កោលទោស​ដល់​មេដឹកនាំ​យោធា​របស់​ប្រទេស​ស៊ូដង់​ជុំវិញ​ការបង្ក្រាប​ដ៏​សាហាវ​កាលពី​ថ្ងៃ​ចន្ទ​លើ​ការ​អង្គុយ​តវ៉ា​រយៈពេល​មួយ​សប្តាហ៍​នៅ​ខាងក្រៅ​ទីស្នាក់ការ​របស់​កងទ័ព​ដើម្បី​ទាមទារ​ឲ្យ​មានការ​គ្រប់គ្រង​ស៊ីវិល​។​

​លោក Abiy បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​បន្ទាប់ពី​លោក​បាន​ជួបប្រជុំ​ដាច់ដោយឡែក​ជាមួយ​មេបញ្ជាការ​កងទ័ព​និង​មេដឹកនាំ​បាតុកម្ម​ថា “​កងទ័ព ប្រជាជន​និង​កងកម្លាំង​នយោបាយ​ត្រូវធ្វើ​សកម្មភាព​ដោយ​ភាពក្លាហាន​និង​ការទទួលខុសត្រូវ​ដោយ​ចាត់វិធានការ​ឆាប់រហ័ស​ឆ្ពោះទៅរក​លទ្ធិប្រជាធិបតេយ្យ​និង​រយៈពេល​អន្តរកាល​ដោយ​ការមូល​មតិ​គ្នា​”​។​

​លោក​បាន​និយាយថា “​កងទ័ព​ត្រូវតែ​ការពារ​សន្តិសុខ​របស់​ប្រទេស​និង​ប្រជាជន​របស់ខ្លួន​ហើយ​កងកម្លាំង​នយោបាយ​ត្រូវតែ​គិតគូរ​អំពី​អនាគត​របស់​ប្រទេស​”​។​

​មេដឹកនាំ​បាតុកម្ម​បាន​ស្វាគមន៍​ការសម្រុះសម្រួល​របស់លោក Abiy ប៉ុន្តែ​បាន​ទទូចថា កិច្ចចរចា​ថ្មីៗ​ណាមួយ​ជាមួយ​មេបញ្ជាការ​កងទ័ព​អាច​កើត​មានបាន​លុះត្រាតែ​លក្ខខណ្ឌ​មួយចំនួន​ត្រូវបាន​បំពេញ​។​

​គួរ​បញ្ជាក់ថា ប្រទេស​អេ​ត្យូ​ពី​និង​ស៊ូដង់​មាន​ព្រំដែន​ជាប់​គ្នា​ដ៏​វែងឆ្ងាយ​ហើយ​ក្រុម​អ្នកជំនាញ​បាន​និយាយថា បញ្ហា​អស្ថិរភាព​នៅក្នុង​ប្រទេស​ណាមួយ​បាន​បង្ក​ជាការ​ព្រួយបារម្ភ​នៅក្នុង​ប្រទេសមួយ​ផ្សេងទៀត​៕ AFP

ដោយ ៖ វណ្ណ​វណ្ណ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114