ព័ត៍មានទាន់​ហេតុការណ៏
Search

អភិបាល​ខេត្ត​ប៉ៃលិន​ បើក​ការដ្ឋាន​សាងសង់​ផ្លូវ​មួយ​ខ្សែ ​ចូល​សាលាឃុំ​ស្ទឹង​កាច់ ដើម្បី​សម្រួល​ដល់​ប្រជាពលរដ្ឋ ដែល​ទៅ​ទទួល​សេវា​រដ្ឋបាល​មូលដ្ឋាន

ប៉ៃលិន ​៖ ​ដើម្បី​សម្រួល​ដល់​ការ​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ និង​មន្ត្រី​មូលដ្ឋាន ក្នុង​ការ​ចេញ​-​ចូល​ទៅ​ធ្វើ​ការងារ​ផ្សេងៗ ព្រមទាំង​ការ​ទទួល​សេវា​ពី​រដ្ឋបាល​មូលដ្ឋាន ដែល​មាន​ការពិបាក ចំពោះ​ផ្លូវ​ចូល​ជា​យូរ​មកហើយ​នោះ នៅ​ព្រឹក​ថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ​២០១៩ លោក ផាន់ ចាន់​ធុល អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន បាន​ចុះ​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​មួយ​ខ្សែ ចូល​សាលាឃុំ​ស្ទឹង​កាច់​ប្រវែង​ជាង​១០០​ម៉ែត្រ ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពី​លោក​អភិបាលស្រុក​សាលា​ក្រៅ ,​មន្ត្រីរាជការ​តាម​មន្ទីរ​ស្ថាប័ន​ជុំវិញ​ខេត្ត​,​លោក​មេឃុំ​ស្ទឹង​កាច់​,​ប្រជា​ការពារ​ភូមិ និង​ប្រជាពលរដ្ឋ​ជាច្រើន​នាក់ ដែល​ផ្លូវ​ខ្សែ​នេះ​ស្ថិត​ក្នុង​ភូមិ​ស្ទឹង​កាច់ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន។

ថ្លែង​ក្នុង​ឱកាស​ជួប​សំណេះសំណាល​ ជាមួយ​ប្រជាពលរដ្ឋ ក្នុង​ការ​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​នេះ​ដែរ លោក​ផាន់ ចាន់​ធុល អភិបាលខេត្ត​ប៉ៃលិន បាន​សម្ដែង​នូវ​ការ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​អាជ្ញាធរ​មូលដ្ឋាន ពិសេស​មេឃុំ​ស្ទឹង​កាច់ ដែល​កន្លងមក បាន​ខិតខំ​ប្រឹងប្រែង យក​អស់​កម្លាំងកាយ​ចិត្ត បំពេញ​តួនាទី​ភារកិច្ច ប្រកបដោយ​ការ​សាមគ្គីភាព​ក្នុង​ជួរ​ក្រុមប្រឹក្សាឃុំ ធ្វើ​ឲ្យ​ឃុំ​ស្ទឹង​កាច់ សម្រេចបាន នូវ​លទ្ធផល​ល្អប្រសើរ ទាំង​ការផ្ដល់​សេវាសាធារណៈ ជូន​ប្រជាពលរដ្ឋ និង​ការថែរក្សា​បាន​នូវ​សន្តិសុខ សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​សាធារណៈ រួមចំណែក​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គម និង​កាត់បន្ថយ​ភាពក្រីក្រ របស់​ប្រជាពលរដ្ឋ។

លោក​អភិបាលខេត្ត មានប្រសាសន៍​បន្តថា ​៖​ ដោយមាន​ការយកចិត្ត​ទុកដាក់ របស់​ប្រមុខ​រាជរដ្ឋាភិបាល ជាពិសេស សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​សម្តេច​តែងតែ​គិតគូរ​អំពី​សុខទុក្ខ ការ​លំបាក​នានា របស់​ប្រជាពលរដ្ឋ ដោយ​មិន​រើសអើង​គ្រប់​មូលដ្ឋាន​ទាំងអស់​។ ​ ជាក់ស្តែង​នៅពេលនេះ ដោយ​មើលឃើញ​ពី​ការលំបាក​របស់​បងប្អូន​ក្នុងការ​មក​ទទួល​សេវា​ផ្សេងៗ​ពី​អាជ្ញាធរ​មូលដ្ឋាន​នេះ ទើប​លោក ដឹកនាំ​ក្រុមការងារ ចុះ​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ចូល​សាលាឃុំ ដើម្បី​ផ្តល់​ភាពងាយស្រួល ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ ដែល​មក​ទទួល​សេវា​ផ្សេងៗ​ពី​សាលាឃុំ​ឲ្យ​កាន់​តែមាន​ភាព​ងាយស្រួល។ ជាមួយគ្នានេះ​អភិបាលខេត្ត​ប៉ៃលិន ក៏បាន​ផ្ដាំផ្ញើ​នូវ​កិច្ច​ការសំខាន់ៗ​មួយចំនួន ដូចខាងក្រោម ៖​ទី​១.​ត្រូវ​ពង្រឹង​ការ​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង និង​ពង្រឹង​របៀបរបប​ធ្វើ​ការងារ​ក្នុង​មូលដ្ឋាន ,​ទី​២.​ត្រូវខិតខំ​ថែរក្សា​ការពារ​សន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ ការបង្ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នានា ,​ទី​៣.​ត្រូវ​រៀបចំ​ធ្វើការ​បែងចែក​តួនាទី ភារកិច្ច​និង​ការទទួលខុសត្រូវ​ក្នុង​ជួរ​ក្រុមប្រឹក្សាឃុំ ឲ្យ​បានច្បាស់លាស់​,​ទី​៤.​ត្រូវ​យកចិត្តទុកដាក់​គ្រប់គ្រង​ស្មៀនឃុំ ដែល​ស្ថិតនៅក្រោម​ការគ្រប់គ្រង របស់​រដ្ឋបាល​ឃុំ ឲ្យ​អនុវត្តបាន​ត្រឹមត្រូវ​តាម​តួនាទី ភារកិច្ច របស់ខ្លួន​និង​ទី​៥.​ត្រូវខិតខំ​ប្រមូលផ្ដុំ​ធនធាន ដែលមាន​ស្រាប់ និង​កៀរគរ​ការចូលរួម​ពី​គ្រប់​មជ្ឈដ្ឋាន ដើម្បី​អភិវឌ្ឍន៍​ឃុំ ឲ្យ​មានការ​រីកចម្រើន​បន្ត​ទៀត។

គួរ​រំលឹក​ផងដែរ​ថា​៖ ផ្លូវ​ចូល​សាលាឃុំ​ស្ទឹង​កាច់ កាលពីមុន​គឺ​មិនមាន​នោះទេ ដោយ​ប្រជាពលរដ្ឋ និង​មន្ត្រីឃុំ​ព្រមទាំង​មន្ត្រី​ប៉ុ​ស្ដិ៍​រដ្ឋបាល​ឃុំ​ស្ទឹង​កាច់ ចេញ​-​ចូល តាមផ្លូវ​វត្ត​បេង​សុ​វណ្ណា​រាម​តែប៉ុណ្ណោះ ៕

ដោយ ៖ សេង សុវណ្ណារិទ្ធ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114