ព័ត៍មានទាន់​ហេតុការណ៏
Search

ខេមរៈ សិរីមន្ត​ ប្រកាស​ស្នើ​ឲ្យ​បុគ្គល​ ដែល​យកឈ្មោះ​ និង​រូបថត​ទៅ​បង្កើត​Page​ក្លែងក្លាយ ​ត្រូវ​ប្ដូរ​ឈ្មោះ​ជាបន្ទាន់

ភ្នំពេញ​ ៖ ​កំពូល​តារា​ចម្រៀង​ប្រុស​ប្រចាំ​ផលិតកម្ម​ហង្ស​មាស​លោក ខេមរៈ សិរីមន្ត ក្រោយពេល​សង្កេតឃើញ​មាន​ជន​អនាមិក​មួយ​ចំនួន ​បាន​យកឈ្មោះ ​និង​រូបថត​របស់​ខ្លួន​ទៅ​បង្កើត​ជា​Account Facebook​ និង​Page​ក្លែងបន្លំ​ដើម្បី​ទាញ​យក​ផលប្រយោជន៍​ ឬ​ប្រព្រឹត្ត​នូវ​ទង្វើ​ខុសច្បាប់​ផ្សេងៗ​នោះ​​មិន​បង្អង់​យូរ ​សាមីខ្លួន​ បាន​ចេញមុខ​ប្រកាស​ស្នើ​ឲ្យ​បុគ្គល​ទាំងនោះ ​បញ្ឈប់​សកម្មភាព​នេះ​បន្ទាន់​។​

លោក ខេមរៈ សិរីមន្ត បានធ្វើការ​ប្រកាស​ភ្ជាប់​ជាមួយ​រូបភាព​និង​ឈ្មោះ​Page​ក្លែងក្លាយ​ទាំងអស់នោះ​ថា​ សូម​អរគុណ​បងប្អូន ដែល​តែងតែ​គាំទ្រ​ដល់​ខ្ញុំបាទ​ជាពិសេស​ដល់​បងប្អូន ដែល​គាំទ្រ​ ហើយ​បាន​បង្កើត​ផេ​ក​ដាក់ឈ្មោះ​ខ្ញុំបាទ​។ ​ខ្ញុំ​ពិតជា​រំភើប​រីករាយ​មែនទែន​សម្រាប់​គាំទ្រ​ពោរពេញ​ដោយ​ក្តី​ស្រឡាញ់​របស់​បងប្អូន​…..​។​

តារាចម្រៀង​លោក ខេមរៈ សិរីមន្ត បាន​បញ្ជាក់ថា ​ប៉ុន្តែ​ខណៈ​ពេល​នេះ ​ខ្ញុំបាទ ខេមរៈ សិរីមន្ត សូម​ធ្វើ​ការស្នើ​ដល់​បងប្អូន​ដែល​បាន​បង​បង្កើត​ផេ​ក ដែលមាន​ឈ្មោះ​ខ្ញុំ​សូម​ឲ្យ​បងប្អូន​ប្តូរ​ឈ្មោះ​ទៅ ឈ្មោះ​ផ្សេងទៀត​ដើម្បី​កុំ​ឲ្យ​មានការ​យល់​ច្រឡំ​ណាមួយ ហើយ​បើ​បងប្អូន​មិនបាន​ប្តូរ​ឈ្មោះ​ទេ ក្រុមការងារ កាន់​ផេ​ក​របស់ខ្ញុំ នឹង​ធ្វើការ Report (​រាយការណ៍​)​ផេ​ក​បងប្អូន​ហើយ​។ ដោយ​ក្តី​គោរព​អំពីខ្ញុំ ខេមរៈ សិរីមន្ត។

សូម​ជម្រាប​ដែរ​ថា ​នេះ​ពុំមែន​ទើប​ជា​ករណី​ទីមួយ​ ដែល​បាន​និង​កំពុង​កើតមាន​លើ​តារាចម្រៀង​ប្រុស​ល្បីឈ្មោះ​ប្រចាំ​នៅ​ស្រុក​ខ្មែរ​លោក ខេមរៈ សិរីមន្ត តែ​ម្នាក់​នោះទេ​ ពោលគឺ​កន្លងមក​គេ​កត់សម្គាល់ឃើញ​មាន​តារាចម្រៀង​-​សម្តែង​ប្រុស ស្រី​របស់​ខ្មែរ​មួយចំនួនធំ​មក​ហើយ​ ដែល​កើតមាន​បញ្ហា​នេះ​ឡើង​។​ ខណៈដែល​សាមីខ្លួន​តែង​ចេញមុខ​ប្រកាស​អំពាវនាវ​ឲ្យ​មហាជន​បង្កើន​ប្រុង​ប្រយ័ត្ន​ខ្ពស់​និង​ថ្កោលទោស​ចំពោះ​ជនអនាមិក​ទាំងនោះ​ផងដែរ​៕

ដោយ ៖ ចាន់ ដា​រ៉ា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114