ព័ត៍មានទាន់​ហេតុការណ៏
Search

អ្នកវិនិយោគ​និង​អ្នកការទូត​បារាំង​នៅ​អាស៊ាន ​មកជួប​ជុំគ្នា​នៅ​ភ្នំពេញ​ ដើម្បី​ពិភាក្សា​ពី​ទស្សន​វិស័យ​របស់​បារាំង​នៅក្នុង​តំបន់

ភ្នំពេញ​ ៖​ ក្រុម​ទី​ប្រឹក្សា​ពាណិជ្ជកម្ម​ក្រៅប្រទេស​របស់​ប្រទេស​បារាំង បានរៀបចំ​វេទិកា​អាស៊ាន​របស់ខ្លួន​ជា​លើកដំបូង​នៅ​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​៦ និង​ទី​៧ ខែមិថុនា ដោយមាន​អ្នកចូលរួម​ជាង​១៨០​នាក់​។ ​នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថាន​ទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា​ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃទី​៧​ខែមិថុនា​កន្លងទៅ​។​

​ធុរជន និង​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន ដែល​កំពុង​វិនិយោគ​នៅក្នុង​ប្រទេសមួយ​ឬ​ច្រើន​នៅ​អាស៊ាន ឬ​ដែលមាន​ចំណាប់អារម្មណ៍​ចំពោះ​តំបន់​អាស៊ាន បាន​ផ្លាស់ប្តូរ​មតិយោបល់​គ្នា​អំពី​កាលានុវត្តភាព​នានា​សម្រាប់​ក្រុមហ៊ុន​បារាំង ព្រមទាំង​ពី​យុទ្ធសាស្ត្រ និង​ទស្សនវិស័យ​បច្ចុប្បន្ន និង​អនាគត​។

​ស្របពេល​ជាមួយគ្នានេះ​ផងដែរ ឯកអគ្គរដ្ឋទូត​បារាំ​ង​ប្រចាំ​នៅតាម​ប្រទេស​សមាជិក​អាស៊ាន​ក៏បាន​មកជួប​ប្រជុំគ្នា​ជា​លើកដំបូង​នៅ​ភ្នំពេញ​ក្នុង​ក្របខ័ណ្ឌ​នៃ​សិក្ខាសាលា​ប្រចាំឆ្នាំ​របស់​ពួកគេ ដើម្បី​ពិភាក្សា​អំពី​ការវិវឌ្ឍ​ផ្នែក​នយោបាយ និង​សេដ្ឋកិច្ច​របស់​តំបន់ និង​គិតគូរ​ពី​យុទ្ធសាស្ត្រ​របស់​ប្រទេស​បារាំង​នៅ​អាស៊ាន​។

​តំណាង​ក្រសួង​អឺរ៉ុប​និង​ការបរទេស និង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បារាំង​ក៏បាន​អញ្ជើញ​មកពី​ទីក្រុង​ប៉ារីស៍ ដើម្បី​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ទាំងពីរ​ខាងលើ ជាអាទិ៍ លោក ធ្យែ​រី ម៉ា​ធូ (Thierry Mathou) ប្រធាន​នាយកដ្ឋាន​អាស៊ី និង​អូ​សេ​អា​នី នៃ​ក្រសួង​អឺរ៉ុប និង​ការបរទេស ដែល​បាន​អញ្ជើញ​មក​កម្ពុជា​ជា​លើក​ទី​២ (​បន្ទាប់ពី ទស្សនកិច្ច​លើកទីមួយ​កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៧)​។

​លោក​បាន​ជួប​ជាមួយ​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ដើម្បី​ពិភាក្សាគ្នា​អំពី​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​។​

​សហគ្រិន​និង​ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​នៅតាម​ប្រទេស​ក្នុង​តំបន់​អាស៊ាន​បាន​ជួបជុំគ្នា​នា​រាត្រី​ថ្ងៃ​ព្រហស្បតិ៍ ទី​៦​ខែមិថុនា​នៅ​ស្ថានទូត​បារាំង​ដើម្បី​ចូលរួម​ក្នុង​ពិធីជប់លៀង​មួយ ដោយមាន​ការអញ្ជើញ​ចូលរួម​ជា​កិ​តិ្ត​យស​ពី​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​។

ព្រឹត្តិការណ៍​ខាងលើ​ឆ្លុះបញ្ចាំង​ពី​សារសំខាន់​នៃ​ភាពជា​ដៃគូ​នយោបាយ និង​សេដ្ឋកិច្ច​រវាង​ប្រទេស​បារាំង និង​កម្ពុជា ហើយនឹង​រួមចំណែក​ពង្រឹង​ភាពជា​ដៃគូ​នេះ​បន្ថែមទៀត​នាពេលខាងមុខ​៕​

ដោយ ៖ សំអឿន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114