ព័ត៍មានទាន់​ហេតុការណ៏
Search

អ៊ីរ៉ង់​បដិសេធ​គំនិត​របស់​បារាំង​អំពី​ការបើក​កិច្ចចរចា​នុយក្លេអ៊ែរ​ឡើងវិញ

កាលពី​ថ្ងៃ​សុក្រ ប្រទេស​អ៊ីរ៉ង់​បាន​ច្រានចោល​គំនិត​មួយ​ដែល​លើកឡើង​ដោយ​ប្រទេស​បារាំង អំពី​ការបើក​កិច្ចចរចា​នុយក្លេអ៊ែរ​ឡើងវិញ​ដោយបាន​ព្រមាន​ថា ការព្យាយាម​ពង្រីក​សន្ធិសញ្ញា​ជា​ប្រវត្តិសាស្ត្រ​មួយ​ដែលមាន​ស្រាប់​អាច​បណ្តាល​ឲ្យ​វា​ដួលរលំ​។​

​លោក​ប្រធានាធិបតី Emmanuel Macron បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា គោលដៅ​អំពី​សន្តិភាព​ក្នុង​តំបន់​របស់លោក​នឹង​តម្រូវ​ឲ្យ​មានការ​ចរចា​ថ្មី​។ លោក​បន្ថែមថា រដ្ឋាភិបាល​ក្រុងប៉ារីស​មាន​គោលបំណង​ទប់ស្កាត់​សកម្មភាព​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​ផ្លោង​របស់​អ៊ីរ៉ង់​ព្រមទាំង​ឥទ្ធិពល​ក្នុង​តំបន់​របស់ខ្លួន​ផងដែរ​។​

​លោក​បានធ្វើ​អត្ថាធិប្បាយ​បែបនេះ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ជាមួយ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump ដែល​កាលពី​ឆ្នាំមុន​បាន​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​ពហុភាគី​ដែល​ត្រូវបាន​គេ​ស្គាល់​ថា JCPOA ។​

​ប៉ុន្តែ​អ្នកនាំពាក្យ​ក្រសួងការបរទេស​ទីក្រុង​តេ​អេ​រ៉ង​លោក Abbas Mousavi បាន​ព្រមាន​កាលពី​ថ្ងៃ​សុក្រ​ថា ការបង្កើត​បញ្ហា​ដែល​ហួស​ពី JCPOA មិនបាន​ជួយសង្គ្រោះ JCPOA នោះទេ​ប៉ុន្តែ​ផ្ទុយទៅវិញ​វា​នឹង​បណ្តាល​ឲ្យ​មាន​ការមិនទុកចិត្ត​កា​ន់​តែ​ខ្លាំង​ក្នុងចំណោម​ភាគី​ដែល​នៅ​សេសសល់​នៃ​កិច្ចព្រមព្រៀង​នេះ​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​លើ​គេហទំព័រ​របស់​ក្រសួងការបរទេស លោក Mousavi បាន​និយាយថា ភាគី​អ៊ឺរ៉ុប​ចំពោះ​កិច្ចព្រមព្រៀង​នេះ​គឺ​គ្មាន​សមត្ថភាព​អនុវត្តន៍​តាម​ការប្តេជ្ញា​ចិត្ត​របស់​ពួកគេ​បាន​នោះទេ​។​

​លោក​និយាយថា នៅក្រោម​កាលៈទេសៈ​បែបនេះ ការធ្វើការ​ទាមទារ​ថ្មី​នឹង​គ្រាន់តែ​ជួយ​អាមេរិក​ឲ្យ​ឈាន​ទៅជិត​គោលដៅ​របស់ខ្លួន​តែប៉ុណ្ណោះ នោះ​គឺ​ការដួលរលំ​នៃ JCPOA​។​

JCPOA ដែលមាន​ពាក្យ​ពេញ​ថា Joint Comprehensive Plan of Action គឺជា​កិច្ចព្រមព្រៀង​មួយ​រវាង​មហាអំណាច​ពិភពលោក​រួមទាំង​ប្រទេស​បារាំង​និង​សហរដ្ឋអាមេរិក​ផងដែរ​។ កិច្ចព្រមព្រៀង​នេះ​បាន​ផ្តល់នូវ​ការបន្ធូរបន្ថយ​ទណ្ឌកម្ម​ដល់​អ៊ីរ៉ង់​ជា​ថ្នូរ​នឹង​ការទប់ស្កាត់​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន​៕ AFP

ដោយ ៖ វណ្ណ​វណ្ណ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114