ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុងព្រះសីហនុ ​មនុស្ស​ស្លាប់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ កើតមាន​ស្ទើរ​រាល់ថ្ងៃ ​គួរ​ឲ្យ​ព្រួយបារម្ភ

ព្រះសីហនុ​ ៖ ​ក្រុងព្រះសីហនុ គ្រោះថ្នាក់​ចរាចរណ៍​ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ កើតមាន ស្ទើរ​រាល់ថ្ងៃ​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​ និង​របួស ជា​ហូរហែ​ ដោយសារ​តែ អ្នក​បើកបរ​ភាគច្រើន មិន​គោរព​ច្បាប់ បើក​ជែង​ បើក​វ៉ា .​បើកបរ​ល្បឿន​លឿន​ក្នុង​ទីប្រជុំជន ​និង​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​ ជាពិសេស​ក្រុម​អ្នកបើកបរ រថយន្ត ដឹក​​ទំនិញធុនធំ​តែម្តង។

លោក ព្រំ ពៅ នាយក​ការិយាល័យ ចរាចរណ៍ ផ្លូវ គោក នៃ​ស្នងការដ្ឋាន នគរបាល​ខេត្ត ព្រះសីហនុ បាន​ទ​ទួល​ស្គាល់​ថា ​​​​ អ្នកបើកបរ រថយន្ត តូចធំ ជាពិសេស គឺ​រថយន្ត កុងតឺន័រ​ ភាគច្រើន មិនសូវ គោរព​ច្បាប់​នោះ​ទេ គឺ​ពួកគេ មិនសូវ​ខ្វល់​ថា ផ្លូវ​ណា ជា​ផ្លូវ របស់​ខ្លួន ឬ​ផ្លូវ ណា ជា​ផ្លូវ​អាទិភាព​អ្នកជិះ​ម៉ូតូ ឬ​រថយន្ត​ធុន​តូច​នោះទេ គឺ ឲ្យ​តែ ឃើញ​ផ្លូវ ស្រឡះ បន្តិច គឺ​បើក សម្រុក​ចូល​ទៅ​ហើយ ជាហេតុ​បង្ក​​ឲ្យ​មាន​ភាព​កកស្ទះ​ចរាចរណ៍ និង​​​​កើត មាន​គ្រោះថ្នាក់ ចរាចរណ៍​​ជាប្រចាំ​បណ្តាល​ឲ្យ​មាន​អ្នកស្លាប់​ និង​ របួស ជា​ហូរហែ មិនសូវ​លស់​ថ្ងៃ​ឡើយ ហើយ​អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់​ នៅ​ពេល​កើតមាន​គ្រោះថ្នាក់​ចរាចរ​ណ៍​ ម្តងៗ​បង្ក​ ភាព​កក ស្ទះ​ចរាចរ​ណ៍​ក្នុង​មួយ​លើកៗ រាប់​ម៉ោង គឺ ស្ទះ​ចរាចរ​ណ៍ពេញ​ក្រុង តែម្តង។

ជាមួយ​នឹង​បញ្ហា​នេះ លោក ព្រំ ពៅ ក៏បាន ធ្វើការ​បញ្ជាក់​ផង​ដែរ​ថា កន្លងមក ក៏​ដូច​ បច្ចុប្បន្ន​ជា​រៀង រាល់ថ្ងៃ សមត្ថកិច្ច​ប៉ូលិស ចរាចរ​ណ៍​តែងតែ ធ្វើការ​ចាប់ រថយន្ត​ដឹកទំនិញ ធំៗ ដែល បើកបរ​ចូល​ក្រុង​នាពេល​ថ្ងៃ រួម​នឹង​រថយន្ត ដឹក​ដី ក៏ដូចជា​រថយន្ត ក្រឡុក ស៊ីម៉ងត៍ នាំ​យកទៅ​ធ្វើការ អប់រំ​ជា​ហូរហែ ផងដែរ ដើម្បី ឲ្យ​ពួកគេ ចេះ​គោរព​ច្បាប់​ចរាចរ​ណ៍​ ប៉ុន្តែ​មិនសូវ​ទ​ទួល​បាន លទ្ធផល​ទេ។

ដោយឡែក សម្រាប់​ លោក អ៊ី សុខ ឡេង អភិបាល នៃ​គណៈ​អភិបាលក្រុង​ព្រះសីហនុ ក៏បាន មាន​ប្រសាសន៍​ផង​ដែរ​ថា ​ជា​រៀងរាល់​ថ្ងៃនេះ មន្ត្រី សាលាក្រុង​ព្រះសីហនុ តែងតែ ចុះ ធ្វើ​ការរៀបចំ​សណ្ដាប់ធ្នាប់ នៅតាម ផ្លូវ​សាធារណៈ និង​ទីប្រជុំជន ក្នុង​គោលដៅ​ធ្វើ​យ៉ាង​ណា ​សម្រួល​ដល់​ការ​ធ្វើ​ចរាចរណ៍​ ហើយ​ក្នុង​ពេល​ចុះ​រៀបចំ សណ្ដាប់ធ្នាប់ ម្តង ៗ មន្ត្រី សាលាក្រុង តែងតែ​ធ្វើការ​ចាប់យក​រថយន្ត ណា ដែល​ចត​គ្មាន​សណ្ដាប់ធ្នាប់ នៅលើ​ផ្លូវ សាធារណៈ យក ទៅ​រក្សា ទុក​ នៅ​សាលាក្រុង រយៈពេល ដប់​ថ្ងៃ ទើប​អនុញ្ញាត​ ឲ្យ​ម្ចាស់ រថយន្ត​មក​ធ្វើ​កិច្ច សន្យា នាំយក​រថយន្ត ត្រឡប់​វិញ​ដោយ​មិន​មាន​ពិន័យ​ជា​ប្រាក់​អ្វី​ទាំងអស់។ រហូត មកដល់ពេលនេះ មាន​រថយន្ត មិនតិចជាង ២០០​គ្រឿង និង ម៉ូតូ ៤០០​គ្រឿង ទេ ដែល សាលា ក្រុង បាន​ចាប់​យកទៅ​រក្សាទុក និងធ្វើ​ការអប់រំ​។​

​លោក យន្ត មីន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ ចំពោះ ស្ថានភាព ចរាចរ​ណ៍​រាល់ថ្ងៃ នៅលើ​ផ្លូវ សាធារណៈ​ក្នុង​ព្រះសីហនុ លោក ក៏ទទួល​ស្គាល់​ថា ​វា​មាន ផល លំបាក​បន្តិច​ហើយ គឺ​ដោយសារតែ ក្រុងព្រះសីហនុ​យើង នាបច្ចុប្បន្ន មាន កំណើត​វិយោគ និង ការអភិវឌ្ឍ​​​​ច្រើន ហើយ​ស្ថានភាព​ផ្លូវ​ក្នុង​ក្រុង មួយចំនួន មានការ​ខូចខាត កំពង់​ជួសជុល ដូចនេះ​បញ្ហា​​កកស្ទះ​ចរាចរ​ណ៍​តែងតែ​កើតមាន ហើយ ។​ចំណុច​នេះ ទាមទា​ឲ្យ អ្នក បើកបរ នឹង ប្រើប្រាស់​ផ្លូវ​គោរព​ច្បាប់​ចរាចរណ៍​បើកបរ ចេះ​អធ្យាស្រ័យ គ្នា មិន​បើក​ជែង មិន បើក​វ៉ា ក្នុងពេល ផ្លូវ ក្នុង​ស្ថានភាព​ចង្អៀត នោះ​ គ្រោះថ្នាក់​ចរាចរ​ណ៍​​ ​មិនអាច​កើតមាន នោះទេ ប៉ុន្តែ​កន្លង មក ដោយសារ តែ​បញ្ហា​​មិន គោរព​ច្បាប់​ចរាចរ​ណ៍ ទើប​មាន គ្រោះថ្នាក់ មាន​អ្នក​ស្លាប់​ និង​របួស ជា​ហូរហែ។

​ជាមួយគ្នានេះ លោក យន្ត មីន ក៏បាន ធ្វើការ​អំពាវនាវ ផងដែរ ទៅដល់ ប្រជាពលរដ្ឋ​ទូទៅ មេត្តា បើកបរ គោរព​ច្បាប់​ចរាចរ​ណ៍​ឲ្យ​បាន​ត្រឹមត្រូវ ជាពិសេស សមត្ថកិច្ច ប៉ូលិសចរាចរ​ណ៍ ដែល កំពុង​ ឈរ ជើង អនុវត្ត​​​ច្បាប់ មេត្តា កុំ មានការ​យោគយល់​ចំពោះ បុគ្គល​ណា ដែល​បើកបរ បំពាន​ច្បាប់ ក៏ដូចជា​រថយន្ត ធន់​ធំ ហាម ដាច់ខាត មិន​ត្រូវ ឲ្យ​បើកបរ ចូល​ក្រុង​នា​ពេល​ថ្ងៃ​នោះ​ទេ គឺ ឲ្យ​ចូល​តែ ពេលយប់​តែប៉ុណ្ណោះ ពីព្រោះ​កន្លងមក គ្រោះថ្នាក់​ចរាចរ​ណ៍​ មាន​មនុស្ស​ស្លាប់ គឺ​ដោយសារ តែ​បញ្ហា​​រថយន្ត ធុន​ធំ​នេះ ជាក់ស្តែង​ដូច​ករណី រថយន្ត ដឹក​ឥដ្ឋ ក្រឡាប់ លើផ្លូវ​ចុះ​ចំណោទ ពី​វត្ត​លើ មក សង្កាត់​លេខ ០២ ស្លាប់​មនុស្ស ២​នាក់ នា​ព្រឹក ថ្ងៃទី ០៧ ខែ មិថុនា ឆ្នាំ ២០១៩៕

ដោយ ៖ កោះពស់​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114