ព័ត៍មានទាន់​ហេតុការណ៏
Search

អត្រា​អ្នក​ជំងឺគ្រុនឈាម​ មក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​រតនគិរី​មានការ​កើន​ឡើង​គួរ​ឲ្យ​ព្រួយបារម្ភ

រតនគិរី ​៖​ នៅ​រសៀល​ថ្ងៃ​ទី​៨ ខែមិថុនា ឆ្នាំ​២០១៩​នេះ លោក ទេសរដ្ឋមន្ត្រី លី ធុជ ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​មូលដ្ឋាន​ខេត្តរតនគិរី និង​លោក ថង សាវុន ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្តរតនគិរី​ បាន​ដឹកនាំ​ប្រតិភូ ចុះសួរសុខទុក្ខ និង​សំណេះសំណាល​អ្នកជំងឺ​និង​កុមារ​តូចៗ ដែល​មាន​ជំងឺគ្រុនឈាម​កំពុង​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្តរតនគិរី​។​

ក្នុងការ​ចុះសួរសុខទុក្ខ សំណេះសំណាល​នោះដែរ លោក ទេសរដ្ឋមន្ត្រី​និង លោក ថង សាវុន​ព្រមទាំង​សមាជិក ប្រតិភូ បាន​ជួប​ធ្វើការ​សន្ទនា​យ៉ាង​ស្និទ្ធស្នាល ជាមួយ​អ្នកជំងឺ​ដែល​បានមក​ទទួល​សេវា​ពិនិត្យ ព្យាបាល និង​កំពុង​សម្រាក​ព្យាបាល​នាឱកាស​នេះ​។​

​តាម​ការបញ្ជាក់​របស់​លោក​វេជ្ជៈ អ៊ុង រតនា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បាន​ឲ្យ​ដឹងថា នៅក្នុង​អំឡុង​​​ពាក់កណ្តាល​ខែឧសភា​ឆ្នាំ​២០១៩​នៅ​ទូទាំង​ខេត្តរតនគិរី​ បាន​ផ្ទុះ​ជំងឺគ្រុនឈាម​ហើយ​គិត​ត្រឹម​ថ្ងៃទី​៧​ខែមិថុនា ឆ្នាំ​២០១៩ មាន​ជំងឺគ្រុនឈាម​១១២​ករណី​ក្នុងនោះ អ្នកជំងឺ​បានមក​សម្រាក ព្យាបាល​នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្ត​ចំនួន​១០៥​ករណី មានការ​កើនឡើង​គួរ​ឲ្យ​ព្រួយបារម្ភ​។

​លោក​បាន​បន្តទៀតថា កាលពី​ឆ្នាំ​២០១៨​កន្លងទៅ រយៈពេល​ពេញ​មួយឆ្នាំ​ជំងឺគ្រុនឈាម​មានតែ​៣៦​ករណី​តែប៉ុណ្ណោះ​។

​ប៉ុន្តែ​សម្រាប់​រយៈពេល​៦​ខែ ឆ្នាំ​២០១៩​នេះ គឺមាន​ជំងឺគ្រុនឈាម​បានមក​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្ត មាន​ចំនួន​ប្រមាណ​១០៥​នាក់ គឺមាន​ការកើនឡើង​យ៉ាងខ្លាំង បើ​ប្រៀបធៀប​ទៅនឹង​កាលពី​ឆ្នាំមុន​។

លោក​វេជ្ជបណ្ឌិត​បា​ន​បញ្ជាក់ថា កុមារ​ដែលមាន​ជំងឺគ្រុនឈាម ហើយ​បានមក​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​នាពេលនេះ​មាន​ចំនួន​ច្រើនជាង​មនុស្ស​ពេញវ័យ ហើយ​ករណី​ខ្លះ​ស្ទើរតែ​ជួយសង្គ្រោះ​មិនបាន ​តែ​ទោះជា​យ៉ាងណា​ខាង​មន្ទីរពេទ្យ​អាច​គ្រប់គ្រង​ស្ថានភាព​អ្នកជំងឺ​បាន​១០០%។ លោក​វេជ្ជបណ្ឌិត ក៏បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ ឬ​មាតា​បិតា​ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ជំងឺ​នេះ បើសិន​ឃើញ​កូន​ក្តៅខ្លួន​ខ្លាំង​ក្នុង​រង្វង់​៣៩​ទៅ​៤០​អង្សា​សេ ដាក់​ថ្នាំ​ប៉ា​រ៉ា​មិន​ត្រជាក់​ប្រញាប់​មកកាន់​មន្ទីរពេទ្យ កុំ​ទុក​បណ្តោយ​ឲ្យ កូន​ឈឺ​ធ្ងន់​ខ្លាំង​ដុនដាប ទើប​យកមក​មន្ទីរពេទ្យ​នោះ​។​

​លោក​វេជ្ជបណ្ឌិត អ៊ុង រតនា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បាន​ឲ្យ​ដឹង​បន្ថែមទៀតថា ឆ្នាំនេះ​ជា​រដូវ​នៃ​ការផ្ទុះ​ជំងឺគ្រុនឈាម​ព្រោះថា ជា​រៀងរាល់ឆ្នាំ​នៅក្នុង​ខែ​នេះ​ស្ថានភាព​ជំងឺគ្រុនឈាម​ត្រូវបាន​ថយ ចុះ ប៉ុន្តែ​សម្រាប់​ឆ្នាំនេះ​បែរជា​មាន​កើតឡើង​ច្រើន​គួរ​ឲ្យ​ព្រួយបារម្ភ​។

​ពាក់ព័ន្ធ​បញ្ហា​នេះដែរ ក្រសួងសុខាភិបាល ក៏​បានចេញ​សេចក្តី​ក្រើនរំលឹក​ស្តីអំពី​វិធានការ​ការពារ​ជំងឺគ្រុនឈាម ដើម្បី​ទប់ស្កាត់​នូវ​ជំងឺគ្រុនឈាម​ក្នុង​ឆ្នាំ​២០១៩ ហើយ​ជំងឺគ្រុនឈាម ជា​ជំងឺ​អាច​កើត​ឡើងលើ​មនុស្ស​គ្រប់​វ័យ​។

​ក្នុង​ដំណើរ​ចុះសួរសុខទុក្ខ​នេះ ដោយ​លោក​ទេសរដ្ឋមន្ត្រី លី ធុជ​និង​លោក ថង សាវុន​ក៏បាន​នាំយក អំណោយ​មនុស្សធម៌​សាខា​កាកបាទក្រហម​ខេត្ត​ផ្តល់ជូន​អ្នកជំងឺ​គ្រុនឈាម​១០៥​នាក់​ក្នុង​មួយនា​ក់មី​១​កេស មុង​១ ហើយ​លោក ទេសរដ្ឋមន្ត្រី ក៏បានផ្តល់​ជូន​ក្នុង​មួយ​នាក់​ថវិកា​២​ម៉ឺន​រៀល​បន្ថែមទៀត​ផងដែរ​៕

ដោយ ៖ វុ​ទ្ធ​ឦសាន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114