ព័ត៍មានទាន់​ហេតុការណ៏
Search

រថយន្ត ហាយ​លែ​ន​ឌ័​រ បុក​ជាមួយ​អ្នក​ជិះ​ម៉ូតូ​ របួសធ្ងន់​ពីរ​នាក់​

​ភ្នំពេញ ៖ យុវជន​២​នាក់ ​រង​របួស​ធ្ងន់ ខណៈ​ជិះ​ម៉ូតូ​បញ្ច្រាស​ទិស​ជាមួយ​រថយន្ត ​ហើយ​រថយន្ត​បត់​ឆ្លង​ផ្លូវ​ ក៏​ជ្រុល​ទៅ​បុក​ផ្នែក​ចំហៀង​ខាងមុខ ​បណ្ដាល​ឲ្យ​ដេក​ដួលសន្លប់​ឈឹង ​​ត្រូវបាន​គេ​ហៅ​រថយន្ត​សង្គ្រោះ មក​ដឹក​យក​ទៅ​មន្ទីរពេទ្យ​ភា្ល​មៗ​តែម្ដង កាលពី​វេលា​ម៉ោង​៦​និង​៥០​នាទី​ព្រឹក ថ្ងៃទី​០៩ ខែ​មិថុនា ឆ្នាំ​២០១៩ នៅលើ​ផ្លូវជាតិ​លេខ​៤ ភូមិ​អង្គ​កែវ សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

តាម​ប្រភព​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​​ទាំង​២​នាក់ ជិះ​ម៉ូតូ ម៉ា​កលេត ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 1HA-2638 បើកបរ​ដោយ​ឈ្មោះ ចាន់ តូ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ ភូមិ​ដំរី​ពួន ឃុំ​ដំរី​ពួន ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង (រងរបួស​បែកក្បាល​ផុង​លលាដ៍​ក្បាល សន្លប់​ឈឹង) ​ រួម​ដំណើរ​ដោយ​ឈ្មោះ គ្រោង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ ភូមិ​ឃុំ​ជាមួយគ្នា (រងរបួស​ទ្រូង​ធ្ងន់)។

តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា​ មុនពេល​កើតហេតុ​ ជនរងគ្រោះ​ទាំងពីរ​នាក់ ជិះ​ម៉ូតូ​ល្បឿន​លឿន​ក្នុងទិសដៅ ពី​លិចទៅ​កើត វ៉ា​ជែង​រថយន្ត​កុងតឺន័រ ក៏​ជ្រុល​ទៅបុក​រថយន្ត​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ ពណ៌​ស្លែ ពាក់​ស្លាក​លេខ ភ្នំពេញ 2AT-7220 បើក​ពី​កើ​តទៅ​លិច​ច្រាស​ទិស​គ្នា ខណៈ​កំពុង​ឆ្លង​ផ្លូវ ពី​ជើង ទៅ​ត្បូង បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​២​នាក់​តែម្ដង។​

ក្រោយ​កើតហេតុ​ ជនរងគ្រោះ​ទាំង​២​នាក់ ​ត្រូវបាន​រថយន្ត​សង្គ្រោះ​របស់​អង្គភាព​៧១១ ដឹក​បញ្ជូនទៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ។ ចំណែក​រថយន្ត​ និង​ម៉ូតូ សមត្ថកិច្ច​វាស់វែង​រួច​យក​ទៅ​រក្សាទុក​នៅ​ផ្នែក​ជំនាញ​អធិការដ្ឋាន​ខណ្ឌ រង់ចាំ​ដោះស្រាយ​ពេល​ក្រោយ៕

ដោយ ៖ វិទូ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114