ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រទះឃើញ​សព​បុរស​ម្នាក់​ ស្លាប់​ដោយ​លង់​ទឹកស្រះ ​ក្នុង​ទីលាន​វាយ​កូនគោល​

ភ្នំពេញ ​៖​ សាក​សព​បុរស​ម្នាក់​ ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​ស្លាប់​អណ្ដែត​ទឹក​ស្រះ​ក្នុង​បរិវេណ​ទីលាន​វាយ​កូនគោល ដោយ​មិន​ដឹង​មូលហេតុ ខណៈ​ដែល​ប្រជាពលរដ្ឋ​ម្នាក់​ទៅ​រក​ត្រី​នៅ​ទីនោះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ និង​សមត្ថកិច្ច​ ចុះទៅពិនិត្យ​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​៩​ ខែ​មិថុនា ​ឆ្នាំ​២០១៩ ស្ថិតក្នុង​ភូមិ​ត្រពាំង​ធ្នង់ សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ។

សាកសព​ មិន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​ឡើយ ភេទ​ប្រុស អាយុ​ជាង​៣០​ឆ្នាំ ជា​មនុស្ស​អនាថា ហើយ​វិកល​ចារឹក មុន​ស្លាប់ ដើរ​ ដេក ជួន​ដើរ​ស្រាត​តាមផ្លូវ ក្នុងភូមិ​សាស្ត្រ សង្កាត់​សំរោងក្រោម។​

តាម​អាជ្ញាធរ​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ បាត់​ជនរងគ្រោះ​២​ថ្ងៃ​មក​ហើយ នឹក​ស្មាន​តែ​ដើរ​ទៅ​កន្លែង​ផ្សេង ស្រាប់តែ​នៅ​ព្រឹក​ថ្ងៃទី​០៩​មិថុនា នេះ ​បន្ទាប់ពី​មាន​កម្មករ​សំណង់​ម្នាក់ ដើរ​រកមើល​បង្កៃ​ត្រី ស្រាប់តែ​ប្រទះឃើញ​សាកសព​ជនរងគ្រោះ​តែម្តង ហើយ​រាយការណ៍​ទៅ​សមត្ថកិច្ច​ចុះ ទៅ​ពិនិត្យ​មើល​ជាក់ស្តែង។​

សាកសព ក្នុង​សភាព គ្មាន​ស្លៀក​ខោអាវ នៅ​អណ្ដែត​ក្នុង​ទឹកស្រះ​ចំណុច​ខាងលើ ដែល​គេ​សន្និដ្ឋាន ស្រវឹង​ស្រា ហើយ​ចុះ​ងូតទឹក​ស្រះ​លង់​ស្លាប់​តែម្តង។​

តាម​ការពិនិត្យ កោសល្យវិច័យ ពី​សមត្ថកិច្ច​ជំនាញ សាកសព​ស្លាប់​ដោយសារ​លង់ទឹក រួច​ប្រគល់​ជូន​អាជ្ញាធរ សមត្ថកិច្ច​មូលដ្ឋាន ចាត់ចែង​ដឹក​យកទៅ​តម្កល់​នៅ​វត្ត​កិ​ក្ខ​ប្ប​ញ្ញោ ហើយ​សមត្ថកិច្ច​បន្តធ្វើ​ការស្រាវជ្រាវ​ស្វែងរក​សាច់ញាតិ៕

ដោយ ៖ វិទូ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114