ព័ត៍មានទាន់​ហេតុការណ៏
Search

លោក កែន ស​ត្ថា ដឹកនាំ​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​នៅ​គ្រប់​មូលដ្ឋាន ​ចូលរួម​ហូប​នំ​បញ្ចុក សាមគ្គី​៩​មិថុនា​

កែប ៖ លោក កែន ស​ត្ថា អភិបាលខេត្ត​កែប និង​ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កែប បានរៀបចំ​ពិធី​ហូប​នំ​បញ្ចុក​សាមគ្គី​នៅ​គ្រប់​មូលដ្ឋាន​ទូទាំង​ខេត្ត​កែប ដែល​មាន​ឈ្មោះថា ​”​នំ​បញ្ចុក​តេ​ជោ​សន្តិភាព​” ដែល​ពិធី​នេះ​ត្រូវបាន​ធ្វើឡើង​នៅ​គ្រប់​មូលដ្ឋាន នា​ព្រឹក​ថ្ងៃទី​០៩ ខែ​មិថុនា ឆ្នាំ​២០១៩ ដើម្បី​បញ្ជាក់​ពី​ការ​សាមគ្គីភាព និង​ឯកភាព​ជាតិ ក្រោម​ដំបូល​ នៃ​សុខ សន្តិភាព​។​

ក្នុង​ទិវា​ហូប​នំ​បញ្ចុក​នេះ លោក កែន ស​ត្ថា ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កែប ក៏បាន​ដឹកនាំ​សហការី សមាជិក សមាជិកា ក្រុមការងារ​គ្រប់​លំដាប់​ថ្នាក់ និង​ប្រជាពលរដ្ឋ​គ្រប់​មូលដ្ឋាន​ឲ្យ​ចូលរួម​ពិសា​នំ​បញ្ចុក​រួមគ្នា ដើម្បី​បញ្ជាក់​ពី​ការ​សាមគ្គីភាព​យ៉ាង​ស្អិតល្មួត ដោយ​កម្មវិធី​ត្រូវ​បាន​ប្រព្រឹត្តទៅ​នៅ​គ្រប់​មូលដ្ឋាន ចាប់ពី​ព្រឹក​រហូត​ដល់ពេល​ល្ងាច​។​

ជាមួយគ្នានេះ ​មហាជន ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង​ព្រះសង្ឃ ក៏​បាន​ចូលរួម​យ៉ាង​ផុលផុស ពោរពេញ​ទៅ​ដោយ​ក្តី​រីករាយ​ឥតឧបមា ដោយ​បាន​ចូលរួម​ក្នុង​ទិវា​ហូប​នំ​បញ្ចុក​សាមគ្គី​៩​មិថុនា​ យ៉ាង​សប្បាយរីករាយ​ក្រៃលែង​។​

ក្នុង​ទិវា​ដ៏​វិសេសវិសាល​នេះដែរ លោក កែន ស​ត្ថា ប្រធាន​គណៈកម្មការ​គណបក្ស​ខេត្ត ពិត​ជាមាន​ក្តីរំភើប​រីករាយ ខណៈ​បានឃើញ​វត្តមាន សមាជិក សមាជិកា ក្រុមការងារ​គ្រប់​ជាន់ថ្នាក់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​តាម​តំបន់​និ​មួយៗ បាន​សហការគ្នា​បានល្អ​ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន ក្នុងការ​រៀបចំ​ទិវា​នំ​បញ្ចុក​តេ​ជោ​សន្តិភាព នេះ​ឡើង​ ប្រកបដោយ​ឆន្ទៈ​ស្រលាញ់​រាប់អាន​គ្នា ការយោគយល់​គ្នា ក្នុង​ស្មារតី​សាមគ្គីភាព និង​ឯកភាព​ជាតិ​។​

សូមជម្រាបថា ​៖ ទិវា​នំ​បញ្ចុក​៩​មិថុនា របស់​ សម្ដេច​តេ​ជោ​សន្តិភាព ត្រូវ​បាន​ប្រធាន​គណៈកម្មការ​គណបក្ស​ប្រជាជន​ខេត្ត​កែប លោក កែន ស​ត្ថា រៀបចំឡើង​ក្នុង​ភាព​អធិកអធម នៅ​គ្រប់​មូលដ្ឋាន ដែល​មាន​សមាជិក សមាជិកា និង​ប្រជាពលរដ្ឋ​ចូលរួម​ប្រមាណ​ជាង​៣.០០០​នាក់​៕

ដោយ ៖ សេង ណា​រិ​ទ្ធ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114