ព័ត៍មានទាន់​ហេតុការណ៏
Search

មនុស្ស​៤​នាក់​ស្លាប់​ក្នុងប្រទេស​ស៊ូដង់ មួយ​សប្តាហ៍​បន្ទាប់ពី​ការបង្ក្រាប​បង្ហូរឈាម

មួយ​សប្តាហ៍​បន្ទាប់ពី​មនុស្ស​រាប់សិប​នាក់ ​បាន​ស្លាប់​នៅក្នុង​ការបង្ក្រាប​លើ​បាតុករ​ស៊ូដង់​ដែល​ទាមទារ​ឲ្យ​មានការ​គ្រប់គ្រង​ស៊ីវិល​, មនុស្ស​ចំនួន​៤​នាក់​ត្រូវបាន​សម្លាប់​ខណៈ​កម្លាំង​សន្តិសុខ​ធ្វើ​សកម្មភាព​ដើម្បី​បំបែក​យុទ្ធនា​ការមិន​គោរព​ច្បាប់​មួយ​ដែល​ចាប់ផ្តើម​កាលពី​ថ្ងៃអាទិត្យ​។​

​ការស្លាប់​នេះ​បាន​កើតឡើង​ក្នុង​រយៈពេល​ជិត​២​ខែ​ចាប់តាំងពី​ការទម្លាក់​មេដឹកនាំ​យូរអង្វែង​លោក Omar al-Bashir កាលពី​ថ្ងៃទី​១១​ខែមេសា​ខណៈ​ការចរចា​ត្រូវ​បរាជ័យ​រវាង​មេដឹកនាំ​បាតុកម្ម​និង​មេដឹកនាំ​យោធា​ទៅលើ​ថា​តើ​អ្នកណា​ដែល​គួរ​ដឹកនាំ​ស្ថាប័ន​គ្រប់គ្រង​ថ្មី​មួយ​ដែលជា​ជន​ស៊ីវិល​ឬ​ទាហាន​។​

​ក្រុមអ្នកតវ៉ា​បានចាប់ផ្តើម​សាងសង់​របាំង​បិទផ្លូវ​នៅក្នុង​ទីក្រុង ខា​ទុំ ខណៈដែល​ទីផ្សារ​និង​ហាង​នានា​ត្រូវ​បិទទ្វារ​នៅតាម​ទីក្រុង​និង​ប្រជុំជន​ដទៃទៀត​។​

​គណៈកម្មាធិការ​វេជ្ជបណ្ឌិត​ដែលមាន​ទំនាក់ទំនង​ជាមួយ​បាតុករ​បាន​និយាយថា មនុស្ស​ចំនួន​ពីរ​នាក់​ត្រូវបាន​សម្លាប់​ក្នុងការ​ប៉ះទង្គិច​គ្នា​នៅ​រដ្ឋធានី​ខណៈ​ពីរ​នាក់​ទៀត​បាន​ស្លាប់​នៅក្នុង​ទីក្រុង Omdurman ដែល​ស្ថិតនៅតាម​ដង​ទន្លេ​នី​ល​។​

​គណៈកម្មាធិការ​មជ្ឈិម​សម្រាប់​វេជ្ជបណ្ឌិត​ស៊ូដង់​បាន​ស្តីបន្ទោស​កងកម្លាំង​គាំទ្រ​ក្រុមប្រឹក្សា​យោធា​ដែល​កំពុងកាន់​អំណាច​ចំពោះ​ការស្លាប់​នេះ​ដែល​ខ្លួន​និយាយថា បានធ្វើ​ឲ្យ​ចំនួន​អ្នកស្លាប់​សរុប​កើនឡើង​ដល់​១១៨​នាក់​ចាប់តាំងពី​ការបង្ក្រាប​កាលពី​ថ្ងៃទី​៣​ខែមិថុនា​ដើម្បី​បំបែក​ក្រុម​អ្នក​អង្គុយ​តវ៉ា​នៅ​ខាងក្រៅ​ការិយាល័យ​កងទ័ព​។​

​ទោះបីជា​យ៉ាងណាក៏ដោយ ក្រសួងសុខាភិបាល​បាន​និយាយថា មនុស្ស​ចំនួន​៦១​នាក់​បាន​ស្លាប់​នៅ​ទូទាំងប្រទេស​ក្នុងការ​បង្ក្រាប​ដោយ​ក្នុងនោះ​មាន​៤៩​នាក់​បាន​ស្លាប់​ដោយ​គ្រាប់កាំភ្លើង​ពិត​នៅ​ទីក្រុង​ខា​ទុំ​។​

​នៅក្នុង​សង្កាត់ Bahari ភាគ​ខាងជើង​រដ្ឋធានី​, មនុស្ស​បាន​ប្រមូល​សម្បក​កង់ឡាន ដើមឈើ​និង​ដុំថ្ម​ដើម្បី​បង្កើតជា​របាំង​ថ្មី​នៅពេល​យុទ្ធនាការ​នេះ​បានចាប់ផ្តើម​កាលពី​ថ្ងៃអាទិត្យ​។ ប៉ុន្តែ​ប៉ូលិស​បង្ក្រាប​កុបកម្ម​បានធ្វើ​អន្តរាគមន៍​យ៉ាង​ឆាប់រហ័ស​ដោយ​បាញ់កាំភ្លើង​ឡើង​ទៅលើ​និង​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​ដា​ក់​បាតុករ​មុនពេល​បោសសម្អាត​របាំង​បណ្តោះអាសន្ន​។​

​សមាគម​អ្នកជំនាញ​ស៊ូដង់​ដែល​បាន​បើក​ការធ្វើ​បាតុកម្ម​នេះ​ជា​លើកដំបូង​ប្រឆាំងនឹង​លោក Bashir កាលពី​ខែធ្នូ​បាន​និយាយថា យុទ្ធនាការ​នេះ​នឹង​បន្ត​រហូតដល់​មេដឹកនាំ​យោធា​ផ្ទេរអំណាច​ទៅ​ឲ្យ​រដ្ឋាភិបាល​ស៊ីវិល​៕ AFP

ដោយ ៖ វណ្ណ​វណ្ណ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114