ព័ត៍មានទាន់​ហេតុការណ៏
Search

ឆ្លង​ចរន្ត​ឆេះ​បន្ទប់​ក្នុង​ផ្ទះ​ ផ្អើល​ប្រជាពលរដ្ឋ​ និង​ឡានទឹក ​

ភ្នំពេញ ៖ នៅ​សុខៗ​ផ្សែង​ខ្មួលខ្មាញ់​ចេញពី​ផ្ទះ​ពលរដ្ឋ​មួយកន្លែង​ផ្ដើមចេញពី​ឆ្លង​ចរន្ត​អគ្គិសនី បង្ក​ឲ្យ​ផ្អើលឆោឡោ​ដល់​ពលរដ្ឋ​ក្បែរ​ខាង នាំគ្នា​ដងទឹក និង​ប្រើប្រាស់​បំពង់​ពន្លត់​អគ្គិភ័យ បាញ់​ពន្លត់ភ្លើង​ភ្លាមៗ កាលពី​វេលា​ម៉ោង​១១​និង​៤០​នាទី​ព្រឹក ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៩ នៅ​តាម​ផ្លូវ​បេតុង ក្រុម​៨ ភូមិ​ចំការឪឡឹក​២ សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

គ្រោះ​អគ្គិភ័យ​មួយ​ប៉ប្រិច​ភ្នែក​នេះ ទោះ​ជា​មាន​បងប្អូន​ប្រជាពលរដ្ឋ​ក្បែរ​ខាង​ជួយ​អន្តរាគមន៍​ទាន់​ពេល​យ៉ាង​ណា​ក្តី ក៏​សមត្ថកិច្ច​បញ្ជា​ឲ្យ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចេញទៅ​ដល់​ទី​តាំង​ខាងលើ ពិនិត្យ​ជាក់ស្ដែង ជៀសវាង​ភ្លើង​រាលដាល​បន្ត​ទៀត តែ​ភ្លើង​បាន​រលត់​ទៅ​វិញ​ទាំងស្រុង​ទៅ​ហើយ​ ក្រោម​កិច្ច​សហការ​របស់​ប្រជាពលរដ្ឋ​ជិតខាង​នោះ។

តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ក្រោយពី​សាកសួរ ពិនិត្យ​ជាក់ស្ដែង ករណី​ខាងលើ​ផ្ដើម​ចេញពី​ទុស្សេ​ឆ្លង​ចរន្ត​ភ្លើង ទើប​បង្ក​ឲ្យ​ផ្សែង​ហុយ​ខ្មួល សំណាងល្អ ភ្លើង​រលត់​ទៅ​វិញ ដោយមាន​បងប្អូន​ប្រជាពលរដ្ឋ​ជុំវិញ​ប្រើប្រាស់​ទុយយោ​ទឹក ដងទឹក បាញ់​ជះ និង​ប្រើប្រាស់​បំពង់​ពន្លត់​អគ្គិភ័យ ជួយ​ពន្លត់​ឲ្យ​ភ្លើង​រលត់​ទៅវិញ។ សម្ភារៈ​ប្រើប្រាស់​មួយ​ចំនួន​ខូចខាត ដាច់​ធ្លាក់​ពិតាន តែ​មិន​បង្ក​ឲ្យ​អ្នក​ណា​រងរបួស​ឡើយ ភ្លើង​បាន​រលត់ទៅវិញ មុន​ឡានទឹក​ទៅដល់​បន្តិច៕

ដោយ ៖ វិទូ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114