ព័ត៍មានទាន់​ហេតុការណ៏
Search

ទីក្រុង​ហុងកុង​ ប្ដេជ្ញា​បន្ត​ជំរុញ​សេចក្តី​ព្រាងច្បាប់​បត្យាប័ន​ថ្វីបើ​មាន​ការ​តវ៉ា​ដ៏​ធំ

មេដឹកនាំ​ទីក្រុង​ហុងកុង​ដែល​គាំទ្រ​ទីក្រុង​ប៉េកាំង​បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​ថា លោកស្រី​គ្មាន​ផែនការ​លុបចោល​គម្រោង​ដ៏​ចម្រូងចម្រាស​មួយ​ក្នុងការ​អនុញ្ញាត​ឲ្យ​ធ្វើ​បត្យាប័ន​ទៅ​ចិនដីគោក​ទេ​។ លោកស្រី​បានលើកឡើង​បែបនេះ​មួយថ្ងៃ​បន្ទាប់ពី​ហ្វូងមនុស្ស​ដ៏​ធំ​បាន​ចេញ​មក​ប្រឆាំង​នឹង​សំណើ​នេះ។

នាយក​ប្រតិបត្តិ​លោកស្រី Carrie Lam បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​ថា “​នេះ​ជា​ច្បាប់​មួយ​ដ៏​សំខាន់​ដែល​នឹង​ជួយ​រក្សា​យុត្តិធម៌​ហើយ​ធានាថា ទីក្រុង​ហុងកុង​នឹង​បំពេញ​កាតព្វកិច្ច​អន្តរជាតិ​របស់ខ្លួន​ទាក់ទង​នឹង​បទល្មើស​ឆ្លងដែន​និង​អន្តរជាតិ​”​។​

រដ្ឋាភិបាល​ទីក្រុង​នេះ​កំពុង​ជំរុញ​សេចក្តីព្រាងច្បាប់​មួយ​តាមរយៈ​សភា​ដែល​នឹង​អនុញ្ញាត​ឲ្យ​ធ្វើ​បត្យាប័ន​ទៅកាន់​ប្រទេស​ដែល​មិនទាន់មាន​សន្ធិសញ្ញា​ជាមួយ​ខ្លួន​រួមទាំង​ចិនដីគោក​ផងដែរ​។​

សំណើ​នេះ​បាន​បង្ក​ឲ្យ​មានការ​រិះគន់​និង​ការប្រឆាំង​ក្នុង​ទីក្រុង​នេះ​ខណៈដែល​ក្រុម​អ្នកជំទាស់​មានការ​ភ័យខ្លាច​ថា ច្បាប់​នេះ​នឹងធ្វើ​ឲ្យ​មនុស្ស​ជាប់​ក្នុង​ប្រព័ន្ធតុលាការ​និង​នយោបាយ​ដ៏​ស្មុគស្មាញ​របស់​ប្រទេស​ចិន​។​

កាលពី​ថ្ងៃអាទិត្យ ហ្វូងមនុស្ស​ដ៏​ធំ​បាននាំគ្នា​ដើរ​ក្បួន​ក្រោម​កំដៅថ្ងៃ​តាម​ដងផ្លូវ​នៃ​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​មួយ​នេះ​ជាមួយនឹង​ការតវ៉ា​ចម្រុះ​ពណ៌​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​លុបចោល​ច្បាប់​បត្យាប័ន​តាម​ការគ្រោង​ទុក​របស់ខ្លួន​។​

ក្រុម​អ្នករៀបចំ​បាន​និយាយថា មនុស្ស​ប្រមាណ​មួយ​លាន​នាក់​ បាននាំគ្នា​ចេញមក​តវ៉ា​ដែល​វា​បាន​ក្លាយ​ទៅជា​ការ​តវ៉ា​ធំ​បំផុត​ចាប់តាំងពី​ការ​ប្រគល់​ទីក្រុង​ហុងកុង​ទៅ​ឲ្យ​ប្រទេស​ចិន​ក្នុង​ឆ្នាំ​១៩៩៧​ហើយ​វា​បានបង្ហាញ​ជា​វិបត្តិ​នយោបាយ​ដ៏​ធំ​មួយ​ដល់​លោកស្រី Lam​។​

​ប៉ុន្តែ​នៅក្នុង​សេចក្តីអធិប្បាយ​ដំបូង​របស់​លោកស្រី​ចាប់តាំងពី​ការ​ប្រមូល​ផ្តុំ​គ្នា​ដ៏​ធំ លោកស្រី Lam បាន​និយាយថា លោកស្រី​គ្មាន​ផែនការ​ផ្លាស់ប្តូរ​ន័យ​របស់​ច្បាប់​បច្ចុប្បន្ន​ឬដ​កវា​ចេញពី​សភា​របស់​ទីក្រុង​នេះ​ទេ​។​

​លោកស្រី​បាន​និយាយថា “​ច្បាប់​នេះ​នឹង​បន្តធ្វើ​ការបកស្រាយ​លើក​ទី​២​របស់ខ្លួន​នៅ​ថ្ងៃទី​១២​ខែមិថុនា​”​។​

ស្របពេល​ជាមួយគ្នា​នោះ លោកស្រី Lam បាន​បដិសេធ​ការចោទប្រកាន់ ​ដែល​ថា​លោកស្រី​មិន​អើពើ​នឹង​ប្រតិកម្ម​ជា​សាធារណៈ​ហើយ​បាន​និយាយ​ថា រដ្ឋបាល​របស់​លោក​ស្រី ​បាន​ធ្វើ​សម្បទាន​ធំៗ​រួច​ទៅ​ហើយ​ដើម្បី​ធានា​ថា សេរីភាព​ពិសេស​របស់​ទីក្រុង​នេះ​នឹង​ត្រូវ​បានការ​ពារ​ហើយ​ថា ការ​ការពារ​សិទ្ធិ​មនុស្ស​របស់​សេចក្ដីព្រាង​ច្បាប់​នេះ​ បាន​បំពេញ​តាម​ស្តង់ដារ​អន្តរជាតិ​៕ AFP

ដោយ​ ៖ ​វណ្ណ​វណ្ណ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114