ព័ត៍មានទាន់​ហេតុការណ៏
Search

ពលរដ្ឋ​ខេត្ត​ប៉ៃលិន សម្ដែង​ក្តី​សប្បាយ​ចិត្ត ខណៈ​ក្រសួងសុខាភិបាល បាន​បង្កើត​កម្មវិធី​សុខភាព​ភ្នែក ធ្វើការ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ភ្នែក​ជូន​ពួកគាត់ ដោយ​មិន​គិត​ថ្លៃ រយៈពេល​៥​ថ្ងៃ​ នៅ​ខេត្ត​ប៉ៃ​លិន

​ប៉ៃលិន​ ៖​ តប​តាម​ការប្រកាស​ជូនដំណឹង​របស់​មន្ទីរ​សុខាភិបាល​ខេត្ត​ប៉ៃលិន ជាង​មួយ​សប្ដាហ៍​កន្លង​ទៅ នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​មិថុនា ឆ្នាំ​២០១៩ នេះ គេ​សង្កេតឃើញ​ប្រជាពលរដ្ឋ​ក្មេង ចាស់ ប្រុស​-​ស្រី ជាច្រើន​នាក់ បាននាំគ្នា​មក​ពិនិត្យ និង​ព្យាបាល​ជំងឺ​ភ្នែក នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន ព្រមទាំង​សម្ដែង​នូវ​ក្តី​សប្បាយរីករាយ​ចិត្ត ខណៈ​ពេល​ការ​ព្យាបាល​ជំងឺ​ភ្នែក​របស់​ពួកគាត់ មិន​ត្រូវ​បាន​គេ​យក​ថ្លៃ​សេវា​នោះ​ទេ។

ប្រជាពលរដ្ឋ ដែល​មក​ទទួល​ការពិនិត្យ និង​ព្យាបាល​ជំងឺ​ភ្នែក បាន​ឲ្យ​អ្នកយកព័ត៌មាន​យើង​ដឹង​ថា ​៖​ពួកគាត់​ពិតជា​មាន​កា​រ​គាំទ្រ ដល់​ថ្នាក់ដឹកនាំ​ក្រសួងសុខាភិបាល ដែល​បាន​ណែនាំ ដល់​ថ្នាក់ដឹកនាំ​មន្ទីរពេទ្យ​បង្អែក​ខេត្ត និង​ក្រុម​គ្រូពេទ្យ​ជំនាញ ដោយ​បង្កើត​កម្មវិធី​មនុស្សធម៌ ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ពលរដ្ឋ និង​មិន​យក​ថវិកា​ជា​បន្តបន្ទាប់​កន្លងមក​។​

ពួកគាត់​បន្ត​ថា​ ចំពោះ​ថ្ងៃ​ដំបូង​នេះ ​គឺមាន​ប្រជាពលរដ្ឋ​ភាគច្រើន ​គឺ​មនុស្ស​ចាស់ ដែលមាន​អាយុ​៥០​ឆ្នាំ​ឡើងលើ មិន​ត្រឹមតែ​មនុស្ស​ចាស់​នោះទេ សូម្បីតែ​កូនក្មេង ដែលមាន​បញ្ហា​ភ្នែក​ក៏​មក​ពិនិត្យ និង​ព្យាបាល​ជំងឺ​នៅទីនេះ ហើយ​ការពិនិត្យ និង​ព្យាបាល​នេះ​មាន​រយៈពេល​៥​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​១៤ ខែ​មិថុនា ឆ្នាំ​២០១៩ នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន។

​ពួកគាត់​ពិតជា​មានចិត្ត​សប្បាយរីករាយ​យ៉ាងខ្លាំង ខណៈពេលដែល​ក្រសួងសុខាភិបាល បាន​បង្កើត​កម្មវិធី​សុខភាព​ភ្នែក និង​ព្យាបាល​ដល់​ពួកគាត់​ដោយ​មិន​យក​ថ្លៃ​សេវា​ដូច្នោះ ជាមួយគ្នានេះ ​ពួកគាត់ ក៏​សំណូមពរ ដល់​ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន និង​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត មេត្តា​បន្ត​បង្កើត​កម្មវិធី​មនុស្សធម៌ បើក​ការពិនិត្យ​ព្យាបាល​ជំងឺ​ភ្នែក​នេះ​ជា​បន្ត​ទៀត ដើម្បី​ជួយ​កាត់បន្ថយ​ការ​ចំណាយ ទៅលើ​សេវា​ព្យាបាល​ជំងឺ របស់​ពួកគាត់​ជា​ពលរដ្ឋ​ក្រីក្រ ហើយ​ខ្វះ​លទ្ធភាព​ចំណាយ​ទៅ​លើ​សេវា​ព្យាបាល​ជំងឺ​មួយ​នេះ​ផងដែរ​។​

​ពាក់ព័ន្ធ​បញ្ហា​ខាងលើនេះ ត្រូវបាន​លោក អាង នាង ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ប៉ៃលិន មាន​ប្រសាសន៍​ឲ្យ​ដឹងថា​ ការពិនិត្យ និង​ព្យាបាល​ជំងឺ​ភ្នែក​នេះ មាន​រយៈពេល​៥​ថ្ងៃ ចាប់ពី​ថ្ងៃទី​១០ ដល់​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០១៩ នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន ដោយ​សហការ​ជាមួយ​ក្រុមគ្រូពេទ្យ​ភ្នែក មកពី​កម្មវិធី​ជាតិ​សុខភាព​ភ្នែក ក្រោម​ការឧបត្ថម្ភ​ដោយ មូលនិធិ​ថែរក្សា​ភ្នែក​(Eye care foundation)។​លោក​ប្រធាន​មន្ទីរ​សុខាភិបាល បាន​បន្តថា​ ការពិនិត្យ​ព្យាបាល​ជំងឺ​ភ្នែក​នេះ មិន​ប្រកាន់​បក្សពួក ឬ​និន្នាការ​នយោបាយ​អ្វី​ឡើយ ជាពិសេស​ពលរដ្ឋ ដែល​មកពី​ពិនិត្យ និង​ព្យាបាល​ជំងឺ ក៏​​មិន​ប្រកាន់​ខេត្ត​ដែរ ហើយ​ចំពោះ​ការព្យាបាល​នេះ ​ក៏​មិន​យក​ថវិកា​ដែរ។

លោក បាន​បន្តថា​ ប្រជាពលរដ្ឋ ដែលមាន​បញ្ហា​ភ្នែក​ដូចជា​ ជំងឺ​បាយ​ភ្នែក និង​កន្ទុយថ្លែន អាចមក​ធ្វើការ​ពិគ្រោះ និង​ព្យាបាល បាន​ទាំងអស់គ្នា លោក​បញ្ជាក់ថា ​៖ យ៉ាងហោចណាស់​ប្រជាពលរដ្ឋ​ ត្រូវ​មក​ទទួល​ការណែនាំ ពី​ក្រុម​គ្រូពេទ្យ​ជំនាញ ទាំង​សេវា​របស់​រដ្ឋ និង​សេវា​ផ្នែក​ឯកជន ឲ្យ​បាន​ម្តង ក្នុង​មួយ​ឆ្នាំ ដើម្បី​ចៀសវាង​ពី​ការ​ងងឹតភ្នែក ដោយសារ​ការធ្វេសប្រហែស ឬ មិនដឹង​ពី​ភាព​ថែទាំ​សុខ​ភាព​ភ្នែក​ឲ្យ​បានល្អ ខណៈ​អត្រា​ក្នុងការ​ព្យាបាល​ជំងឺ​ភ្នែក​ឲ្យ​ជាសះស្បើយ​មាន​រហូតដល់​៨០​ភាគរយ និង​ពិបាក​ក្នុងការ​ព្យាបាល​ឲ្យ​ដាច់​ស្រឡះ​មាន​ត្រឹមតែ​២០​ភាគរយ​ប៉ុណ្ណោះ​។​

ជាមួយគ្នានេះ​ លោក​ក៏​សូម​អំពាវនាវ ឲ្យ​ប្រជាពលរដ្ឋ​ក្មេង ចាស់ ប្រុស ស្រី ​នៅ​មូលដ្ឋាន​នានា ​ក្នុង​ខេត្ត និង​ប្រជាពលរដ្ឋ​ទូទៅ ប្រញាប់​រួសរាន់​មក​ពិនិត្យ​ភ្នែក និង​ព្យាបាល​ជំងឺ​ភ្នែក ឲ្យ​បាន​ទាន់​ពេល ព្រោះ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន នឹង​ទទួល​ពិនិត្យ​ជំងឺ​ភ្នែក និង​ព្យាបាល​ជំងឺ​ដោយ​មិន​គិត​ថ្លៃ​សេវា​ផងដែរ៕​

ដោយ ៖ សេង សុវណ្ណារិទ្ធ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114