ព័ត៍មានទាន់​ហេតុការណ៏
Search

លោក​ឧត្ដមសេនីយ៍ឯក ឌី វិជ្ជា ឲ្យ​មេធាវី​សិក្សា​ផ្លូវច្បាប់ ដើម្បី​ប្ដឹង​ទណ្ឌិត សម រង្ស៊ី ទៅ​តុលាការ​

​ភ្នំពេញ ​៖​ លោក​ឧត្ដមសេនីយ៍ឯក ឌី វិជ្ជា កូនប្រុស​របស់​នាយ​ឧត្ដមសេនីយ៍ ហុក ឡងឌី អតីត​អគ្គស្នងការ​នគរបាល​ជាតិ បាន​អះអាងថា លោក​កំពុង​ឲ្យ​មេធាវី​សិក្សា​ផ្លូវច្បាប់ និង​រៀបចំ​ឯកសារ ដើម្បី​ប្ដឹង​ទណ្ឌិត សម រង្ស៊ី ទៅ​តុលាការ ទាក់ទង​ករណី ដែល​អតីត​មេដឹកនាំ​បក្សប្រឆាំង​រូបនេះ លើកឡើង​ពី​ករណី​ស្លាប់​ឪពុក​របស់​លោក ហើយ​ថា នោះ​គឺជា​ការ​មួលបង្កាច់ ប្រឌិត​ព័ត៌មាន និង​ញុះញង់​បំបែកបំបាក់​ផ្ទៃក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​តែប៉ុណ្ណោះ​។​

លោក​ឧត្ដមសេនីយ៍ឯក ឌី វិជ្ជា មាន​ប្រសាសន៍​បែបនេះ​ទៅកាន់​អ្នកសារព័ត៌មាន​កាលពី​ថ្ងៃអាទិត្យ ទី​០៩ ខែមិថុនា ឆ្នាំ​២០១៩ និង​បន្ទាប់ពី​ទណ្ឌិត សមរង្ស៊ី កាលពី​ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​២០១៩ បាន​បង្ហោះ​សារ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ដោយ​ប្រើ​សម្តី​ញុះញង់ និង​បំបែកបំបាក់​ផ្ទៃក្នុង​របស់​គណបក្ស​ប្រជាជន​កម្ពុជា ឲ្យ​មានការ​យល់ច្រឡំ​ពី​សំណាក់​ប្រជាពលរដ្ឋ មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ។

លោក​ឧត្ដមសេនីយ៍ឯក ឌី វិជ្ជា លើកឡើងថា ក្នុងនាម​ខ្លួន​លោក​ផ្ទាល់ ឌី វិជ្ជា ជា​កូនប្រុស​របស់​អតីត​អគ្គស្នងការ​នគរបាល​ជាតិ នាយ​ឧ​ត្ត​ម​សេនីយ៍ ហុក ឡងឌី លោក​កត់សម្គាល់​ឃើញ​ថា កន្លងមក​បុគ្គល​ទណ្ឌិត សម រង្ស៊ី និង​បក្ខពួក បាន​ព្យាយាម​បង្ក​ចលាចល ដោយ​ការផ្សព្វផ្សាយ​ព័ត៌មាន​ប្រឌិត ញុះញង់ ធ្វើ​ឲ្យ​មតិ​ជាតិ និង​អន្តរជាតិ​មានការ​ភ័ន្តច្រឡំ ជុំវិញ​ការ​ស្លាប់​របស់​ឪពុក​លោក កាលពី​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០០៨​កន្លងទៅ​។ លោក​បញ្ជាក់ថា “​ការស្លាប់​របស់​ឪពុក​ខ្ញុំ ក្នុង​ឧបទ្ទវហេតុ​ធ្លាក់​ឧទ្ធម្ភាគចក្រ ដោយសារ​កត្តា​អាកាសធាតុ ត្រូវបាន​ទណ្ឌិត សម រង្ស៊ី យកទៅ​ធ្វើជា​ឧបាយកល​ទុច្ចរិត​ក្នុង​ការ​បម្រើ​មហិច្ឆតា នយោបាយ​របស់​ខ្លួន​ឥត​អៀនខ្មាស និង​ងងឹត​ងងុល​ហ៊ាន​ប្រើ​ឈ្មោះ​របស់​សព ដើម្បី​ប្រឌិត​រឿង​បំបែកបំបាក់​ផ្ទៃក្នុង​នៃ​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល ក៏ដូចជា​ក្រុមគ្រួសារ​របស់ខ្ញុំ​ផ្ទាល់​”​។​

​តាម​លោក​ឧត្ដមសេនីយ៍ឯក ឌី វិជ្ជា នេះ​មិនមែនជា​រឿងលើក​ទីមួយ​ទេ ដែល​ទណ្ឌិត សម រង្ស៊ី ហ៊ាន​ប្រឌិត​ព័ត៌មាន​មិន​ពិត និង​បង្កើត​ព័ត៌មាន​ញុះញង់ ដើម្បី​បំផ្លាញ​ស្ថិរភាព​សង្គម និង​សាមគ្គីភាព​ជាតិ​។ ជាក់ស្ដែង​ដូច​កន្លងមក មានការ​បង្កើត​គណនី​ហ្វេ​ស​ប៊ុ​ក​ក្លែងបន្លំ​ឈ្មោះ​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល វាយប្រហារ​ទៅលើ​ប្រមុខ​រាជរដ្ឋាភិបាល និង​ញុះញង់​ឲ្យ​យោធា​ធ្វើ​សកម្មភាព ផ្ដួលរំលំ​រដ្ឋាភិបាល​ជាដើម ហើយ​ការនិយាយ​ផ្ដេសផ្ដាស​គ្មាន​ការពិត និង​ខ្វះ​ការទទួលខុសត្រូវ បាន​ក្លាយទៅជា​ទម្លាប់​របស់​ទណ្ឌិត សម រង្ស៊ី ទៅហើយ​។ ពាក់ព័ន្ធ​នឹង​ករណីនេះ លោក​កំពុង​ឲ្យ​មេធាវី​សិក្សា និង​ពិនិត្យមើល​រៀបចំ​ឯកសារ ដើម្បី​ប្ដឹង​ទណ្ឌិត​រូបនោះ​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​០២ ខែមិថុនា ឆ្នាំ​២០១៩ លោក សម រង្ស៊ី បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ផ្លូវការ​របស់ខ្លួន​ថា សម្តេច​តេ​ជោ ហ៊ុន សែន ជា​អ្នក​សម្លាប់​នាយ​ឧ​ត្ត​ម​សេនីយ៍ ហុក ឡងឌី អតីត​អគ្គស្នងការ​នគរបាល​ជាតិ តាមរយៈ​ការដាក់​គ្រាប់បែក​ឲ្យ​ផ្ទុះ ក្នុង​ឧទ្ធម្ភាគចក្រ (Helicopter) នៅពេលដែល​កំពុងតែ​ហោះហើរ លើ​ខេត្តស្វាយរៀង កាលពី​ថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ​២០០៨ ហើយ​ការសម្លាប់​នេះ ដោយសារតែ​នាយ​ឧ​ត្ត​ម​សេនីយ៍ ហុក ឡងឌី ហុក ឡង់ឌី ដឹង​រឿង​ច្រើនពេក ហើយ​បច្ចុប្បន្ន លោក​ឧត្ដមសេនីយ៍ ឌី វិជ្ជា ជា​កូនប្រុស​ច្បង របស់​នាយ​ឧ​ត្ត​ម​សេនីយ៍ ហុក ឡងឌី កំពុងតែ​គិតគូរ​អំពី​ផែនការ​សងសឹក ហើយ​ថា សម្ដេច​ក្រឡាហោម ស ខេង បានរៀបចំ​ផែនការ​ផ្តួលរំលំ​រាជរដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន ទៀតផង​។​

​ដោយ​សារ​តែ​ការលើកឡើង​បែបនេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ឲ្យ​មេធាវី​រៀបចំ​ឯកសារ​ប្ដឹង​ទណ្ឌិត​សម រង្ស៊ី ទៅកាន់​តុលាការ​ប្រទេស​បារាំង ដើម្បី​ស្វែងរក​យុត្តិធម៌​៕

ដោយ ៖ ​កោះ​កែវ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114