ព័ត៍មានទាន់​ហេតុការណ៏
Search

រថយន្ត​ដឹក​ដី ​បើក​លឿន​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ បណ្តាល​ឲ្យ​យុវជន​ម្នាក់​ស្លាប់​នៅ​នឹង​កន្លែង

សៀមរាប ​៖ ​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា រថយន្ត​ដឹក​ដី​មួយ​គ្រឿង​បាន​បើក​បោះពួយ​ក្នុង​ល្បឿន​យ៉ាង​លឿន​ជ្រុល​ទៅ​បុក​ម៉ូតូ​មួយគ្រឿង ចំ​ពីក្រោយ​ពេញទំហឹង បណ្តាល​ឲ្យ​យុវជន​ម្នាក់​ស្លាប់​នៅនឹងកន្លែង​។​ឯ​អ្នកបើកបរ​ចុះ​រត់​គេចខ្លួនបាត់​។

ហេតុការណ៍​នេះ​ កើតឡើង​នៅ​វេលា​ម៉ោង​៦និង៥០​នាទី​ព្រឹក ​ថ្ងៃទី១០ ខែមិថុនា​ ឆ្នាំ​២០១៩ នៅ​ភូមិ​គោក​ត្រាច ឃុំ​បាគង ស្រុក​ប្រាសាទបាគង តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦។

លោក​វរសេនីយ៍ឯក មិន ចន្ថា អធិការ​នគរបាល​ស្រុក​ប្រាសាទបាគង បាន​ឲ្យ​ដឹង​ថា មាន​ករណី​រថយន្ត​ដឹក​ដី​ម៉ាក ហ៊ី​យិន​ដែ​ ពណ៌​ស ពាក់​ស្លាក​លេខ​ចង្កូត​ស្តាំ​ SR0119 បើកបរ​ដោយ​ឈ្មោះ​មិន​ស្គាល់​បើកបរ​មាន​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​បុក​ជាមួយ​ម៉ូតូ​ម៉ាក​ហុងដា​ស៊េរី​០៧​ ពណ៌​ខ្មៅ​ ស្លាក​លេខ​បន្ទាយមានជ័យ​1D-1284 បើកបរ​ដោយ​ឈ្មោះ​រឿន រ៉​ន ភេទ​ប្រុស ​អាយុ​១៦​ឆ្នាំ ​ភូមិ​គោក​ត្រាច ​ឃុំបាគង​ បើកបរ​មាន​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​បណ្តាល​ឲ្យ​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ​(​ក្នុងទិសដៅ​ស្របគ្នា​)​។

លោក​បន្ត​ថា ក្រោយពេល​កើតហេតុ​រួច​អ្នកបើកបរ​រថយន្ត​ចុះ​រត់​គេច​ខ្លួន​បាត់​។​ មូលហេតុ មកពី​អ្នកបើកបរ​រថយន្ត​ដឹក​ដី​មាន​ល្បឿន​លឿន​ខ្វះ​ការប្រុងប្រយ័ត្ន។

បន្ទាប់ពី​ត្រួតពិនិត្យ​នៅ​កន្លែង​កើតហេតុ​រួច​កម្លាំង​នគរបាល​ជំនាញ​នៃ​ស្រុក​ប្រាសាទបាគង បាន​អូស​យក​វត្ថុ​តាង​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ស្រុក​ដើម្បី​ដោះស្រាយ​តាមផ្លូវ​ច្បាប់​។​ ចំណែក​សព​ជនរងគ្រោះ​ត្រូវ​បាន​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​៕
កុសល



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114