ព័ត៍មានទាន់​ហេតុការណ៏
Search

អាជ្ញាធរ​ខណ្ឌ​ដូនពេញ​នៅ​តែ​ប្រើ​វិធានការ​ក្ដៅ​ចំពោះ​អ្នក​ដែល​រំលោភ​ចិញ្ចើម​ផ្លូវ​មក​ធ្វើ​អាជីវកម្ម​ផ្ទាល់ខ្លួន

ភ្នំពេញ​ ៖​ ដោយសារតែ​បងប្អូន​ប្រជាពលរដ្ឋ​មួយ​ចំនួន​មិន​គោរព​តាម​សេចក្តី​ជូនដំណឹង​ក៏ដូចជា​ការណែនាំ​របស់​អាជ្ញាធរ​មូលដ្ឋាន​ ដូច្នេះ​ហើយ​ក្នុងនាម​អាជ្ញាធរ​ខណ្ឌ​ដូនពេញ​នៅតែ​បន្ត​ប្រើប្រាស់​វិធានការ​ក្តៅ ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ ​ដែល​រំលោភ​យក​ផ្លូវ​សាធារណៈ​យក​មក​ប្រើប្រាស់​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​នោះ។

ជាក់ស្ដែង​នៅ​ថ្ងៃ​ច័ន្ទ ៨ កើត​ខែជេស្ឋ​ឆ្នាំកុរ​ឯកស័ក​ពុទ្ធសករាជ ២៥៦៣ ទៅ​ថ្ងៃទី ១០ ខែមិថុនា ឆ្នាំ​២០១៩ វេលា​ម៉ោង ៨ និង ៣០​នាទី​ព្រឹក លោក សុខ ពេញ​វុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ បាន​ចាត់​ឲ្យ​កម្លាំង​ប្រជា​ការពារ ខណ្ឌ​ដូនពេញ បន្ត​ចុះ​រៀបចំ​សន្តិសុខ​សណ្ដាប់ធ្នាប់​អនាម័យ​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​៩៣ ផ្លូវ​លេខ​៦៨ ផ្លូវ​លេខ​៨៨​តីរវិថី​ស៊ីសុវត្ថិ ស្ថិតនៅ​ក្នុង​សង្កាត់​ស្រះចក​ខណ្ឌ​ដូនពេញ និង សង្កាត់​វត្តភ្នំ។

ជា​លទ្ធផល​នៃ​ការ​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​នេះ​ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ដូនពេញ​បាន ដកហូត​សម្ភារៈ​មួយ​ចំនួន​មាន​ដូច​ជា ស្ទូច​រថយន្ត​ ចំនួន​០៤​គ្រឿង រទេះ​មី​ឆា​មួយ​ ដែល​ដាក់​តាំង​លក់​នៅ​លើ​ចិញ្ចើម​ផ្លូវ​សាធារណៈ យក​មក​រក្សាទុក​នៅ សាលា​ខណ្ឌ​ដូនពេញ។

ក្នុង​ការ​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​នេះ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ដូនពេញ បាន​ធ្វើការ​ប្រកាស​ជូន​ដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ ដែល​កំពុងតែ​រំលោភ​យក​ផ្លូវថ្នល់​សាធារណៈ​ មក​ប្រកប​អាជីវកម្ម​ផ្ទាល់ខ្លួន ​ត្រូវ​ប្រកប​អាជីវកម្ម តាម​គំនូស​ដែល​រដ្ឋបាល​ខណ្ឌ​ដូនពេញ បាន​កំណត់​ជូន ក្នុង​ករណី​​​បងប្អូន​ប្រជាពលរដ្ឋ​មិន​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​ខណ្ឌ, អាជ្ញាធរ​ខណ្ឌ នឹង​ប្រើប្រាស់​វិធានការ​រដ្ឋបាល​ដោយ​ដកហូត​សម្ភារៈ​ទាំងនោះ​យក​មក​រក្សាទុក​នៅ​សាលា​ខណ្ឌ​ដូនពេញ។

ជាមួយ​គ្នា​នោះ​ដែរ​ អាជ្ញាធរ​ខណ្ឌ​ដូនពេញ​សង្ឃឹម​ជឿជាក់​យ៉ាង​មុតមាំ​ថា​ បងប្អូន​ប្រជាពលរដ្ឋ​ នឹង​ចូលរួម​សហការ​ជាមួយ​​​អាជ្ញាធរ​ខណ្ឌ​ ដើម្បី​កាត់បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​​​ នៅ​ក្នុង​ទីក្រុង​របស់​យើង​ទាំង​អស់​គ្នា​ជាក់​ជា​មិន​ខាន​ឡើយ៕

ដោយ ៖ ​រស្មី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114