ព័ត៍មានទាន់​ហេតុការណ៏
Search

ម្ចាស់​រវល់​ជាប់ដៃ​អ៊ុតសក់​ឲ្យ​ភ្ញៀវ ចោរ​ឆ្លៀត​ឆក់​កាបូប តែ​រត់​មិន​រួច​

ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​មិនដឹង​ជា​ដាច់យ៉ៃ​មកពីណា​ពិតជា​ដៃ​រហ័ស​ចិត្តហ៊ាន​មែន ខណៈដែល​ម្ចាស់​កំពុង​ជាប់ដៃ​រវល់​អ៊ុតសក់​ឲ្យ​ភ្ញៀវ ចូលទៅ​ឆក់​កាបូប​លុយ​ដល់​ក្នុង​តូប បាន​ហើយ​រត់គេចខ្លួន តែ​មិន​រួច ម្ចាស់​ស្រែក​ឆោឡោ ផ្អើល​ប្រជាពលរដ្ឋ​ក្បែរ​ខាង ស្រប​ពេលដែល​កម្លាំង​ល្បាត​ទៅដល់ ដេញ​ចាប់ខ្លួនបាន​ភ្លាមៗ កាលពី​វេលា​ម៉ោង​១​រសៀល ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៩ ស្ថិតនៅ​តូប​អ៊ុតសក់ ក្នុង​ផ្សារ​តាំង​កសាង​ចាស់ ភូមិ​ចំការឪឡឹក​១ សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

ជនសង្ស័យ​ឈ្មោះ ម៉ៅ ពុទ្ធា​រ៉ា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ រស់នៅ​ភូមិ​តា​ងួន​២ សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ចំណែក​ស្ត្រី​រងគ្រោះ​ឈ្មោះ និ​ញ ឆៃ​វី ភេទ​ស្រី អាយុ​៣៥​ឆ្នាំ មុខរបរ ជាង​អ៊ុតសក់ តូប​កើតហេតុ ស្នាក់នៅ ចំការឪឡឹក​១ សង្កាត់​កា​កាប​១។

តាម​ស្ត្រី​រងគ្រោះ បាន​ឲ្យ​ដឹងថា មុន​កើតហេតុ ខណៈ​ដែល​កំពុង​ជាប់ដៃ អ៊ុតសក់​ឲ្យ​ភ្ញៀវ កូនស្រី​តូច​ដេក​លេង​នៅ​លើ​កៅអី​ក្នុង​តូប ខាងមុខ​ហើយ​ដាក់​កាបូប​លុយ​នៅក្បែរ​ខ្លួន ស្រាប់តែ​នៅវេលា​ម៉ោង​ខាងលើ ជនសង្ស័យ​ដើរមក​ដល់ ឆ្លៀតឱកាស ចូលទៅ​ឆក់​យក​កាបូប​លុយ បាន​ហើយ​រត់គេចខ្លួន​។

ដោយសារ​ឃើញ​ភ្លាមៗ ស្រែក​ផ្អើល​ពលរដ្ឋ​ក្បែរ​ខាង និង​សមត្ថកិច្ច ក្បែរ​នោះ​នាំគ្នា ដេញ​ចាប់ខ្លួនបាន នាំយកទៅ​ប៉ុស្តិ៍ សាកសួរ​និង​កសាង​សំណុំរឿង​បញ្ជូនទៅ​ផ្នែក​ជំនាញ​អធិការដ្ឋាន​ប​ន្ត​តាម​នីតិវិធី៕
វិទូ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114