ព័ត៍មានទាន់​ហេតុការណ៏
Search

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ដាក់​ញត្តិ​ទៅ​រដ្ឋសភា ដើម្បី​ទាមទារ​កុំ​ឲ្យ​លុប​បឹង​តា​មោក

ភ្នំពេញ​ ៖ តំណាង​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ចំនួន​៧​នាក់ ដឹកនាំ​ដោយ​លោក យ៉េ​ង វីរៈ ជា​ប្រធាន​គណបក្ស កាលពី​ព្រឹក​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៩ នេះ បាន​យក​ញត្តិ​ទៅ​ដាក់​សុំ​អន្តរាគមន៍​ពី​ស្ថាប័ន​រដ្ឋសភា ដើម្បី​ស្នើសុំ​កុំ​ឲ្យ​លុប​បឹង​តា​មោក ដែល​គណបក្ស​នេះ​អះអាង​ថា ជា​បឹង​ដ៏​ធំ ចុងក្រោយ​តែមួយគត់​របស់​រាជធានី​ភ្នំពេញ សម្រាប់​គម្រោង​អភិវឌ្ឍន៍​ផ្សារ​បន្លែ និង​គម្រោង​អភិវឌ្ឍន៍​ផ្សេងៗ​ទៀត​។

លោក យេ​ង វីរៈ បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន ក្រោយ​ចេញពី​រដ្ឋសភា​វិញ​ថា បឹង​តា​មោក គឺជា​បឹង​ធម្មជាតិ​ចុងក្រោយ ធំ​ជាង​គេ​របស់​រាជធានី​ភ្នំពេញ ហើយ​កន្លងមក​ឃើញ​មានការ​លុប​បឹង​ជា​បន្តបន្ទាប់ ដូចជា​បឹង​កក់​ជាដើម ដោយ​បាន​អះអាង​ថា នឹង​ទុក​ចំណែក​ខ្លះ​នៃ​បឹង ប៉ុន្តែ​ទីបំផុត​ដូចជា​មិនឃើញ​មានទុក្ខ​ទាល់តែសោះ​។ ចំណែក សជណ បាន​កំណត់​ឲ្យ​លុប​ទំហំ​ចំនួន​ប៉ុណ្ណេះ ឬ​ប៉ុណ្ណោះ​ជាដើម តែ​មិនដែល​ឃើញ​មាន​ទុក​ទេ គឺ​លុប​អស់​តែ​ម្តង​។

ដោយឡែក​ករណីនេះ នៅពេល​ទទួល​ព័ត៌មាន​ពី​ការ​លុប​បឹង​តា​មោក​នេះ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ក៏​មាន​ការ​បារម្ភ អំពី​ការ​លុប​បឹង​នេះ ដូច្នេះហើយ​ទើប​គណបក្ស​របស់​លោក បានសម្រេច​សរសេរ​លិខិត​នេះ ទៅ​ជូន​ប្រធានរដ្ឋសភា ដើម្បី​ស្នើសុំ​អន្តរាគមន៍ ដើម្បី​ឲ្យ​រាជរដ្ឋាភិបាល​ធ្វើការ​បំភ្លឺ​អំពី​ផែនការ (​ម៉ា​ស័​រ​ផ្លែ​ន​) ក្នុង​ការ​អភិវឌ្ឍ​បឹង​តា​មោក​នេះ​។

តាម​លោក យ៉េ​ង វីរៈ បាន​អះអាង​ថា ការ​លុប​បឹង​នេះ មាន​ផល​ប៉ះពាល់​ច្រើនណាស់ ដូច្នេះហើយ​ទើប​គណបក្ស​របស់​លោក​ស្នើសុំ​ឲ្យ​រាជរដ្ឋាភិបាល​ធ្វើការ​បំភ្លឺ ថា​តើ​ការ​អភិវឌ្ឍ​នោះ ដើម្បី​ជា​ផលប្រយោជន៍​អ្វី ហើយ​មាន​ផលប៉ះពាល់​អ្វីខ្លះ​។

ទាក់ទង​បញ្ហា​នេះ កម្ពុ​ជាថ្មី​មិនទាន់​អាច​សុំ​ការ​បញ្ជាក់​ពី​ស្ថាប័ន​ពាក់ព័ន្ធ​នៅឡើយ​ទេ ចំណែក​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល លោក ផៃ ស៊ី​ផាន បាន​អះអាង​ថា លោក​មិន​បានដឹង​រឿង​នេះ​ទេ ហើយ​បាន​ឲ្យ​សួរ​ទៅ​ខាង​ក្រសួង​ជន​ធាន​ទឹក និង​ក្រសួង​ដែនដី នគររូបនីយកម្ម និង​សំណង់​វិញ បើតាម​លោក យេ​ង វីរៈ លិខិត​សុំ​អន្តរាគមន៍​នេះ ខាង​រដ្ឋបាល​សភា​បាន​ទទួល​ហើយ តែ​មិនទាន់​បាន​បញ្ជាក់​ពី​ពេលវេលា​នៃ​ការ​ឆ្លើយតប​វិញ​នោះ​ទេ តែ​បញ្ជាក់​ថា នឹង​បញ្ជូន​លិខិត​នេះ​ទៅតាម​នីតិ​វិធី​។

ចំណែក​លោក ម៉េ​ត មាស​ភក្ដី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា ការបារម្ភ​ពី​ការ​ចាក់ដី​លុប​បឹង​តា​មោក គឺជា​សិទ្ធិ​របស់​គាត់ តែ​ពុំ​មាន​ការ​ចាក់ដី​លុប​បឹង​តា​មោក​លើស​ពី​ចំនួន ដែល​សាលា​រាជធានី​ភ្នំពេញ ស្នើសុំ​ពី​រដ្ឋាភិបាល​នោះ​ទេ ដូច្នេះ​គាត់​បារម្ភ​យ៉ាងម៉េច យល់​យ៉ាងម៉េច ជា​រឿង​របស់គាត់ ហើយ​កន្លងមក​យើង​ធ្លាប់​បំភ្លឺ​អស់ហើយ​។

សូម​បញ្ជាក់​ថា បឹង​តា​មោក ស្ថិត​ក្នុង​ខណ្ឌ​ព្រែក​ព្នៅ ត្រូវ​បាន​រាជ​រដ្ឋាភិបាល​ សម្រេច​ប្រកាស​គម្រោង​ធ្វើការ​អភិវឌ្ឍ​ជា​ផ្សា​របោះ​ដុំ​បន្លែ ដោយ​ផ្ទេរ​ចេញពី​ផ្សារ​ដ​ដើម​គរ និង​ចំណតរថយន្ត​ខ្នាត​ធំ ដោយ​តម្រូវ​ចាក់ដី​លុប​បឹង​ទំហំ​២០​ហិកតា រួម​ជាមួយនឹង​គម្រោង​សាងសង់​អាងទឹក​ដ៏​ធំ​ប្រចាំ​តំបន់ ហើយ​ក្រៅពីនេះ ក៏​មាន​គម្រោង​របស់​ក្រុមហ៊ុន​អភិវឌ្ឍ​វិស័យ​លំនៅឋាន ឆ្ពោះទៅកាន់​តំបន់​នេះ​ផង​ដែរ៕
កោះ​កែវ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114