ព័ត៍មានទាន់​ហេតុការណ៏
Search

លោក អូន ព័ន្ធមុនីរ័ត្ន កត់​សម្គាល់​ថា ម៉ាឡេស៊ី គឺជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​មួយ​របស់​កម្ពុជា

ភ្នំពេញ ​៖ លោក​អគ្គបណ្ឌិត​សភាចា​រ្យ​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បាន​ចាត់ទុកថា ម៉ាឡេស៊ី គឺជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​មួយ​របស់​កម្ពុជា ជាមួយ​នោះ​លោក​បាន​ថ្លែងអំណរគុណ ចំពោះ​រដ្ឋាភិបាល​និង​ប្រជាជន​ម៉ាឡេស៊ី ដែល​បាន​ជួយឧបត្ថម្ភ​គាំទ្រ​ដល់​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា និង​បាន​រួម​វិភាគទាន​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​នៅ​កម្ពុជា។ រាជរដ្ឋាភិបាល​កម្ពុជា សូម​ស្វាគមន៍​ចំពោះ​ការ​វិនិយោគ​បន្ថែម​ទៀត​នៅ​កម្ពុជា​ពី​សំណាក់​ក្រុមហ៊ុន​វិនិយោគទុន​ម៉ាឡេស៊ី។

រាជរដ្ឋាភិបាល​កម្ពុជា ផ្តល់​ប្រព្រឹត្ត​កម្ម​ស្មើភាព​គ្នា ចំពោះ​គ្រប់​ក្រុមហ៊ុន​ដែល​វិនិយោគ​នៅ​កម្ពុជា។
លោក​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន បាន​ធ្វើ​ការ​កត់សម្គាល់​បែបនេះ ក្នុង​ឱកាស​ដែលលោក​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​លោក Eldeen Husaini BIN MOHD HASHIM ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​ប្រទេស​ម៉ាឡេស៊ី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ទីស្តីការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។

នៅក្នុង​ជំនួប​ពិភាក្សា​នោះ លោក​អគ្គបណ្ឌិត​សភាចា​រ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បាន​សម្តែង​នូវ​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ជូន​ចំពោះ​លោក Eldeen Husaini BIN MOHD HASHIM នាឱកាស​ដែល​លោក​ត្រូវ​បាន​រដ្ឋាភិបាល​នៃ​ប្រទេស​ម៉ាឡេស៊ី តែងតាំង​ជា​ឯកអគ្គរាជទូត​ម៉ាឡេស៊ី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា។ លោក​អគ្គបណ្ឌិត​សភាចា​រ្យ ឧបនាយករដ្ឋមន្ត្រី ក៏បាន​គូស​បញ្ជាក់​ថា ប្រទេស​ទាំងពីរ កម្ពុជា និង​ម៉ាឡេស៊ី មាន​ចំណង​ការទូត និង កិច្ច​សហប្រតិបត្តិការ​ជា​យូរលង់​ណាស់​មក​ហើយ ទាំង​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី ក្របខ័ណ្ឌ​អាស៊ាន និង​នៅ​លើ​ឆាក​អន្តរជាតិ ហើយ​ក្នុង​នោះ​ដែរ កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យសេដ្ឋកិច្ច ហិរញ្ញវត្ថុ ពាណិជ្ជកម្ម និង​វិនិយោគ​ក៏​ត្រូវ​បាន​ពង្រឹង និង ពង្រីក​ឥតឈប់ឈរ។

លោក Eldeen Husaini BIN MOHD HASHIM ឯកអគ្គរាជទូត​ម៉ាឡេស៊ី​ប្រចាំ​កម្ពុជា បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​នៅ​កម្ពុជា និង​ថ្លែងអំណរគុណ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​តែងតែ​យកចិត្តទុកដាក់ ដល់​ក្រុមហ៊ុន​ម៉ាឡេស៊ី​ដែល​វិនិយោគ​នៅ​កម្ពុជា ទាំង​លើ​ក្របខ័ណ្ឌ​គតិយុត្តិ និង​កិច្ច​សម្រួល​ពាណិជ្ជកម្ម។ បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ម៉ាឡេស៊ី​ជាច្រើន​កំពុង​ប្រកប​ធុរកិច្ច​នៅ​កម្ពុជា​ដោយ​រលូន និង​មាន​វឌ្ឍនភាព​គួរ​ឲ្យ​កត់សម្គាល់។

​ជា​មួយ​គ្នា​នេះ មាន​ក្រុមហ៊ុន​ម៉ាឡេស៊ី​ជាច្រើន​ទៀត បាន​សម្លឹង​ឃើញ​សក្តានុពល និង​ឱកាស​វិនិយោគ​នៅ​កម្ពុជា ជាពិសេស ការវិនិយោគ ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ សំណង់​លំនៅឋាន​មាន​តម្លៃ​សមរម្យ ទេសចរណ៍ សុខាភិបាល និង​សេដ្ឋកិច្ច​ឌីជីថល។

លោក​ឯកអគ្គរាជទូត បាន​គូស​បញ្ជាក់ថា កាលពី​ឆ្នាំ ២០០៦ ទំហំ​វិនិយោគ​ផ្ទាល់ (FDI) ពី​ម៉ាឡេស៊ី​នៅ​កម្ពុជា​ស្ថិតក្នុង ចំណាត់ថ្នាក់​លេខ ១។ ក្នុង​ន័យ​នេះ រដ្ឋាភិបាល​ម៉ាឡេស៊ី​នឹង​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ម៉ាឡេស៊ី​ដាក់ទុន​វិនិយោគ​នៅ​កម្ពុជា កាន់តែ​ច្រើនឡើង​ថែមទៀត សំដៅ​ឈាន​ទៅ​មាន​ទំហំ​ទុន​វិនិយោគ​ច្រើន​ជាង​គេ​នៅ​កម្ពុជា​ជាថ្មី​ម្តងទៀត។

លោក​អគ្គបណ្ឌិត​សភាចា​រ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បាន​ជម្រាប​ជូន​ឯកអគ្គរាជទូត​ម៉ាឡេស៊ី​ថា ម៉ាឡេស៊ី គឺជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​មួយ​របស់​កម្ពុជា។ រាជរដ្ឋាភិបាល​កម្ពុជា សូម​ស្វាគមន៍​ចំពោះ ការ​វិនិយោគ​បន្ថែម​ទៀត​នៅ​កម្ពុជា​ពី​សំណាក់​ក្រុមហ៊ុន​វិនិយោគទុន​ម៉ាឡេស៊ី។ រាជរដ្ឋាភិបាល​កម្ពុជា ផ្តល់​ប្រព្រឹត្ត​កម្ម ស្មើភាព​គ្នា ចំពោះ​គ្រប់​ក្រុមហ៊ុន​ដែល​វិនិយោគ​នៅ​កម្ពុជា។

កន្លងទៅ​ថ្មីៗ​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានដាក់​ចេញ​នូវ​កញ្ចប់​កំណែទម្រង់​គ្រប់​វិស័យ ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​សម្រួល​ដល់​ពាណិជ្ជកម្ម និង​លើកកម្ពស់​ការ​ប្រកួត​ប្រជែង​របស់​កម្ពុជា។ កញ្ចប់​កំណែទម្រង់​នេះ មាន​វិសាលភាព​គ្រប​ដណ្តប់​លើ​គ្រប់​វិស័យ និង​គ្រប់​ជ្រុងជ្រោយ រួម​ទាំង​លើ​ក្របខ័ណ្ឌ​គតិយុត្តិ និង​បច្ចេកទេស។

ទន្ទឹម​នេះ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក៏បាន​រៀបចំ​ឲ្យ​មាន​យន្តការ​ដោះស្រាយ​បញ្ហា​ដែល​ជា​ឧបសគ្គ​ដល់​ធុរកិច្ច វិនិយោគ និង​ពាណិជ្ជកម្ម​ផង​ដែរ ជាពិសេស​ពាក់ព័ន្ធ​នឹង​បញ្ហា​ពន្ធគយ និង​ពន្ធដារ។ ស្រប​ពេល​ដែល​មាន​កំណើន វិនិយោគ​ពី​ម៉ាឡេស៊ី ប្រទេស​ទាំងពីរ កម្ពុជា និង​ម៉ាឡេស៊ី នឹង​ចុះ​កិច្ចព្រមព្រៀង​ស្តីពី​ការ​លុបបំបាត់​ការ​យក​យកពន្ធ​ត្រួត​គ្នា នា​ពេល​ឆាប់ៗ​ខាងមុខនេះ។

ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ លោក​អគ្គបណ្ឌិត​សភាចា​រ្យ​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បាន​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រដ្ឋាភិបាល​និង​ប្រជាជន​ម៉ាឡេស៊ី ដែល​បាន​ជួយឧបត្ថម្ភ​គាំទ្រ​ដល់​រាជរដ្ឋាភិបាល និង​ប្រជាជន កម្ពុជា និង​បាន​រួម​វិភាគទាន​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​នៅ​កម្ពុជា ហើយ​ជូនពរ​លោក​ឯកអគ្គរាជទូត​ម៉ាឡេស៊ី Eldeen Husaini BIN MOHD HASHIM សូម​បំពេញបេសកកម្ម​ការទូត​នៅ​កម្ពុជា​ប្រកបដោយ​ជោគជ័យ៕
សុជាតា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114