ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រជុំ​ពិភាក្សា​ជាមួយ​ទីប្រឹក្សាបច្ចេកទេស​កូរ៉េ (KCI) ស្តី​ពី​ទិដ្ឋភាព​បច្ចេកទេស​នៃ​ការសិក្សា​លម្អិត​គំរោង​លើក​កម្រិត​ផ្លូវជាតិ​លេខ​៤៨

ភ្នំពេញ ៖ កាលពី​ថ្ងៃ​ចន្ទ ១០​កើត ខែ​ពិសាខ ឆ្នាំកុរ ឯកស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៩ លោក សូរ វ៉ិ​ច​ទ័​រ រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​ប្រធាន​គ្រប់គ្រង និង​សម្របសម្រួល គម្រោង​ផ្លូវជាតិ​លេខ​៤៨ បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ជាមួយ​ទីប្រឹក្សាបច្ចេកទេស​កូរ៉េ (KCI) ស្តី​ពី​ទិដ្ឋភាព​បច្ចេកទេស​នៃ​ការសិក្សា​លម្អិត​គម្រោង​លើក​កម្រិត​គុណភាព​ផ្លូវជាតិ​លេខ​៤៨។

កិច្ចប្រជុំ​ពិភាក្សា​នេះ​ធ្វើឡើង ដោយមាន​ការចូលរួម​ពី សមាជិក​សមាជិកា​គម្រោង​ទីប្រឹក្សាបច្ចេកទេស​កូរ៉េ (KCI) និង​ភាគី​ពាក់ព័ន្ធ​ជាច្រើនរូប​ផងដែរ​។

កិច្ចប្រជុំ​នេះ​មាន​គោលបំណង​ដើម្បី​សម្រេច​ទៅលើ​បញ្ហា​ដែល​នៅ​សេសសល់​មួយចំនួន​កាលពី​កិច្ចប្រជុំ​លើក​មុន និង​បន្ត​ពិនិត្យ​ពិភាក្សា​លើ​របាយការណ៍​លើក​ទី​បួន​របស់​ក្រុមប្រឹក្សាបច្ចេកទេស​កូរ៉េ ដែល​បានធ្វើ​ការសិក្សា​លម្អិត​ទៅលើ​ប្លង់​គម្រោង​លើក​កម្រិត​គុណភាព​ផ្លូវជាតិ​លេខ​៤៨​។

អង្គប្រជុំ​បាន​ធ្វើ​ការ​ពិភាក្សា និង​ផ្តល់​យោបល់​ដល់​ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស​កូរ៉េ (KCI) ដើម្បី​ធ្វើការ​ពិនិត្យ​ឡើង​វិញ និង​ធ្វើការ​កែតម្រូវ​ទៅលើ​ចំនុច​បច្ចេកទេស​មួយចំនួន​ក្នុង​របាយការណ៍​ដែល​មិនទាន់​ឆ្លើយតប​ទៅនឹង​បទដ្ឋាន​បច្ចេកទេស​។

សូម​បញ្ជាក់​ឲ្យ​ដឹង​ថា ផ្លូវ​នេះ​មាន​ប្រវែង ១៥០​គីឡូម៉ែត្រ ចាប់ពី​ផ្លូវបំបែក​ស្រែអំបិល​ទៅដល់​ទី​រួម​ខេត្តកោះកុង ដែល​ទទួលរង​ការ ខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង ការ​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ និង​កត្តា​ធម្មជាតិ​ផ្សេងៗ​ទៀត ហើយ​បច្ចុប្បន្ន​កំពុង​ឋិត​ក្នុង​គម្រោង​សិក្សា​លទ្ធភាព​ស្តារ និង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង ក្រោម​ឥណទាន​ប្រាក់កម្ចី​របស់​សាធារណរដ្ឋ​កូរ៉េ​(EDCF)៕
រ៉ា​វុ​ទ្ធ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114