ព័ត៍មានទាន់​ហេតុការណ៏
Search

​កីឡាការិនី Maria Sharapova ប្រកាស​ការវិលត្រឡប់​មកកាន់​ការប្រកួត Mallorca Open ក្រោយ​រងរបួស​ស្មា​

​អតីត​កីឡាការិនី​លំដាប់ថ្នាក់​លេខ​១​ពិភពលោក Maria Sharapova បានប្រកាស​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ចន្ទ​ថា នាង​នឹង​ចូល​លេង​នៅ​ការប្រកួត Mallorca Open នា​សប្តាហ៍​ក្រោយ បន្ទាប់ពី​អវត្តមាន​រយៈពេល​៣​ខែ​ដោយសារ​បញ្ហា​របួស​ស្មា​។

កីឡាការិនី Sharapova វ័យ​៣២​ឆ្នាំ ដែលជា​ជើងឯក Grand Slam៥​ជំនាន់ បាន​អវត្តមាន​ពី​ការប្រកួត​ចាប់តាំងពី​ខែ​កុ​ម្ភៈ ក្រោយ​ទទួល​ការវះកាត់​របួស​ស្មា​របស់​នាង ដែល​ជួប​បញ្ហា​ចាប់តាំងពី​ឆ្នាំ​២០០៨​មក​។

កីឡាការិនី Sharapova បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា នាង​សប្បាយចិត្ត​ខ្លាំង​ណាស់ ក្នុងការ​ប្រកាស​ថា នាង​នឹង​ទទួលយក​សិទ្ធិ​ចូលរួម​ការប្រកួត​នៅ Mallorca Open ។​

​នាង​បន្តថា នាង​ចង់​ថ្លែងអំណរគុណ​សម្រាប់​ឱកាស​ចូលរួម​ការប្រកួត​ដែល​បានផ្តល់​ជូន​នាង ហើយ​សម្រាប់​ក្រុម​អ្នកគាំទ្រ​ដ៏​អស្ចារ្យ​របស់​នាង ដែល​បាន​គាំទ្រ​នាង​រយៈពេល​ជាច្រើន​ខែ​កន្លងមកនេះ​។

គួរ​ឲ្យ​ដឹង​ថា កីឡាការិនី Sharapova ជួប​ការលំបាក​ច្រើន​ក្នុង​ការវិល​ត្រឡប់​មក​លេង​ដល់​កម្រិត​កំពូល​វិញ ចាប់តាំងពី​អវត្តមាន​អស់​រយៈពេល​១៥​ខែ​ដោយសារតែ​បំរាម​គ្រឿងញៀន ដែល​បាន​បញ្ចប់ទៅ​កាលពី​ឆ្នាំ​២០១៧​។

ដោយឡែក សេចក្តី​ថ្លែងការណ៍​មួយ​ពី​ក្រុម​រៀបចំ​ការប្រកួត Mallorca Open បាន​ឲ្យ​ដឹង​ថា ក្រោយ​រយៈពេល​ជាច្រើន​សប្តាហ៍​នៃ​ការ​ធ្វើ​តេស្ត​នៅ Mallorca កីឡាការិនី Maria Sharapova បានសម្រេច​ចិត្ត​ទទួលយក​សិទ្ធិ​ចូលរួម​ការប្រកួត ដែល​ផ្តល់ជូន​ដោយ Mallorca Open៕
សា​រ៉ាត់



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114